អន្តរជាតិ
រដ្ឋាភិបាល​វៀតណាម​តម្រូវ​ឲ្យ​ធនាគារ​វាយតម្លៃ​លើ​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម​
28, Nov 2019 , 1:39 pm        
រូបភាព
ឥឡូវ​នេះ​ធនាគារ​វៀតណាម​កំពុង​ពិចារណា​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​កើត​ចេញ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ពួកគេ បន្ថែល​លើ​ការ​វាយតម្លៃ​ហានិភ័យ​ឥណទាន​ដែល​គេ​ធ្លាប់​ធ្វើ​កន្លង​មក។
ឥឡូវ​នេះ​ធនាគារ​វៀតណាម​កំពុង​ពិចារណា​លើ​ផលប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​កើត​ចេញ​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​របស់​ពួកគេ បន្ថែល​លើ​ការ​វាយតម្លៃ​ហានិភ័យ​ឥណទាន​ដែល​គេ​ធ្លាប់​ធ្វើ​កន្លង​មក។
ដោយ: VOA
​ហូជីមិញ ៖ ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ប្រទេស​វៀតណាម​មិន​ទទួលរង​ផលប៉ះពាល់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​ទេ​។ នេះ​មិនមែន​ដោយសារតែ​ធនាគារ​ក្នុងប្រទេស​នេះ​មាន​ភាពរឹងមាំ​ជាង​ធនាគារ​នៅ​សហរដ្ឋអាមេរិក​នោះទេ ប៉ុន្តែ​គឺ​ដោយសារតែ​ធនាគារ​វៀតណាម​មិនសូវ​ធ្វើ​សមាហរណកម្ម​ទៅក្នុង​ពាណិជ្ជកម្ម​សាកលលោក​ទេ​នាពេលនោះ​។ វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​នៅក្នុង​ឆ្នាំ​២០០៨​បង្កឡើង​ដោយ​ធនាគារ​នៅក្នុង​សហរដ្ឋអាមេរិក​។ ជាង​មួយ​ទសវត្សរ៍​ក្រោយមក សព្វថ្ងៃនេះ ប្រទេស​វៀតណាម​ប្រឡូក​ក្នុង​ជំនួញ​ជាមួយនឹង​បរទេស​កាន់តែច្រើន ដែល​ធ្វើ​ឲ្យ​ធនាគារ​ក្នុងប្រទេស​នេះ​កាន់តែ​ងាយ​រង​ផលប៉ះពាល់​ពី​ទិន្នាការ​សកល​។ រដ្ឋាភិបាល​វៀតណាម​បាន​ចាត់វិធានការ​នានា​ដើម្បី​ពង្រឹងសមត្ថភាព​ធនាគា​រ​ក្នុងស្រុក​របស់ខ្លួន​។​

 
​ជាក់ស្តែង ប្រទេស​វៀតណាម​តម្រូវ​ឲ្យ​ធនាគារ​ពិចារណា​លើ​ហា​ភិ​ន័យ​បរិស្ថាន សង្គម និង​អភិបាលកិច្ច ឬ​ត្រូវបាន​គេ​ស្គាល់​ថា «​ការវាយតម្លៃ ESG​​» នៅពេល​ពួកគេ​ធ្វើការ​វិភាគ​ហានិភ័យ​ឥណទាន​។​
 
​ធនាគារ​របស់​រដ្ឋ​ក្នុងប្រទេស​វៀតណាម​បានដាក់​ចេញ​គោលដៅ​មួយ ដោយ​នៅត្រឹម​ឆ្នាំ​២០២៥ ធនាគារ​នីមួយៗ​នឹង​បង្កើត​នាយកដ្ឋាន​ផ្ទាល់ខ្លួន​មួយ ដែល​ធ្វើ​ការផ្តោត​តែ​លើ​ការវាយតម្លៃ ESG តែមួយ​មុខ​គត់ ហើយ​ធនាគារ​ទាំងនោះ​នឹងត្រូវ​បញ្ចូល​ការវាយតម្លៃ ESG នេះ ទៅក្នុង​ការវិភាគ​ហានិភ័យ​ទូទៅ​របស់ខ្លួន​។​
 
​ធនាគារកណ្តាល​របស់​វៀតណាម​បាន​ឲ្យ​ដឹងថា ខ្លួន​កំពុង​បោះជំហាន​វិ​វត្ត​ទៅមុខ​។ ធនាគារកណ្ដាល​របស់​វៀតណាម​នេះ​បាន​សម្គាល់ថា ធនាគារ​ចំនួន​១៧​នៅក្នុង​ប្រទេស​វៀតណាម​បាន​បង្កើត​នាយកដ្ឋាន​សំខាន់​ទាំងនេះ ដើម្បី​វិភាគ​លើ​ផលប៉ះពាល់​ទៅលើ​បរិស្ថាន​និង​សង្គម ដែល​កើតចេញពី​ការ​ឲ្យ​ខ្ចីប្រាក់​របស់​ពួកគេ​។ ធនាគារ​ចំនួន​២៥​ផ្សេងទៀត​បានធ្វើ​ការវិភាគ​លើ​ផលប៉ះពាល់​ទៅលើ​បរិស្ថាន​និង​សង្គម​នេះ​រួចហើយ​។ នេះ​បើ​ផ្អែក​តាម​ការស្ទង់មតិ​មួយ​កាលពីដើមឆ្នាំ​២០១៩​។​
 
​លោក Nguyen Quoc Hung ប្រធាន​នាយកដ្ឋាន​គោលនយោបាយ​ឥណទាន​សម្រាប់​វិស័យសេដ្ឋកិច្ច​នៅ​ធនាគារកណ្ដាល​របស់​វៀ​ត​ណា​ម​បាន​និយាយថា «​ធនាគារ​វៀតណាម​បានបង្ហាញ​ពី​ការត្រៀមខ្លួន​របស់​ពួកគេ​ក្នុងការ​បោះជំហាន​ទៅរក​របៀបវារៈ​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្ត​ភាព ដែលមាន​សារៈសំខាន់​ក្នុងការ​ចាប់យក​ឱកាស​អាជីវកម្ម​ថ្មីៗ​»​។​
 
​ការជំរុញ​ឲ្យ​ធនាគារ​និង​អាជីវកម្ម​ផ្សេងទៀត​ពិចារណា​លើ​ផលប៉ះពាល់​របស់​ពួកគេ​ទៅលើ​បរិស្ថាន​បាន​បង្កើត​ឲ្យ​មានការ​ប្រើប្រាស់​ឃ្លា​ថ្មីៗ​ដូចជា​ឃ្លា «​ហិរញ្ញវត្ថុ​បៃតង​» និង «​ប័ណ្ណបំណុល​បៃតង​» ជាដើម​។ ប៉ុន្តែ​តើ​ពាក្យ​ទាំងនេះ​មានន័យ​យ៉ាងដូចម្តេច​? ឧទាហរណ៍​សំខាន់​មួយ​គឺថា ធនាគារ​មួយ​ផ្តល់ប្រាក់​កម្ចី​ដល់​អាជីវកម្ម​តូច​មួយ​ដើម្បី​ផលិត​ចរន្ត​ខ្យល់​។ ការអភិវឌ្ឍ​ថាមពលខ្យល់​អាច​នឹងត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ប្រយោជន៍​បរិស្ថាន​នៅក្នុង​ការវិភាគ​ហានិភ័យ​ឥណទាន​របស់​ធនាគារ បន្ថែម​ទៅលើ​ប្រយោជន៍​សង្គម​ចំពោះ​ការគាំទ្រ​ដល់​អាជីវកម្ម​តូចៗ ជាជាង​ធ្វើការ​ជាមួយនឹង​សាជីវកម្ម​ធំៗ​។​
 
​ឧទាហរណ៍​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​វៀតណាម ដោយសារតែ​ប្រទេស​នេះ​បានចាត់ទុក​ហិរញ្ញវត្ថុ​បៃតង​ជា​យុទ្ធសាស្ត្រ​មួយ​នៅក្នុង​ការកាត់បន្ថយ​និង​សម្រប​ខ្លួន​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ ហើយ​វៀតណាម​ក៏​ចាត់ទុក​ខ្លួនឯង​ថា​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​ងាយ​រង​ផល​ប៉​ពាល់​ខ្លាំង​ពី​ការគំរាមកំហែង​នៃ​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។​
 
​រដ្ឋាភិបាល​កំពុង​ចាត់វិធានការ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ធនាគារ​ក្នុងស្រុក ក្នុងនាម​ជា​សមាជិក​មួយ​នៅក្នុង​បណ្តាញ​ធនាគារ​ប្រកបដោយ​និរន្ត​ភាព ឬ Sustainable Banking Network ដែលជា​បណ្តាញ​មួយ​ដែលមាន​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន​៣៨​ប្រទេស​ជា​សមាជិក​។ បណ្តាញ​នេះ​ជំរុញ​ឲ្យ​មានការ​ពិចារណា​លើ​ការវាយតម្លៃ ESG និង​ទទួលបាន​ការគាំទ្រ​ពី​កម្មវិធី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​របស់​ធនាគា​រ​ពិភពលោក​។​
 
​ផលប្រយោជន៍​មួយ​នៃ​បណ្តាញ​នេះ​គឺ​ដើម្បី​ឲ្យ​ប្រទេស​នានា​ចែករំលែក​ការអនុវត្ត​ល្អៗ​ឲ្យ​គ្នា​ទៅវិញទៅមក​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Imansyah ដែលជា​សហប្រធាន​ក្រុមការងារ​នៃ​បណ្តាញ​ធនាគារ​ប្រកបដោយ​និរន្ត​ភាព​។ 
 
​លោក Imansyah និយាយថា «​ការចែករំលែក​មេរៀន​និង​ចំណេះដឹង​ក្នុងចំណោម​ប្រទេស​ជា​សមាជិក​គឺជា​កាតាលីករ​ដ៏​សំខាន់​មួយ​ក្នុងការ​ធ្វើកំណែទម្រង់​ហិរញ្ញវត្ថុ​»​។​
 
​ប្រទេស​របស់លោក រួមទាំង​ប្រទេស​ចិន កំពុង​ដឹកនាំ​បណ្តាញ​ដែលមាន​៣៨​ប្រទេស​នេះ ដោយបាន​អនុវត្ត​រួចហើយ​នូវ​គោលនយោបាយ ESG ជាច្រើន​ដែល​ខ្លួន​បាន​រៀបចំឡើង ដូចជា​ការលើកទឹកចិត្ត​របស់​រដ្ឋាភិបាល​សម្រាប់​ការវិនិយោគ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ជាដើម​។​
 
​ទោះជា​យ៉ាងណាក្តី ប្រទេស​វៀតណាម​កំពុង​តាម​ពីក្រោយ​ប្រទេស​ផ្សេងៗ​ក្នុងការ​អនុវត្ត​គោលនយោបាយ​នេះ​។ ជា​ឧទាហរណ៍ របាយការណ៍​របស់​ក​ម្ម​វិធី​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នៅក្នុង​ខែតុលា​កត់សម្គាល់ថា «​វៀតណាម​ជា​ប្រទេស​ក្នុង​បណ្តាញ​ធនាគារ​ប្រកបដោយ​និរន្ត​ភាព​មួយ​ក្នុងចំណោម​ប្រទេស​សមាជិក​មួយចំនួន​តូច ដែល​តម្រូវ​ឲ្យ​ស្ថាប័នហិរញ្ញវត្ថុ​រាយការណ៍​ពី​ចំនួន​និង​តម្លៃ​នៃ​ប្រាក់កម្ចី​បៃតង​របស់​ពួកគេ​»​។​
 
​ក្រៅពី​ផលប៉ះពាល់​បរិស្ថាន ក្រុមមន្ត្រី​វៀតណាម​ក៏មាន​ការព្រួយបារម្ភ​អំពី​ការធានា​ឲ្យ​បាន​នូវ​ស្តង់ដា​សង្គម​និង​អភិបាលកិច្ច​សម្រាប់​ធនា​គារ​ក្នុងប្រទេស​វៀតណាម​ផងដែរ ដោយសារតែ​ធនាគារ​នៅក្នុង​ប្រទេស​នេះ​មាន​ប្រវត្តិ​រៀបចំ​ក្រុមប្រឹក្សាភិបាល​អាជីវកម្ម និង​កម្មសិទ្ធិ​រួមគ្នា​ដ៏​ស្មុគស្មាញ ដែល​អាចបង្កើត​ឲ្យ​មានទំនាស់​ផលប្រយោជន៍​។ រដ្ឋាភិបាល​មានបំណង​ចង់​ដោះស្រាយ​បញ្ហា​ទាំងនោះ​។ រដ្ឋាភិបាល​ក៏បាន​លុបចោល​បន្ទុក​លើ​បំណុល​មិន​សង​ផងដែរ​។ បំណុល​មិន​សង​នេះ​អាចជា​ការគំរាមកំហែង​ដល់​ស្ថិរភាព​ក្នុង​វិស័យ​ធនាគារ​។​
 
​ចំពោះ​ធនាគារ​វៀតណាម ផលប៉ះពាល់​សង្គម​កាន់​តែមាន​ការពិបាក​ក្នុង​ការវាស់ស្ទង់​។ ពួកគេ​អាចធ្វើ​តាម​ធនាគារ​ជា​ដៃគូ​នៅ​សហរដ្ឋអាមេរិក ដែល​មិនបាន​វិភាគ​ឲ្យ​បាន​ពេញលេញ​លើ​ហានិភ័យ​សង្គម​នៃ​ការដាក់​បញ្ចាំ​ច្រើន​ហួសហេតុ ដែល​បាន​ក្លាយជា​ផលិតផល​ហិរញ្ញវត្ថុ​សម្រាប់​អ្នកវិនិយោគ​នៅមុន​ឆ្នាំ​២០០៨​។ ការខកខាន​មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​បញ្ចាំ​ទាំងនោះ​នឹង​បណ្តាល​ឲ្យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​សកល ដែល​បង្ក​ជា​ផលប៉ះពាល់​ដល់​សង្គម ដែល​ធនាគារ​វៀតណាម​ចង់​ចៀសវាង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com