អន្តរជាតិ
ចិន ផ្តួលសហរដ្ឋអាមេរិកជាប្រទេសមានបេសកកម្មការទូតច្រើនបំផុតនៅបរទេស ស្ថានទូតអាមេរិកប្រចាំប្រទេសចិន (AFP)
× កាលពី៥០ឆ្នាំមុន ចិនមានតែស្ថានទូតមួយប៉ុណ្ណោះនៅបរទេស ហើយនោះគឺនៅក្នុងរដ្ឋធានីគែរ នៃប្រទេសអេហ្ស៊ីប។ ឥឡូវនេះ ក្រុងប៉េកាំង បានផ្តួលសហរដ្ឋអាមេរិកក្នុងនាមជាប្រទេសដែលមានបេសកកម្មការទូតច្រើនបំផុតលើពិភពលោក។
សន្ទស្សន៍គោលនយោបាយការទូតជាសកល ចុងក្រោយបង្អស់ របស់វិទ្យាស្ថាន Lowy Institute ដែលចាត់ថ្នាក់ប្រទេសចំនួន៦១ ដោយផ្អែកលើវត្តមានការទូត បានរាប់ឃើញថា ចិនមានប៉ុស្តិ៍ការទូត (ស្ថានទូត, ស្ថានកុងស៊ុល, ស្ថានបេសកកម្មអចិន្ត្រៃយ៍, តំណាងផ្សេងទៀត) ចំនួន២៧៦កន្លែងលើសកលលោក បើធៀបនឹងសហរដ្ឋអាមេរិក មានចំនួន ២៧៣កន្លែង។
ខណៈចិន កំពុងបន្ថែមសាច់ដុំការទូតចំពោះមុខកំណើនសេដ្ឋកិច្ចនិងយោធា វិស័យការទូតសហរដ្ឋអាមេរិកបែរជាដើរថយក្រោយ ដោយសារការកាត់កញ្ចប់ថវិកានិងបញ្ហាដាក់មន្ត្រីទូតឲ្យបម្រើការងារនៅស្ថានទូត ឬស្ថានតំណាងនានាលើពិភពលោក។ តួយ៉ាង ក្រោមអាណត្តិដឹកនាំរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកបច្ចុប្បន្ន លោក ម៉ៃ ប៉ុមប៉េអូ ស្ថានទូតអាមេរិកជាង៥០កន្លែង កំពុងខ្វះខាតអគ្គរដ្ឋទូត។ នេះបើតាមសមាគមសេវាបរទេសអាមេរិក។
ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិក បានបាត់បង់ប៉ុស្តិ៍ការទូតមួយកន្លែង ក្រោយពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យបិទស្ថានកុងស៊ុលរបស់អាមេរិកក្នុង ទីក្រុង Saint Petersburg ។ ហេតុការណ៍នេះ កើតឡើងបន្ទាប់ពីលោកត្រាំ បានបណ្តេញមន្ត្រីទូតរុស្ស៊ី៦០នាក់ចេញពីសហរដ្ឋអាមេរិកជុំវិញរឿងបំពុលអតីតភ្នាក់ងារចារកម្មមូស្គូម្នាក់។ ចំណែក ទីក្រុងប៉េកាំង ឯណោះវិញ បានបន្ថែម ឬពង្រឹងវត្តមានការទូតរបស់ខ្លួនក្នុងបណ្ដាប្រទេសដែលខ្លួនបានទទួលជោគជ័យក្នុងការអូសទាញឲ្យផ្តាច់ចំណងការទូតជាមួយកោះតៃវ៉ាន់។
ជាឧទាហរណ៍ស្រាប់ ស្ថានទូតចិនបានបើកទ្វារក្នុងប្រទេសបួគីណាហ្វាសូ (អាហ្វ្រិកខាងលិច) និងអែលសាល់វ៉ាឌ័រ( អាមេរិកកណ្ដាល) និងប្រទេសសៅតូម៉េ និងប្រាំងស៊ីប(អាហ្វ្រិកកណ្ដាល) ជាដើម។ ក្នុងសាធារណរដ្ឋដូមីនីក ដែលទើបបានផ្លាស់ប្តូរទំនាក់ទំនងការទូតពីតៃប៉ិទៅប៉េកាំងកាលពីឆ្នាំមុន ការិយាល័យអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ចិន ត្រូវបានដំឡើងទៅជាស្ថានទូត។ ប្រទេសខ្លះដែលចិនមានបេសកកម្មការទូតជាមួយ ប៉ុន្តែសហអាមេរិកពុំមាន គឺរួមមាន អង់ទីហ្គា និងបាប៊ុយដា, ហ្គីណេប៊ីស្សូ, សីស្ហែល, វ៉ានូទូ, ស៊ីរី និងកូរ៉េខាងជើង។
សូមបញ្ជាក់ថា បន្ទាប់ពីចិននិងសហរដ្ឋអាមេរិក បារាំង ឈរនៅចំណាត់ថ្នាក់លេខ៣ជាមួយប៉ុស្តិ៍ការទូត២៦៧ ហើយតាមពីក្រោយដោយជប៉ុនចំនួន២៤៧ប៉ុស្តិ៍ និងរុស្ស៊ី២៤២ប៉ុស្តិ៍។ ហើយក្នុងចំពោះអាស៊ីវិញ ក្រៅពីចិននិងជប៉ុន ឥណ្ឌា មានចំនួនប៉ុស្តិ៍ការទូតច្រើនជាងគេ (១៨៦), កូរ៉េខាងត្បូង(១៨៣) និងឥណ្ឌូណេស៊ី (១៣២) ។ ចំពោះប្រទេសដែលមានប៉ុស្តិ៍ការទូតតិចបំផុតគឺប្រទេសប៉ូតង់ ដែលមានត្រឹម៩ប៉ុណ្ណោះ៕
Tag:
សហរដ្ឋអាមេរិក
ចិន
ការទូត
© រក្សាសិទ្ធិដោយ thmeythmey.com