អន្តរជាតិ
សាកសពជនជាតិវៀតណាម១៦នាក់ បានដឹកទៅដល់ទឹកដីកំណើតវិញ ប្រភពរូប៖ AFP
× សាកសពពលរដ្ឋវៀតណាម១៦នាក់ ដែលត្រូវបានរកឃើញថាស្លាប់ក្នុងទូកុងទឺន័រក្នុងចក្រភពអង់គ្លេស បានដឹកទៅដល់ទឹកដីកំណើតវិញ។ ពួកគេ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង៣៩នាក់ ដែលក្នុងនោះមនុស្សស្រី៨នាក់ និងប្រុស៣១នាក់ ។
សាកសពទាំង១៦នាក់នេះ ត្រូវដឹកតាមរយៈយន្តហោះទៅកាន់អាកាសយានដ្ឋានមួយក្នុងរដ្ឋធានី ហាណូយ ហើយនឹងត្រូវដឹកបន្តតាមរយៈឡានពេទ្យឆ្ពោះទៅកាន់ផ្ទះគ្រួសារពួកគេរៀងៗខ្លួន។ ក្រោយពីសាកសពពួកគេត្រូវបានរកឃើញក្នុងទូកុងទឺន័រមួយក្នុងក្រុង Essex នៃចក្រភពអង់គ្លេសកាលពីថ្ងៃ២៣ តុលា ការស៊ើបអង្កេតកំពុងបន្តអនុវត្តទាំងក្នុងចក្រភពអង់គ្លេសនិងវៀតណាម ហើយខណៈនេះ មនុស្សមួយក្រុម ត្រូវបានចាប់ខ្លួនឬចោទប្រកាន់។
«យើង ទន្ទឹងរង់ចាំពេលវេលានេះជាយូរណាស់មកហើយ។ យើងនឹងរៀបចំបុណ្យសពភ្លាមៗនៅពេលដែលកូនគាត់មកដល់»។ នេះជាសម្តីរបស់លោក Vo Van Binh ឪពុករបស់ជនរងគ្រោះម្នាក់ ឈ្មោះថា Vo Van Linh ។ ប្រាប់ទីភ្នាក់ងារព័ត៌មានពីខេត្ត Ha Tinh លោក និយាយថា ក្រុមគ្រួសារលោក មានទុក្ខសោកសៅជាខ្លាំង ក៏ប៉ុន្តែសប្បាយចិត្តនៅពេលដឹងដំណឹងថា សពកូនលោកត្រលប់មកទឹកដីកំណើតវិញ។
ចំពោះសាកសពជនជាតិវៀតណាមដែលនៅសេសសល់ ពួកគេនឹងត្រូវដឹកត្រលប់មកប្រទេសវៀតណាមវិញ នាពេលឆាប់ៗខាងមុខ។ យ៉ាងណាក៏ដោយ កាលបរិច្ឆេទពុំទាន់បានបញ្ជាក់ជាសាធារណៈនៅឡើយ។ បើតាមការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម សម្រាប់ការដឹកសាកសពតាមរយៈយន្តហោះក្នុងមួយនាក់ គ្រួសារជនរងគ្រោះ នឹងត្រូវបង់លុយជាង២៨៥៦ដុល្លារ។
រដ្ឋាភិបាលវៀតណាម បានផ្តល់កម្ចីដល់សាច់ញាតិជនរងគ្រោះជាបឋម ខណៈក្រុមគ្រួសារខ្លះ បានត្អូញត្អែរថា ការបង់ថ្លៃលើការដឹកសាកសពនេះ នឹងបង្កើនបំណុលដល់ពួកគេច្រើនថែមទៀត ខណៈពួកគេបានខ្ចីបុលបងប្អូនឬធនាគារដើម្បីបញ្ជូនកូនទៅអង់គ្លេស។ ទោះជាបែបនេះក្តី អង្គការក្នុងស្រុកវៀតណាមមួយចំនួន បានរៃប្រាក់ជួយដល់ក្រុមគ្រួសារជនរងគ្រោះទាំង៣៩នាក់នោះ។ បច្ចុប្បន្ន លុយជាង១១ម៉ឺនដុល្លារ ត្រូវប្រមូលបានដើម្បីជួយគាំទ្រពួកគេ។
សូមបញ្ជាក់ថា កាលពីថ្ងៃ ២៣ តុលា កន្លងទៅ ប៉ូលិសអង់គ្លេស បានរកឃើញសាកសព៣៩នាក់នៅក្នុងទូកុងទឺន័រក្លាសេ ក្នុងក្រុង Essex ភាគខាងកើតនៃប្រទេសអង់គ្លេស។ ក្នុងហេតុការណ៍រកឃើញសាកសពមនុស្ស៣៩នាក់នៅក្នុងចក្រភពអង់គ្លេស ពីដំបូងឡើយត្រូវបានសមត្ថកិច្ចអង់គ្លេស កំណត់អត្តសញ្ញាណថា គឺជាជនជាតិចិន។ ប៉ុន្តែមានជនជាតិវៀតណាមបួនទៅប្រាំគ្រួសារ ជឿថា សាច់ញាតិរបស់ពួកគេក៏នៅបានបាត់បង់ជីវិតនៅក្នុងព្រឹត្តិការណ៍នោះដែរ៕
Tag:
វៀតណាម
ចក្រភពអង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com