ជាតិ
សម្ដេច ទៀ បាញ់ ប្រាប់មេបញ្ជាការទ័ពជើងទឹកអាស៊ានថា ការគ្រប់គ្រងជើងទឹកកម្ពុជានៅមានកម្រិត
× សៀមរាប៖ ការគ្រប់គ្រង និងការពារដែនទឹករបស់កងទ័ពជើងទឹកកម្ពុជា នៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការបង្កើតសមត្ថភាពបន្ថែម។ នេះជាការលើកឡើងរបស់ សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំលើកទី១៣ មេបបញ្ជាការកងទ័ពជើងទឹកអាស៊ាន នៅថ្ងៃទី២៦ វិច្ឆិកា នាខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ទាក់ទងនឹងការការពារដែនជើងទឹកនេះដែរ រដ្ឋមន្ត្រីការពារជាតិបាននិយាយជាថ្មី នូវការលើកឡើងកន្លងមកដែលថា កម្ពុជាកំពុងបើកទីតាំងឱ្យមានមូលដ្ឋានកងទ័ពបរទេសក្នុងដែនសមុទ្រខ្លួន ដែលនេះផ្ទុយពីស្ថានភាពបច្ចុប្បន្ន។ សម្ដេច ទៀ បាញ់ ពន្យល់ប្រាប់មេបញ្ជាការកងទ័ពជើងទឹកអាស៊ានថា ស្ថានភាពទ័ពជើងទឹកកម្ពុជា ស្ថិតក្នុងភាពទន់ខ្សោយនៅឡើយ ពុំទាន់មានសមត្ថភាពក្នុងការការពារដែនកោះឬសមុទ្រខ្លួន ហើយគ្មានលទ្ធភាពក្នុងការបើកទីតាំងមូលដ្ឋានទ័ពបរទេសទៅទៀត។ សម្ដេចបន្ថែមថា៖« សព្វថ្ងៃនេះ គ្រឿងបំពាក់មួយចំនួនកម្ពុជានៅទន់ខ្សោយជាខ្លាំង មិនអាចធ្វើសកម្មភាពដើម្បីបម្រើឱ្យភារកិច្ចស្នូលរបស់ខ្លួនបាននោះទេ ដោយសាររងទុក្ខសង្គ្រាមយូរ ភាពទន់ខ្សោយគ្រប់បែបយ៉ាងទាំងអស់ ស្ថិតក្នុងសភាពមួយជាការចាំបាច់ណាស់ ត្រូវមានការអភិវឌ្ឍបន្ថែមទៀត»។
ក្រោមប្រធានបទ «បង្កើនកិច្ចសហប្រតិបត្តិការដើម្បីសន្ដិសុខសមុទ្រយូរអង្វែង» រដ្ឋមន្ត្រីការពារជាតិយល់ថា កិច្ចប្រជុំនេះនឹងពង្រីកទៅកាន់វេទិកាអន្ដរជាតិដទៃទៀត សំដៅលើកកម្ពស់សន្ដិភាព និងស្ថេរភាពក្នុងតំបន់ ក៏ដូចជាជំរុញទំនាក់ទំនងក្នុងចំណោមមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន។ សម្តេចបន្ដថា ការផ្សាភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគឺពិតជាមានសារសំខាន់សម្រាប់អាស៊ាន ដែលភូមិសាស្ដ្រនេះជាច្រកសំខាន់ដែលភ្ជាប់រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក។
ប្រមុខការពារជាតិ ប្រាប់ដល់មេបញ្ជាការទ័ពជើងទឹកអាស៊ានទៀតថា ការគ្រប់គ្រងដែនសមុទ្រមានបញ្ហាប្រឈមជាច្រើនដូចជា បញ្ហាអធិបតេយ្យភាពលើដែនសមុទ្រ បញ្ហាចារកម្មប្រដាប់អាវុធ អន្ដោប្រវេសន៍ខុសច្បាប់ ការជួញដូរគ្រឿងញៀន ការនេសាទខុសច្បាប់ ការបំពុលបរិស្ថាន គ្រោះមហន្តរាយធម្មជាតិ និងភេវរកម្មជាដើម។ ដូច្នេះ កិច្ចសហប្រតិបត្តិការជើងទឹកនៃប្រទេសអាស៊ាន តាម រយៈកិច្ចប្រជុំលើកទី១៣នេះ គឺជាស្មារតីឯកភាពគ្នា និងការខិតខំរួមលើវិស័យនាវាចរ ដើម្បីធានាបាននូវសន្ដិភាពយូរអង្វែងលើផ្ទៃសមុទ្រ ក៏ដូចជាការទទួលខុសត្រូវ លើជោគវាសនារបស់ប្រជាជាតិអាស៊ាន៕
Tag:
កងទ័ពជើងទឹក
ទៀ បាញ់
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com