កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ កម្ពុជាឈ្នះទីម័រខាងកើត ៥-០ ហើយឡើងឈរលេខ១ក្នុងពូល កែវ សុខផេង អបអរក្រោយស៊ុតនាំមុខហ្វីលីពីន នាការប្រកួតលើកដំបូង ហើយខ្សែប្រយុទ្ធលើសអាយុម្នាក់នេះ ក៏បាន១គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុម២គ្រាប់ក្នុងជ័យជម្នះ ៥-០ លើទីម័រខាងកើតផងដែរ។ រូបថត FFC
× U22 កម្ពុជា បានទទួលជ័យជម្នះ ៥-០ លើទីម័រខាងកើត នាជំនួបលើកទី២នៅក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃពុធ ទី២៧ ខែវិច្ឆិកា នេះ។ សម្រាប់ជំនួបគូដំបូងក្នុងពូលនៅកីឡដ្ឋាន Rizal Memorial ដូចគ្នា មីយ៉ាន់ម៉ា យកឈ្នះម្ចាស់ផ្ទះហ្វីលីពីន ២-១។
គ្រូបង្វឹកអាហ្សង់ទីន លោក Felix Dalmas បានប្តូរសមាសភាពស្ទើរតែអស់ បើប្រៀបធៀបទៅនឹងជំនួបស្មើ ១-១ ជាមួយម្ចាស់ផ្ទះហ្វីលីពីន ពោលគឺមានតែ កីឡាករលើសអាយុ កែវ សុខផេង ប្រធានក្រុម អ៊ន ចាន់ប៉ូលីន និងខ្សែការពារ អ៊ុក សុវណ្ណ ប៉ុណ្ណោះដែលរក្សាឈ្មោះក្នុងជម្រើសទីមួយ។
កម្ពុជា បានបាល់ពិន័យមិនផ្ទាល់ក្នុងប្រអប់ទី ដោយខ្សែការពារទីម័រខាងកើត បញ្ជូនបាល់ទៅអ្នកចាំទីរបស់ខ្លួន។ កែវ សុខផេង បានប៉ះបាល់បន្តិច មុនពេលដែល ស៊ិន កក្កដា ស៊ុតសំដៅចូលទីបានសម្រេចនៅនាទី ទី៨។
នៅនាទី៧០ សុខផេង បន្តការងារល្អបានម្តងទៀត ដោយអូសបាល់ផុតខ្សែការពារទីម័រខាងកើត ហើយបញ្ជូនទៅ រ៉ឹង ប៊ុនហៀង ស៊ុតបាល់បញ្ចូលទីនាំមុខ ២-០។ នៅនាទី៧៨ សុខផេង ស៊ុតចំអ្នកចាំទី ប៉ុន្តែបាល់ធ្លាក់ចំមុខ សៀង ចន្ធា ហើយកីឡាករដែលទើបចូលលេងបាន២នាទីរូបនេះ ស៊ុតបាល់បញ្ចូលទីជួយកម្ពុជា ស៊ី ៣-០។
ដល់នាទី៨២ កែវ សុខផេង បានស៊ុតបាល់បញ្ចូលទីដោយខ្លួនឯង ក្រោយការបញ្ជូនយ៉ាងល្អរបស់ សៀង ចន្ធា។ ប៊ុនហៀង រកបាន១គ្រាប់ទៀតនៅនាទីបន្ថែម។ កម្ពុជាឈ្នះ ៥-០។
លទ្ធផលជ័យជម្នះនេះនាំឲ្យកម្ពុជា មាន៤ពិន្ទុនៅក្នុងពូល A ស្មើមីយ៉ាន់ម៉ា ខណៈម្ចាស់ផ្ទះហ្វីលីពីនដែលប្រកួតបាន២លើក មាន១ពិន្ទុស្មើ ម៉ាឡេស៊ី។ រីឯទីម័រខាងកើត មិនទាន់មានពិន្ទុរាប់។ កម្ពុជាត្រូវប៉ះមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែធ្នូ សម្រាប់ជំនួបបន្ទាប់។
ជម្រើសកម្ពុជា៖ ហ៊ុល គឹមហ៊ុយ (អ្នកចាំទី), ស៊ិន កក្កដា, អ៊ិន សូដាវីដ, ស៊ិន សុផាណាត់ (រ៉ឹង ប៊ុនហៀង ៦៣), ម៉ៅ ពិសិដ្ឋ (សៀង ចន្ធា ៧៦), អ៊ន ចាន់ប៉ូលីន (ប្រធានក្រុម), កែន ច័ន្ទសុភ័ក្ត្រ, ទេស សម្បត្តិ, អ៊ុក សុវណ្ណ, សឿត បារាំង, កែវ សុខផេង (ជា វេសលី ៨៦)៕
© រក្សាសិទ្ធិដោយ thmeythmey.com