កីឡាជាតិ
ជាតិ
លោក Felix ៖ ខ្ញុំតែងតែមើលភាពរីកចម្រើនរបស់កីឡាករ ជាងចំនួនគ្រាប់បាល់
× ភ្នំពេញ៖ លទ្ធផលក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា យកឈ្នះទីម័រខាងកើត ៥ទល់០ កាលពីថ្ងៃទី២៧ វិច្ឆិកានោះ ពិតជាធ្វើឱ្យអ្នកគាំទ្រ មិនអាចភ្លេចឡើយ ពីជ័យជម្នះមួយនេះ។ ដ្បិតកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ ដើម្បីសម្រេចលទ្ធផលជាទីគាប់ចិត្តនេះក្តី ប៉ុន្តែក៏នៅមានចំណុចខ្វះខាត ដែលត្រូវកែតម្រូវ នាប្រកួតក្រោយទៀត នៅក្នុងពូល A នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន នេះដែរ។
«ខ្ញុំតែងតែពិនិត្យមើលមុខងារក្រុម ក៏ដូចជាភាពរីកចម្រើនរបស់កីឡាករនីមួយៗ ជាជាងចំនួនគ្រាប់បាល់ ឬលទ្ធផលតែមួយមុខ»។ នេះជាការលើកឡើងរបស់លោក Felix G. Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដែលបង្ហាញពីចំណាប់អារម្មណ៍ខ្លួន នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតរវាងកម្ពុជា និងទីម័រខាងកើត។
លោក Felix ក៏មើលឃើញពីការរីកចម្រើន និងការបង្ហាញទម្រង់លេងល្អរបស់កូនក្រុមខ្លួនដែរ ប៉ុន្តែក៏នៅតែមានចំណុចអវិជ្ជមានខ្លះ ដែលត្រូវព្យាយាមដោះស្រាយបន្តទៀត។ តែលោក មិនបានលម្អិតពីចំណុចខ្វះខាតរបស់កូនក្រុមឡើយ។
គ្រូបង្វឹកជម្រើសជាតិកម្ពុជា សញ្ជាតិអាហ្សង់ទីនរូបនេះ បាននិយាយដូច្នេះថា៖«សម្រាប់ការប្រកួតនេះ ខ្ញុំរីករាយចំពោះកីឡាករ ។ ខ្ញុំគិតថា ការប្រកួតនេះ យើងធ្វើបានល្អលើចំណុចមួយចំនួន និងនៅខ្វះខាតលើចំណុចមួយចំនួនទៀត»។
ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា បានទទួលជ័យជម្នះលើទីម័រខាងកើត ៥ទល់០។ គ្រាប់បាលទាំង៥គ្រាប់នេះ សម្រេចបានដោយកីឡាករខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ចំនួន២គ្រាប់ ស្របពេលដែល កែវ សុខផេង ,ស៊ិន កក្កដា និង សៀង ចន្ធា រកបានម្នាក់១គ្រាប់។
លទ្ធផលជ័យជម្នះនេះនាំឲ្យកម្ពុជា មាន៤ពិន្ទុនៅក្នុងពូល A ស្មើមីយ៉ាន់ម៉ា ខណៈម្ចាស់ផ្ទះហ្វីលីពីនដែលប្រកួតបាន២លើក មាន១ពិន្ទុស្មើ ម៉ាឡេស៊ី។ រីឯទីម័រខាងកើត មិនទាន់មានពិន្ទុរាប់។ កម្ពុជាត្រូវប៉ះមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែធ្នូ សម្រាប់ជំនួបបន្ទាប់៕
Tag:
បាល់ទាត់
កីឡា
Felix G. Dalmas
© រក្សាសិទ្ធិដោយ thmeythmey.com