ជាតិ
ខួប១ឆ្នាំនៃការដាក់បញ្ជូលល្ខោនខោល ក្នុងបេតិកភណ្ឌពិភពលោក
× ភ្នំពេញ៖ ថ្ងៃនេះ គឺជាខួប១ឆ្នាំ នៃការដាក់ល្ខោនខោល ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ។ល្ខោនខោលវត្តស្វាយអណ្តែត (Lkhon Khol Wat Svay Andet) របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ល្ខោនខោលជាប្រភេទល្ខោនយ៉ាងចំណាស់មួយក្នុងចំណោមទម្រង់សិល្បទស្សនីយភាពនៅកម្ពុជា ដែលមាននៅដើមសម័យអង្គរ។ គេជឿថា ល្ខោនដែលពាក់មុខខ្មុកសំដែងនេះ កើតឡើងនាអំឡុងសតវត្សទី៩ ដោយសំអាងលើចម្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្ត។
យោងតាមសៀវភៅ «បញ្ជីសារពើភ័ណ្ឌបេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា» (Inventory of Intangible Cutural Heritage of Cambodia) ល្ខោនខោល បានវិវឌ្ឍចេញពីល្ខោនព្រះរាជទ្រពទៅជាល្ខោនដែលសំដែងដោយមនុស្សប្រុសសុទ្ធ។
ល្ខោនខោល មានសំដែងតែរឿងរាមកេរ្តិ៍ប៉ុណ្ណោះ ហើយការសំដែងមានអមដោយពំនោលសាច់រឿង និងកំដរដោយភ្លេងពិណពាទ្យ។ កាលពីដើម ល្ខោនខោល មាន៦ក្រុម ប៉ុន្តែបែកខ្ញែកគ្នាអស់នៅសម័យសង្គ្រាម ហើយក្រុមល្ខោនខោលវត្តស្វាយអណ្តែត ជាក្រុមតែមួយគត់ដែលនៅសេសសល់។
សហគមន៍វត្តស្វាយអណ្ដែតដែលស្ថិតក្នុងភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានថែរក្សាល្ខោនខោល និងបង្រៀនគ្នាពីមួយជំនាន់ទៅមួយជំនាន់ពីគ្រូទៅសិស្ស រួមទាំងការសម្ដែងទៅតាមជំនឿប្រពៃណីទំនៀមទម្លាប់របស់សហគមន៍ ពេលចូលឆ្នាំដើម្បីសិរីសួស្ដី និងសុំទឹកភ្លៀងធ្វើស្រែចម្ការនៅឆ្នាំបន្ទាប់ និងកម្មវិធីផ្សេងៗទៀត។
ល្ខោនដ៏ចំណាស់របស់ខ្មែរមួយនេះ ស្ថិតក្នុងចំណោមបញ្ជីបេតិកភណ្ឌអរូបីដែលត្រូវការសង្គ្រោះបន្ទាន់ (Urgent Safeguarding List)ដូចបេតិកភណ្ឌផ្សេងទៀតពីអាល់ហ្សេរី អាសែបៃហ្សង់ អេហ្ស៊ីប កេនយ៉ា ប៉ាគីស្ថាន និងស៊ីរី។
កម្ពុជា បានស្នើសុំចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ហើយល្ខោនខោលវត្តស្វាយអណ្តែត (Lkhon Khol Wat Svay Andet) របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាអំឡុងនៃសម័យប្រជុំលើកទី១៣នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅមជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis នៅថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៨៕
Tag:
ល្ខោនខោល
បេតិកភណ្ឌពិភពលោក
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com