ជាតិ
រដ្ឋាភិបាល បង្កើតនាយកដ្ឋានពូជដំណាំ ដើម្បីជំរុញវិស័យកសិកម្មឲ្យកាន់តែប្រសើរ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត៖ ពីទំព័រហ្វេសក្រសួងកសិកម្ម។
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ មាននាយកដ្ឋានថ្មីមួយទៀត គឺ «នាយកដ្ឋានពូជដំណាំ»។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យ កាលដើមខែវិចិ្ឆកា ឆ្នាំ២០១៩ ស្តីពីការបង្កើតនាយកដ្ឋានថ្មីនេះ។
លោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី២៧វិច្ឆិកា ថា ការបង្កើតនាយកដ្ឋានពូជដំណាំ គឺដើម្បីទប់ស្កាត់ការនាំចូលពូជដំណាំពីបរទេស ដែលគ្មានគុណភាព និងគ្មានស្តង់ដារ។ លើសពីនេះ នាយកដ្ឋានពូជដំណាំ ជាអ្នកត្រួតពិនិត្យនិងវាយតម្លៃលើការធ្វើអាជីវកម្មគ្រាប់ពូជដំណាំក្នុងនិងក្រៅស្រុក ដោយធ្វើយ៉ាងណាឱ្យកសិករទទួលបានពូជដំណាំដែលមានគុណភាព។
អ្នកនាំពាក្យរូបនេះ លើកឡើងថា នាយកដ្ឋានពូជដំណាំ ដើរតួនាទីសំខាន់ក្នុងការជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ព្រោះបច្ចុប្បន្ន ពូជដំណាំដែលនាំចូលមកកម្ពុជាសម្រាប់ឱ្យកសិករដាំដុះ ភាគច្រើន គឺជាពូជមិនសុទ្ធ និងមានផ្ទុកមេរោគ ឬជំងឺឆ្លង ជាដើម។ រីឯការបណ្តុះពូជរបស់កសិករវិញ គឺគ្មានគុណភាពធ្វើឱ្យការលូតលាស់របស់ដំណាំមិនទទួលបានទិន្នផល ឬឱ្យផលក្នុងរយៈពេលខ្លី។
លោក បន្តថា កន្លងមក កសិករក្នុងស្រុកមួយចំនួន បានបណ្តុះដំណាំផ្សេងៗសម្រាប់លក់ ដូចជាការបណ្តុះឬផ្សាំពូជកៅស៊ូលក់ជាដើម ដែលគ្មានបច្ចេកទេស គ្មានការត្រួតពិនិត្យ និងគ្មានការពិសោធពីមន្ត្រីជំនាញត្រឹមត្រូវ។ លោក បន្ថែមថា នៅពេលដែលកសិករ យកពូជដំណាំកៅស៊ូប្រភេទនេះមកដាំដោយខំចំណាយពេលថែទាំអស់៥ទៅ៧ឆ្នាំក៏ដោយ ក៏កៅស៊ូនោះ ផ្តល់ទិន្នផលតិច ឬមិនទទួលទិន្នផលតែម្តង។
ដោយឡែក ការនាំចូលពូជដំណាំពីបរទេសវិញ លោកបានអះអាងថា ភាគច្រើនមានជំងឺឬមេរោគ។ ជាក់ស្តែង ការនាំចូលពូជដំឡូងមីបច្ចុប្បន្ន មិនត្រឹមតែគ្មានគុណភាពនោះទេ គឺថែមទាំងមានផ្ទុកជំងឺឆ្លងម៉ូសាអិ និងរាលដាលទៅដល់ដំឡូងមីរបស់កសិករផ្សេងៗទៀត ដែលធ្វើឱ្យដំណាំខូច និងកសិករខាតបង់សេដ្ឋកិច្ច។ នេះជាបើតាមសម្តីរបស់អ្នកនាំពាក្យក្រសួងកសិកម្មដដែល ដោយលោក និយាយទៀតថា មូលហេតុ ដែលធ្វើឱ្យផលិតផលកសិកម្ម មិនសូវទទួលបានទិន្នផលល្អ និងងាយរងគ្រោះ ដោយសារកសិករ ប្រើប្រាស់នូវពូជមិនសុទ្ធ ពូជដំណាំមានជំងឺនិងមេរោគ ដែលលក់នៅលើទីផ្សារដោយគ្មានការត្រួតពិនិត្យ និងពិសោធន៍ឱ្យបានត្រឹមត្រូវ។
បើតាមលោក ស្រី វុឌ្ឍី នាយកដ្ឋានពូជដំណាំ នឹងប្រមូលផ្តុំពូជដំណាំគ្រប់ប្រភេទដែលមានគុណភាព និងសមស្របទៅនឹងសណ្ឋានដី និងអាកាសធាតុនៅកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់ចរាចរនៅលើទីផ្សារម្ពុជា ហើយពូជដំណាំនីមួយៗមុននឹងដាក់ចរាចរនៅលើទីផ្សារសម្រាប់ឱ្យប្រជាកសិករដាំដុះ គឺធានាបានការត្រួតពិនិត្យ និងពិសោធន៍ ដើម្បីពីគុណភាពពូជដំណាំទាំងនោះ។
មន្ត្រីជាន់ខ្ពស់ខាងលើ បញ្ជាក់ដូច្នេះថា៖«នាយកដ្ឋានពូជដំណាំ នឹងបង្កើនសមត្ថភាពក្នុងការផលិតនូវផលិតផលកសិកម្មរបស់យើងឱ្យបានកាន់តែប្រសើរ ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក និងការនាំចេញ។ លើសពីនេះ នាយកដ្ឋានពូជដំណាំនេះ នឹងជួយឱ្យយើងកាត់បន្ថយការនាំចូលពូជមួយចំនួនពីបរទេស ពិសេសពូជដំណាំដែលគ្មានគុណភាព ដោយនាយកដ្ឋានថ្មីនេះ មានតួនាទីរៀបចំគោលនយោបាយ ត្រួតពិនិត្យ និងពិសោធពូជដំណាំ សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាកសិករ»៕
Tag:
ដំណាំ
បន្លែ
នាយកដ្ឋានពូជដំណាំ
ស្រី វុឌ្ឍី
© រក្សាសិទ្ធិដោយ thmeythmey.com