អន្តរជាតិ
សត្វ​ក្តាន់​នៅ​ថៃ​មួយ​ក្បាល​ប្រទះឃើញ​ងាប់ ដោយមាន​ប្លា​ស្ទិ​ក​ក្នុង​ពោះ​៧​គីឡូក្រាម​
28, Nov 2019 , 9:59 pm        
រូបភាព
ដោយ:
​សត្វ​ក្តាន់​មួយ​ក្បាល​ដែល​ងាប់​នៅ​ឧទ្យាន​ជាតិ​មួយ​ក្នុង​ភាគ​ខាងជើង​ប្រទេស​ថៃ ត្រូវបាន​គេ​រកឃើញថា មាន​សំរាម​ប្រមាណ​៧​គីឡូក្រាម​ក្នុង​ពោះ​របស់​វា​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​ថៃ​។ ខោ​ទ្រនាប់​បុរស​, ថង់​ប្លា​ស្ទិ​ក ព្រមទាំង​កញ្ចប់​ម្សៅ​កាហ្វេ​និង​នំ គឺ​ស្ថិត​ក្នុងចំណោម​សំរាម​ដែល​បាន​រកឃើញ​នៅក្នុង​ពោះ​របស់​សត្វ​ក្តាន់​ឈ្មោល​មួយ​ក្បាល​នេះ​។

 
​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ដើមឈើ សត្វព្រៃ និង​ឧទ្យាន​ជាតិ​ថៃ លោក Kriangsak Thanompun បាន​ប្រាព់​សារព័ត៌មាន BBC ថៃ​ដូច្នេះ​ថា​៖ «​យើង​ជឿជាក់ថា សត្វ​ក្តាន់​មួយ​ក្បាល​នេះ បាន​ស៊ី​ប្លា​ស្ទិ​ក​ទាំងនេះ​ចូលទៅក្នុង​ពោះ រយៈពេល​យូរ​មកហើយ មុននឹង​វា​ងាប់​»​។ ដោយ​ផ្អែកលើ​ការពិនិត្យ លោក បន្តទៀតថា មន្ត្រី​ជំនាញ​លោក ជឿថា ប្លា​ស្ទិ​ក​នេះ រាំងស្ទះ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​សត្វ​ក្តាន់​នេះ ក៏ប៉ុន្តែ​ពួកគេ​នឹង​ស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​ជាង​នេះ​។​
 
​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា មន្ត្រី​អភិរក្ស​សត្វព្រៃ​ម្នាក់​ដែល​កំពុង​ដើរល្បាត បាន​រកឃើញ សត្វ​ក្តាន់​ឈ្មោល​អាយុ​១០​ឆ្នាំ​មួយ​ក្បាល​ក្នុង​ឧទ្យាន​ជាតិ Khun Sathan ក្នុង​ភាគ​ខាងជើង​ស្រុក Na Noi នៃ​ប្រទេស​ថៃ ។ បន្ថែម​ពី​សំរាម​ដែល​បាន​រៀបរាប់​ខាងលើ មន្ត្រី​ជំនាញ​ថៃ ក៏បាន​រកឃើញ ស្រោមដៃ​, កញ្ចប់​មី និង​កន្សែង​ជូត​ដៃ​ជាដើម​។​
 
​ទាក់ទិន​ព័ត៌មាន​នេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​រិះគន់​ខ្លាំងៗ​លើ​អ្នក​ចូល​ទស្សនា​ឧទ្យាន​ជាតិ​នោះ ហើយ​បោះចោល​សំរាម​ដោយ​ឥត​សណ្ដាប់ធ្នាប់​។ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​បានសរសេរថា​៖«​នៅពេល​អ្នក​ទៅលេង​ឧទ្យាន​ជាតិ​ហើយ គួរ​ណាស់​តែ​យក​សំរាម​អ្នក​ត្រលប់​តាម​ខ្លួន​វិញ​។ គួរតែមាន​ទំនួល​ខុសត្រូវ​»​។ ចំណែក​ម្នាក់ទៀត រិះគន់ថា ទំនួល​ខុសត្រូវ​បែបនេះ គឺជា​អ្វីដែល​ត្រូវបាន​បង្រៀន និង​អនុវត្ត​តាំងពី​វ័យ​កុមារ​មកម្ល៉េះ​។ នៅពេល​ធំ​ពេញវ័យ​ហើយ​នោះ ទម្លាប់​អាក្រក់​ពិបាក​នឹង​ផ្លាស់ប្តូ​រណាស់​»​។ 
 
​បើតាម​លោក Kriangsak «​ផែនការ​៣​ដំណាក់កាល​» មួយ នឹងត្រូវ​ដាក់​ឲ្យ​អនុវត្ត ក្នុង​គោលដៅ​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​ជួយ​ដើរ​ប្រមូល​សំរាម​ប្លា​ស្ទិ​ក​នៅក្នុង​តំបន់​ឧទ្យាន​ជាតិ​។ គម្រោង​នេះ ក៏​នឹង​បង្កើត​គណៈកម្មាធិការ​មួយ​ផងដែរ​ដើម្បី​ចាត់ចែង​ការគ្រប់គ្រង​កាកសំណល់ ហើយ​ចុងក្រោយ​គឺមាន​គោលដៅ​អប់រំ​សាធារណជន​អំពី​ការបង្ការ​សកម្មភាព​បោះចោល​សំរាម​។ 
 
​សូមបញ្ជាក់ថា ប្រទេស​ថៃ​គឺជា​អ្នកប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ដ៏​ធំ​មួយ​លើ​ពិភពលោក​។ បើតាម​របាយការណ៍រ​បស់​អង្គការ​បរិស្ថាន Greenpeace សំណល់​ប្លា​ស្ទិ​ក​ប្រមាណ​៧៥​លាន​ថង់ ត្រូវបាន​បោះចោល​ជា​រៀងរាល់ឆ្នាំ​ក្នុងប្រទេស​ថៃ​។ ក្នុង​ខែកញ្ញា កន្លងទៅ រដ្ឋមន្ត្រី​បរិស្ថាន​ថៃ បានប្រកាស ហាង​ទំនិញ​ធំៗ​ក្នុងប្រទេស​ថៃ នឹង​តម្រូវ​ឲ្យ​បញ្ឈប់​ការផ្តល់​ថង់​ប្លា​ស្ទិ​ក (​ប្រើ​តែម្តង​បោះចោល​) ចាប់ពី​ខែមករា ឆ្នាំ​២០២០ តទៅ​៕

Tag:
 ថៃ​
  សត្វ​ក្តាន់​
  ប្លា​ស្ទិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com