ONE Championship
កីឡាជាតិ
ជាតិ
Sam-A លាតត្រដាង​ផែនការ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ទល់ Wang
27, Nov 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
Sam-A Gaiyanghadao ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ពិភព​គុន​មួយ​ថៃ ដែល​ចូលខ្លួន​មក​ប្រកួត kickboxing ក្នុងនាម​គូ​ឯក​នៅ​កម្មវិធី ONE: MARK OF GREATNESS​។ នៅ​ថ្ងៃ​សុក្រ​ទី ៦ ខែ ធ្នូ នា​សង្វៀន Axiata Arena ក្រុង​កូ​ឡា​ឡាំ​ពួរ​ពី​ប្រទេស​ម៉ាឡេស៊ី  Sam-A នឹង​បង្ហាញខ្លួន​លើកដំបូង​ក្នុងការ​ប្រកួត Kickboxing ដើម្បី​ប្រជែង​យក​ខ្សែក្រវាត់​ទើប​ដាក់​ដំណើរ​ឲ្យ​ប្រកួត ONE Strawweight Kickboxing World Title ទល់នឹង​កីឡាករ​កណ្ដាប់ដៃ​រហ័ស​ចិន Wang Junguang ឬ ឈ្មោះ​ក្រៅ «Golden Boy»​។ Sam-A ប្ដេជ្ញា​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​។​

 
 
​កីឡាករ​ខ្មែរសុរិន្ទ មកពី​ក្លិប Evolve នៅ​សិង្ហ​បុរី ជា​វីរបុរស​ថៃ​ប្រកួត​បាន​ជាង​៤០០​ដង ហើយ​រូបគេ​បង្ហាញ​ភាព​រីករាយ​ដើម្បី​ប្រឡូក​ការប្រកួត​ថ្មី​។ យ៉ាងណាក្ដី រូបគេ​សារភាពថា មានរឿង​បារម្ភ​ខ្លះ​ដែរ​ចំពោះ​ការប្រកួត​តាម​គោលការណ៍​ថ្មី​។ Sam-A បាន​ថ្លែងថា​៖«​ខ្ញុំ​ចង់​វ៉ៃ kickboxing តាំងពី​យូរណាស់​មកហើយ​។ ខ្ញុំ​ចង់ដឹង​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​សម្ពាធ​បន្តិច ប៉ុន្តែ​ខ្ញុំ​មានបទពិសោធន៍​ច្រើន​លើ​ក្បាច់គុន​មួយ​ថៃ​»​។​
 
​ឥឡូវ​ខ្ញុំ​អាច​ប្រកួត kickboxing លើកដំបូង​។ ខ្ញុំ​ពិតជា​រំភើប ហើយ​ខ្ញុំ​ត្រូវ​ផ្ដោតលើ​ការប្រកួត​១០០%​។ ខ្ញុំ​មិនអាច​វាយតម្លៃ​លទ្ធផល​មុន​ទេ តែ​អ្វីដែល​ត្រូវធ្វើ​គឺ ព្យាយាម​ឲ្យ​អស់​សមត្ថភាព​។ ខ្ញុំ​សូម​អរគុណ​ដល់ ONE សម្រាប់​ឱកាស​នេះ​»​។​


 
​នេះ​ជាការ​ប្រកួត​តាម​គោលការណ៍​ថ្មី ដែល​ខុសពី​ទម្លាប់​ចាស់​បន្ទាប់ពី​ប្រឡូក​លើស​ង្វៀន​ក្បាច់គុន​មួយ​ថៃ​ប្រមាណ​៣០​ឆ្នាំកន្លងមក​ក្នុងនាម​ជា​កីឡាករ​។ Sam-A គូស​បញ្ជក់​ថា ៖«​ខ្ញុំ​ត្រូវតែ​ផ្លាស់​ប្ដូរជីវិត​។ ខ្ញុំ​ត្រូវតែ​ដាក់​សម្ពាធ​ឲ្យ​ខ្លាំងក្លា​លើ​គូប្រជែង​។ Kickboxing ខុសពី​មួយ​ថៃ ព្រោះ​យើង​ត្រូវ​បម្លាស់​ទី​ច្រើនជាង​។ គុន​ថៃ យើង​គ្រាន់តែ​ឈរ បិទ​ដៃគូ​កុំ​ឲ្យ​វាយ​ចូល និង​គិត​អំពី​ក្បាច់​វាយបក​។ យ៉ាងណាក្ដី ខ្ញុំ​ហ្វឹកហាត់​និង​ប្រាប់​ខ្លួនឯង​ថា​មិនត្រូវ​ប្រើ​កែង​ជាដាច់ខាត​»​។​
 
Sam-A មិនមាន​អារម្មណ៍​តានតឹង​ពេក​ទេ​ពេល​ប៉ះ​ម្ចាស់​ខ្សែក្រវាត់ Enfusion World Champion មកពី​ប្រទេស​ចិន​ដែលជា​ឱកាស​សាង​ស្នាដៃ​ថ្មី​ក្នុង​ប្រភេទ​ទម្ងន់​ខាងលើ​។  កីឡាករ​មកពី​ក្លិប Evolve បានឈ្នះ​ខ្សែក្រវាត់ ONE Super Series World Champion លើកដំបូង​ក្នុង​ទម្ងន់ flyweight ប៉ុន្តែ​ត្រូវ​របូត​ទៅវិញ ហើយ​ពេលនេះ​រូបគេ​ជឿថា​វា​ជា​រឿង​សក្ដិសម​នឹង​ប្រកួត​ទម្ងន់ strawweight​។ ការប្រកួត​ទម្ងន់ strawweight នឹងធ្វើ​ឲ្យ​កីឡាករ​ខ្មែរសុរិន្ទ​រូបនេះ​ជោគជ័យ​ដូច​នៅ​សង្វៀន Lumpinee Stadium Muay Thai World Champion អីចឹង​ដែរ​។​
 
​គួរ​ដឹង​ដែរ​ថា កីឡាករ​វ័យ​៣៦​មកពី​ប្រទេស​ថៃ​បានបង្ហាញ​ក្បាច់​ប្រយុទ្ធ​ដ៏​គ្រោះថ្នាក់ បន្ទាប់ពី​វាយ​កីឡាករ​បារាំង Daren Rolland ឲ្យ​សន្លប់​នៅក្នុង​កម្មវិធី ONE: CENTURY កាល​ថ្ងៃទី ១៣ ខែតុលា​។​
 
 
Sam-A សង្កត់ធ្ងន់ថា​៖«Strawweight ជា​ប្រភេទ​ទម្ងន់​របស់ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍ល្អ​, ធូរចិត្ត និង​ល្អ​ជាង​ការប្រកួត​គីឡូ​ផ្សេង​»​។  
​ចំណែក “Golden Boy” បានបង្ហាញ​ល្បឿន​សឹង​មិន​ជឿ​ភ្នែក​រួម​ដោយ​កម្លាំង​ដើម្បី​ផ្ដួល Federico Roma នៅ​ទឹក​ទី​១ នៅក្នុង​កម្មវិធី  ONE: DAWN OF VALOR ដើម្បី​បន្ត​ឈ្នះ ៨ លើក​ជាប់​គ្នា​។ ក្បាច់​របស់ Wang ចូលចិត្ត​ប្រើ​កម្លាំង​ខ្លាំង និង​ចេញ​ក្បាច់​ប្រដាល់​ដំណាលគ្នា​ជាមួយ​ជើងបាន​យ៉ាង​ល្អ​ខុសពី Sam-A ដែល​ជំនាញ​ក្បាច់​មួយ​ថៃ​។ កីឡាករ​មកពី​ខេត្ត បូរី​រាំ បាន​ទស្សនា​វីដេអូ​របស់​គូប្រកួត​ដើម្បី​រៀបចំ​ផែន​ករ​លើស​ង្វៀន​។ 
 
Sam-A បន្ថែមថា​៖«​គេ [Wang]​មន​កណ្ដាប់ដៃ​ល្អ និង លឿន​។ គេ​ច្បាស់​ជា​ប្រើ​ក្បាច់​អស់ពី​ចិត្ត​ក្នុង​ពីរ​ទឹក​ដំបូង​។ ខ្ញុំ​ត្រូវ​មើល​វីដេអូ​អំពី​ការប្រកួត​។ ប៉ុន្តែ ខ្ញុំ​មិន​គិតថា រូបគេ​ជា​អ្នកការពារ​ល្អ​បំផុត​ទេ​។ ខ្ញុំ​នឹង​ប្រើ​ស្ទិល​របស់ខ្ញុំ​ដើម្បី​ឈ្នះ​ហើយ​ខ្ញុំ​មិន​ចូល​ជិត​ពេក​ទេ​។ ខ្ញុំ​នឹង​ប្រើ​វ៉ៃ​ក្បាច់​ប្រយោលៗ​»​។​
 
Sam-A តាំងចិត្ត​ទៀតថា​៖ «​វា​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​បន្តិច តែ​ខ្ញុំ​ត្រូវ​ចាប់យក​ឱកាស​ពី​ការប្រកួត Kickboxing លើកដំបូង​។ វា​មិន​មិន​ងាយស្រួល​នោះទេ​ដើម្បី​ប្ដូរ​ស្ទិល​ប្រកួត និង ក្លាយជា​ជើងឯក​។ ប៉ុន្តែ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ខ្លួនឯង​រីកចម្រើន​ទៅមុខ​»​។​



© រក្សាសិទ្ធិដោយ thmeythmey.com