កីឡាអន្តរជាតិ
អន្តរជាតិ
Messi រកបាន​គ្រាប់​បាល់ពេលបង្ហាញខ្លួន​លើកទី​​៧០០ ស្រប​ពេលដែល Lukaku សម្រេចបាន​គ្រាប់​ទី​២៥០​ក្នុង​អាជីព​
28, Nov 2019 , 2:02 pm        
រូបភាព
ដោយ: ថ្មីៗ
Lionel Messi បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅពេល​បង្ហាញខ្លួន​លើក​ទី​៧០០​ក្នុង​អាជីព​ខ្លួន​នៅ Barcelona ខណៈ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ ឈានទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ UEFA Champions League ក្រោយ​ឈ្នះ Borussia Dortmund ៣-១​។ ស្របពេល​ជាមួយគ្នា Romelu Lukaku រកបាន​គ្រាប់​ទី​២៥០​ក្នុង​អាជីព ពេល​គេ​ជួយ​ឲ្យ Inter Milan រក្សា​ក្តីសង្ឃឹម​ទៅកាន់​វគ្គ​បន្ត ក្រោយ​ជ័យជម្នះ ៣-១ ដូចគ្នា​នៅ​ទឹកដី Slavia Prague​។​

 
​ជាមួយនឹង​ការប្រកួត​មួយទៀត​ដែល​នៅ​សេសសល់ Barcelona ជា​ក្រុម​តែមួយគត់​នៅក្នុង​ពូ​ល F ដែល​បាន​កៅអី​ទៅ​វគ្គ​បន្ត ដោយ​នាំមុខ Inter Milan និង Borussia Dortmund ដាច់​ពិន្ទុ​។ Barcelona បានទទួល​ជ័យជម្នះ ៣-១ លើ Borussia Dortmund ដែល​សម្រេច​ដោយ Luis Suarez និង Lionel Messi នៅ​តង់​ទីមួយ ហើយ Antoine Griezmann បន្ថែម​គ្រាប់​ទី​៣​នៅ​តង់​ទី​ពីរ​។ Dortmund វាយបក​១​គ្រាប់​វិញ​ដោយ Jadon Sancho​។​
 
​នេះ​ជាការ​ស៊ុត​បញ្ចូល​ទី​ម្តង​របស់​កីឡាករ​ឆ្នើម​ទាំងបី MSG (Messi, Suarez, Griezmann) ក្នុងពេល​តែមួយ ខណៈ Messi សម្រេចបាន​គ្រាប់​បាល់​អាជីព​ពេលបង្ហាញខ្លួន​លើកទី​៧០០​ក្នុងនាម​ជា​កីឡាករ Barcelona​។ ខណៈ Barcelona មាន​១១​ពិន្ទុ​ដាច់ Inter Milan ឡើងឈរ​លេខ​២​បណ្តោះអាសន្ន ដោយមាន​៧​ពិន្ទុ​ស្មើ Dortmund​។ Lautaro Martinez រកបាន​២​គ្រាប់ និង Romelu Lukaku រួមចំណែក​១​គ្រាប់​ក្នុង​ជ័យជម្នះ ៣-១ នៅ​ទឹកដី Slavia Prague ហើយក៏​ជា​គ្រាប់​បាល់​បញ្ចូល​ទី ទី​២៥០​របស់​កីឡាករ​បែលហ្ស៊ិក​រូបនេះ​ផងដែរ​។ Tomas Soucek ជា​អ្នក​រង​បានតែ​១​គ្រាប់​គត់​សម្រាប់ Slavia Prague ដែល​ត្រូវ​ហាលអាវ​រួចទៅហើយ​។​
 
​សម្រាប់​ពូ​ល E Liverpool តាម​ស្មើ Napoli ១-១ តែ​នាំ​ឲ្យ​ពួកគេ​ឈរលើ​កំពូល​តារាង​ដោយមាន​១០​ពិន្ទុ​។ Napoli តាម​ពីក្រោយ​១​ពិន្ទុ​។ Red Bull Salzburg នៅតែ​មានឱកាស​ប្រជែង​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ ដោយសារ​ជ័យជម្នះ ៤-១ នៅ​ទឹកដី​របស់ Genk​។ Red Bull មាន​៧​ពិន្ទុ ខណៈ Genk ត្រូវ​កាត់ចោល​ដោយសារ​មាន​ត្រឹមតែ​១​ពិន្ទុ ពី​ការប្រកួត​៥​លើក​។​
 
​នៅក្នុង​ពូ​ល G RB Leipzig ទទួលបាន​កៅអី​ទៅ​វគ្គ​បន្ត ក្រោយ​ស្មើ Benfica ២-២​។ Zenit Saint Petersburg តាម​បាន​៧​ពិន្ទុ​ស្មើ Lyon ក្រោយ​ពួកគេ​បាន​យកឈ្នះ​ក្រុម​បារាំង​មួយ​នេះ ២-០​។ សម្រាប់ Benfica ទៅ​បី អស់​ឱកាស​ទៅ​វគ្គ​បន្ត ប៉ុន្តែ​ពួកគេ​នៅតែ​អាច​ប្រជែង​យក​កៅអី Europa League​។​
 
​ងាក​ទៅ​ពូ​ល H ឯណោះ​វិញ Ajax, Valencia និង Chelsea នៅតែ​អាច​ប្រជែង​គ្នា​ទៅ​វគ្គ​បន្ត ខណៈ Lille បាន​ហាលអាវ​។ ការប្រកួត​កាលពី​យប់មិញ Ajax ស៊ី​ម្ចាស់ផ្ទះ Lille ២-២ ខណៈ Valencia និង Chelsea បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។​
 
​បច្ចុប្បន្ន​ក្រុម​ដែល​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​រួមមាន Paris Saint-Germain, Real Madrid, Bayern Munich, Manchester City, Juventus, Barcelona, Tottenham Hotspur, RB Leipzig៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com