ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា អាត សុធាវី បង្កើតយុទ្ធនាការ«Think Plastic»ដើម្បីជួយបង្កើនចំណេះដឹងអំពីប្លាស្ទិក
× ភ្នំពេញ៖ ទិដ្ឋភាពសំរាម ជាពិសេសសំរាមប្លាស្ទិកនៅកម្ពុជា ច្រើនហួស និងមានស្ទើរគ្រប់ទីកន្លែងនៅប្រទេសកម្ពុជា បានជំរុញឲ្យកញ្ញា អាត សុធាវី បង្កើតយុទ្ធនាការមួយ ឈ្មោះថា«Think Plastic» នៅដើមឆ្នាំ២០១៩។ ក្នុងយុទ្ធនាការនេះ កញ្ញា អាត សុធាវី បានផលិតជាវីដេអូខ្លីៗ បង្ហាញពីផលប៉ះពាល់របស់បា្លស្ទិកទៅដល់សុខភាព និងបរិស្ថាន, ការទុកដាក់សំរាមនិងសកម្មភាពប្រចាំថ្ងៃដែលអាចចូលរួមកាត់បន្ថយការប្រើប្លាស្ទិកជាដើម។ អ្នកខេត្តត្បូងឃ្មុំ រូបនេះ សង្ឃឹមថាយុទ្ធនាការ«Think Plastic»របស់ខ្លួន នឹងជួយបង្កើនចំណេះដឹងអំពីប្លាស្ទិកទៅដល់ពលរដ្ឋកម្ពុជា ហើយជាពិសេសរួមចំណែកប្រែក្លាយកម្ពុជា ដែលគ្មានសំរាមប្លាស្ទិកនៅពាលវាលពាសកាល។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាសរវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងកញ្ញា អាត សុធាវី ដូចតទៅ៖
យុទ្ធនាការ«Think Plastic» ត្រូវបានកញ្ញា អាត សុធាវី បង្កើតឡើងនៅអំឡុងខែមីនា ឆ្នាំ២០១៩។ រហូតមកទល់ពេលនេះ កញ្ញា សុធាវី បានផលិតវីដេអូអប់រំច្រើនជាង ៥០ រួចមកហើយ ដែលនិយាយពាក់ព័ន្ធនឹងផលប៉ះពាល់របស់ប្លាស្ទិក ការរៀបចំទុកដាក់សំរាម និងសកម្មភាពចម្បងៗ ដែលប្រជាពលរដ្ឋទូទៅអាចធ្វើ ដើម្បីកាត់បន្ថយការប្រើប្លាស្ទិកជាប្រចាំថ្ងៃ។
ស្ត្រីវ័យ៣៣ឆ្នាំរូប បន្តប្រាប់សារព័ត៌មានថ្មីៗថា នាងសប្បាយចិត្តនៅពេលដែលសកម្មភាពរបស់ខ្លួន កំពុងជះឥទ្ធិពលវិជ្ជមានទៅកាន់អ្នកជុំវិញខ្លួន ជាពិសេសមិត្តភក្តិ និងក្រុមគ្រួសារ រួមទាំងទស្សនិកជនដែលបានទស្សនាវីដេអូរបស់ខ្លួននោះ។ កញ្ញា អាត សុធាវី រៀបរាប់ថា៖«ខ្ញុំឃើញអ្នកនៅជុំវិញខ្លួនខ្ញុំមួយចំនួន គាត់បានចាប់ផ្តើមគិតពីបញ្ហាហ្នឹង។ ចំពោះអ្នកផ្សេងដែលគាត់បានមើលវីដេអូខ្ញុំនៅលើហ្វេសប៊ុក ភាគច្រើនគាត់សរសេរប្រាប់ខ្ញុំវិញ គាត់Inbox ឬសរសេរ Comment គឺនិយាយថា គាត់ចាប់ផ្តើមកែប្រើហើយ បន្ទាប់ពីគាត់មើលវីដេអូហ្នឹងហើយ»។
អ្វីដែលអ្នកខេត្តត្បូងឃ្មុំរូបនេះចង់បានពីការបង្កើតយុទ្ធនាការ «Think Plastic» ដោយចំណាយប្រាក់ផ្ទាល់ខ្លួននេះ គឺពលរដ្ឋកាន់តែច្រើនបានយល់ដឹងពីផលប៉ះពាល់របស់ប្លាស្ទិកដល់សុខភាព និងបរិស្ថាន និងពិសេសការចាប់ផ្តើមធ្វើសកម្មភាពដែលជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិករបស់ពលរដ្ឋកម្ពុជា។ សម្រាប់ កញ្ញា អាត សុធាវី ការចាប់ផ្តើមសកម្មភាពរបស់ប្រជាពលរដ្ឋនៅពេលនេះ គឺជាការចូលរួមយ៉ាងសំខាន់ ក្នុងការឈានទៅរកកម្ពុជា មិនសូវមានសំរាមប្លាស្ទិក និងស្អាតដូចប្រទេសដទៃ៕
រូបភាពពីទំព័រហ្វេសប៊ុក Think Plastic
Tag:
អាត សុធាវី
ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com