អន្តរជាតិ
សភា​អាមេរិក ហៅ​លោក ត្រាំ ចូល​ឆ្លើយបំភ្លឺ​ជា​សាធារណៈ​ក្នុង​ដំណើរការ​ស៊ើបអង្កេត​ដកតំណែង​
27, Nov 2019 , 4:24 pm        
រូបភាព
លោកប្រធានាធីបតិអាមេរិក ដូណាល់ ត្រាំ (AFP)
លោកប្រធានាធីបតិអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​សភា​អាមេរិក បាន​ហៅ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទៅ​ចូល​ឆ្លើយបំភ្លឺ​ក្នុង​សវនាការ​ដើម្បី​ឈានដល់​ដកហូត​តំណែង នា​ថ្ងៃ​៤ ធ្នូ ខាងមុខ​។ ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃ​សភា​តំណាង​អាមេរិក លោក Jarrold Nadler បាន​និយាយថា លោក ត្រាំ អាច​បង្ហាញខ្លួន​នៅ​សវនាការ ឬ​ឈប់​រអ៊ូរទាំ​រឿង​ដំណើរការ​ស៊ើបសួរ​។ ម្យ៉ាងទៀត ប្រសិនបើ​លោក​សម្រេចចិត្ត​បង្ហាញខ្លួន​មែន​នោះ លោក​ប្រធានាធិបតី​នឹង​អាច​សួរ​សំណួរ​សាក្សី​។​

 
​ក្នុង​សេចក្តីថ្លែងការណ៍ ដែល​ផ្ញើ​ទៅកាន់​លោក​ត្រាំ លោក Nadler បាន​អញ្ជើញលោក​ត្រាំ​ចូល​បំភ្លឺ​នៅ​សវនាការ​ខែក្រោយ ដោយ​និយាយថា លោក​ប្រធានាធិបតី​មាន​ជម្រើស​មួយ​ដើម្បី​បង្កើត​។ ត្រង់នេះ លោក​សង្កត់ធ្ងន់ថា លោក​ដូ​ណា​ល់​ត្រាំ អាច​ចាប់យក​ឱកាស​នេះ​ដើម្បី​ចូល​ឆ្លើយបំភ្លឺ​នៅ​សវនាការ​ជា​សាធារណៈ ឬ​លោក​អាច​ឈប់​រអ៊ូរទាំ​ពី​ដំណើរការ​ស៊ើបសួរ​របស់​គណៈកម្មាធិកា​រ​សភា​ទៀត​។ លោក Nadler សង្ឃឹមថា លោក ត្រាំ ជ្រើសរើស​ការចូលរួម​ក្នុងការ​ស៊ើបសួរ ដោយផ្ទាល់ ឬ​ប្រយោល ដូចដែល​ប្រធានាធិបតី​ដទៃទៀត​ធ្លាប់ធ្វើ​កន្លងទៅ​។  
 
​ក្នុង​លិខិត​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​ដដែល​នេះ លោក Nadler និយាយថា សវនាការ​ដែល​រៀបចំ​នា​ដើមខែ​ធ្នូ​ខាងមុខនេះ នឹង​បើកឱកាស​ដើម្បី​ជជែក​ពិភាក្សា​ពី មូលដ្ឋាន​ជា​រដ្ឋធម្មនុញ្ញ និង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដំណើរការ​ដកហូត​តំណែង​ប្រធានាធិបតី​។ លោក បន្តថា​៖«​យើង​ក៏​នឹង​ពិភាក្សា​ផងដែរ​ថា​តើ​សកម្មភាព​លោក​ត្រាំ​ដែល​រង​ការចោទប្រកាន់ ធានា​ដល់​អនុវត្ត​សិទ្ធិអំណាច​របស់​សភា​តំណាង​ដើម្បី​អនុម័ត​មាត្រា​នៃ​ការចោទប្រកាន់ (impeachment) ឬ​អត់​»​។ លោក ត្រាំ មាន​ពេល​រហូតដល់​ថ្ងៃ​១​ធ្នូ ដើម្បី​សម្រេចចិត្ត​។​
 
​ប្រសិនបើ​លោក ត្រាំ សម្រេច​ចូល​ឆ្លើយបំភ្លឺ​មែន​នោះ នេះ​នឹង​ក្លាយជា​ដំណាក់កាល​ថ្មី​មួយ​ក្នុង​ដំណើរការ​ស៊ើបសួរ​ចោទប្រកាន់​ប្រធានាធិបតី ដែល​ផ្អែកលើ​ការហៅ​ទូរ​សព្ទ​រវាង​លោក​ត្រាំ និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky ។ អំឡុង​ការជជែក​គ្នា​តាមរយៈ​ទូរ​សព្ទ​នេះ លោក ត្រាំ បានស្នើ​សុំ​ឲ្យ​លោក Zelensky បើក​ការស៊ើបអង្កេត​លើ​លោក ចូ បៃ​ឌិន ដែល​បច្ចុប្បន្ន​ជា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ឈានមុខ​ម្នាក់​ក្នុងការ​បោះឆ្នោត​ឆ្នាំក្រោយ​។ ការស៊ើបអង្កេត​របស់​សភា​អា​មេ​រិ​នេះ គឺ​ព្យាយាម​រកមើល​ថា លោក ត្រាំ ពិតជា​ប្រើប្រាស់​ការគំរាមកំហែង​ផ្អាក​ជំនួយ​យោធា​អាមេរិក​ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ុយ​ក្រែ​ន​ឲ្យ​ស៊ើបអង្កេត​លោក បៃ​ឌិន និង​កូនប្រុស​ឬ​យ៉ាងណា​។ យ៉ាងណាក៏ដោយ លោក ត្រាំ បដិសេធ​ការចោទប្រកាន់​ទាំងអស់នេះ​។​
 
​កាលពី​សប្តាហ៍​មុន គណៈកម្មាធិការ​កិច្ចការ​សម្ងាត់​សភាតំណាងរាស្ត្រ (House Intelligence Committee) បានបញ្ចប់​សវនាការ​ជា​សាធារណៈ​រយៈពេល​២​សប្តាហ៍​របស់ខ្លួន​។ លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​សភា​តំណាង បាន​បញ្ជាក់ថា គណៈកម្មាធិការ​លោក កំពុងធ្វើការ​លើ​របាយ​ការណ៍​ពួកគេ ដែល​នឹង​ត្រៀម​ចេញផ្សាយ នា​ថ្ងៃ​៣ ធ្នូ ខាងមុខ​។ 
 
​ម្យ៉ាងវិញទៀត គណៈកម្មាធិការ​តុលាការ​សភា​តំណាង ដែលមាន​លោក Nadler ជា​ប្រធាន រំពឹង​ចាប់ផ្តើម​រៀបរៀង​មាត្រា​នៃ​ការចោទប្រកាន់ (Impeachment Article) ដែលជា​ការចោទប្រកាន់​ពី​កំហុស​ប្រឆាំង​លោក​ប្រធានាធិបតី នា​ដើមខែ​ធ្នូ​ខាងមុខនេះ​ផងដែរ​។ ហើយ​ក្រោយពី​មានការ​បោះឆ្នោត​មួយ​ក្នុង​សភា​តំណាង​ដែល​គ្រប់គ្រង​ដោយ​បក្ស​ប្រជាធិបតេយ្យ ការកាត់ក្តី នឹងត្រូវ​រៀបចំឡើង​ក្នុង​ព្រឹទ្ធសភា​អាមេរិក​ដែល​ដឹកនាំ​ដោយ​បក្ស​សាធារណរដ្ឋ​។ ប្រសិនបើ​លោក ត្រាំ ត្រូវបាន​ផ្តន្ទាទោស​ដោយ​សំឡេង​ភាគច្រើន​ពីរភាគបី​មែន​នោះ​(​ជា​លទ្ធផល​ដែល​មិន​ទំនង​នឹង​កើតឡើង​) លោក នឹង​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទីមួយ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​តាមរយៈ​ការចោទប្រកាន់​ដកតំណែង​។ សេត​វិមាន​អាមេរិក និង​សមាជិក​បក្ស​សាធារណរដ្ឋ ទាមទារ​ឲ្យ​ការកាត់ក្តី​លោក​ត្រាំ កំណត់​ត្រឹម​២​សប្តាហ៍​ប៉ុណ្ណោះ​៕

Tag:
 សហរដ្ឋអាមេរិក​
  សភា​
  ដូ​ណា​ល់​ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com