អន្តរជាតិ
កូរ៉េខាងត្បូង ស្នើ​ឲ្យ​វៀតណាម​ជួយ​ក្នុង​ដំណើរការ​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​
28, Nov 2019 , 11:50 am        
រូបភាព
លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន(ខាងឆ្វេង) ចាប់ដៃជាមួយ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វ៊ុក​ នៅក្នុងវិមានរដ្ឋាភិបាលCheong Wa Dae នាទីក្រុងសេអ៊ូល នៅថ្ងៃទី២៧ ខែវិច្ឆិកា។ រូបភាព៖ Facebook Moon Jae In
លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន(ខាងឆ្វេង) ចាប់ដៃជាមួយ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ្វ៊ុក​ នៅក្នុងវិមានរដ្ឋាភិបាលCheong Wa Dae នាទីក្រុងសេអ៊ូល នៅថ្ងៃទី២៧ ខែវិច្ឆិកា។ រូបភាព៖ Facebook Moon Jae In
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា បានស្នើ​ប្រទេស​វៀតណាម ជួយ​ស្ថាបនា​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ ទាក់ទង​បញ្ហា​កូរ៉េខាងជើង​។ លោក មូ​ន ស្នើ​បែបនេះ ខណៈ​វៀតណាម​ត្រៀម​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​មិន​អចិន្ត្រៃយ៍​នៅក្នុង​ឆ្នាំ ២០២០ ខាងមុខ​។


 
​បន្ទាប់ពី​កិច្ចប្រជុំ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​មេគង្គ​-​កូរ៉េខាងត្បូង​បាន​បិទ​បញ្ចប់ ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន សួន​ហ្វ៊ុ​ក បាន​ជួបពិភាក្សា​ទ្វេភាគី នាទី​ក្រុង​សេ​អ៊ូ​ល ដើម្បី​ជជែក​ពី​បញ្ហាសំខាន់ៗ​ដូចជា បញ្ហា​កូរ៉េខាងជើង សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាដើម​។​
 
​ថ្លែង​នៅក្នុង​វិមាន​ប្រធានាធិបតី Cheong Wa Dae ក្នុងពេល​ចាប់ផ្តើម​នៃ​ជំនួប​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ លោក មូ​ន បាន​លើកឡើងថា កូរ៉េខាងត្បូង និង​វៀតណាម នឹងមាន​កិច្ចការ​ជាច្រើន​ទៀត ដែល​ត្រូវ​សហប្រតិបត្តិការ​ជាមួយគ្នា នៅលើ​ឆាក​អន្តរជាតិ​។ ការលើកឡើង​របស់លោក​មូ​ន​បែបនេះ គឺ​គ្មានអ្វី​ចម្លែក​ទេ ដោយសារ​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ វៀតណាម នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​អាស៊ាន និង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ 
 
​លោក មូ​ន បានស្នើ​វៀតណាម​ឲ្យ​ដើរតួនាទី​ស្ថាបនា​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។ ជាការ​ឆ្លើ​ប​តប លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ហ្វ៊ុ​ក បាន​ទទួលយក​សំណើ​មួយ​នេះ ហើយ​ប្តេជ្ញា​ថា​នឹង​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​។ មិន​ត្រឹមតែ​ទទួល​សំណើ​របស់លោក មូ​ន ប៉ុណ្ណោះ​ទេ លោក ហ្វ៊ុ​ក ថែម​គាំទ្រ​លើ​គោលនយោបាយ​សម្លឹង​ទៅ​ភាគខាងត្បូង​ថ្មី​របស់​ទីក្រុង​សេ​អ៊ូ​ល​ថែមទៀត​។ នេះ​បើ​ផ្អែក​ទៅតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ទន្ទឹមនេះ លោក មូ​ន ក៏បាន​អរគុណ​វៀតណាម​ដែល​បានទទួល​រៀបចំ​ជំនួប​លើក​ទី​ពីរ​រវាង​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នាទី​ក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៩​។ 
 
​ក្រៅពី​បញ្ហា​នៅលើ​ឧបទ្វីប​កូរ៉េ លោក មូ​ន និង​លោក​ហ្វ៊ុ​ក ក៏បាន​ពិភាក្សា​ពី​ការពង្រឹង​ច្បាប់​នៅក្នុង​ប្រទេស ការពង្រីក​ទំហំ​វិនិយោគ ពាណិជ្ជកម្ម សេវាកម្ម​ហិរញ្ញវត្ថុ និង​សំភារៈ​ឧស្សាហកម្ម​ជាដើម​។ ទន្ទឹមគ្នា​នេះដែរ នៅក្នុង​ឆ្នាំ​២០១៩​នេះ គឺជា​ខួប​១០​ឆ្នាំ នៃ​ភាពជា​ដៃគូ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ រវាង​ទីក្រុង​សេ​អ៊ូ​ល និង​ទីក្រុង​ហាណូយ​។ 
 
​សូមបញ្ជាក់ថា កូរ៉េខាងត្បូង គឺជា​ប្រទេស​វិនិយោគ​ដ៏​ធំ​មួយ​របស់​វៀតណាម​។ ជាក់ស្តែង ទំហំ​វិនិយោគ​របស់​កូរ៉េខាងត្បូង ក្នុងប្រទេស​វៀតណាម​មា​ន​ទំហំ​ជាង ៦២​ពាន់​លាន​ដុល្លារ នៅ​ដំណាច់ឆ្នាំ ២០១៨​។ ជាមួយគ្នានេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កូរ៉េខាងត្បូង និង​វៀតណាម នៅក្នុង​ឆ្នាំ ២០១៨ គឺមាន​រហូតដល់​ទៅ​ជាង ៦៨​ពាន់​លាន​ដុល្លារ​ឯណោះ​៕

Tag:
 មូ​ន ចេ​អ៊ី​ន​
  កូរ៉េខាងត្បូង​
  វៀតណាម​
  លោក ង្វៀន សួន​ហ្វ៊ុ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com