កញ្ញា សុធាវី​៖ នាំគ្នា​ថា​តៃវ៉ាន់​ស្អាត សិង្ហ​បុរី​ស្អាត យើង​ក៏ត្រូវ​រួមគ្នា​ឲ្យ​គេ​សរសើរ​ថា ខ្មែរ​ស្អាត​ដែរ​
ជាតិ
កញ្ញា សុធាវី​៖ នាំគ្នា​ថា​តៃវ៉ាន់​ស្អាត សិង្ហ​បុរី​ស្អាត យើង​ក៏ត្រូវ​រួមគ្នា​ឲ្យ​គេ​សរសើរ​ថា ខ្មែរ​ស្អាត​ដែរ​
29, Nov 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ យុទ្ធនាការ​«Think Plastic» ត្រូវបាន​កញ្ញា អាត សុធាវី បង្កើតឡើង​នៅ​អំឡុង​ខែមីនា ឆ្នាំ​២០១៩ បន្ទាប់ពី​នាង​បានឃើញ​រូបភាព​សំរាម ជាពិសេស​សំរាម​ប្លា​ស្ទិ​ក​ច្រើនពេក និង​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ប្រទេស​កម្ពុជា ជាពិសេស​នៅ​តំបន់​ទេសចរណ៍​។ ក្នុង​យុទ្ធនាការ​នេះ កញ្ញា អាត សុធាវី បាន​ផលិត​ជា​វីដេអូ​អប់រំ​ខ្លីៗ​ពី​ផលប៉ះពាល់​របស់​បា្ល​ស្ទិ​ក ការ​ទុកដាក់​សំរាម និង​សកម្មភាព​ប្រចាំថ្ងៃ​ដែល​អាច​ចូលរួម​កាត់បន្ថយ​ប្លា​ស្ទិ​ក​ជាដើម​។ អ្នក​ខេត្ត​ត្បូងឃ្មុំ រូបនេះ រំពឹងថា​យុទ្ធនាការ​«Think Plastic» នឹង​ជួយ​បង្កើន​ចំណេះដឹង​អំពី​ប្លា​ស្ទិ​ក​ទៅដល​ពលរដ្ឋ​កម្ពុជា ហើយ​គោលដៅ​របស់​កញ្ញា អាត សុធាវី ស្ថាបនិក​«Think Plastic» គឺ​នាង​ចង់ឃើញ គឺ​ប្រទេស​កម្ពុជា​ស្អាត គ្មាន​សំរាម​ប្លា​ស្ទិ​កនៅ​ពាល​វាល​ពាសកាល​នៅក្នុង​រយៈពេល ១០​ឆ្នាំ​ទៀត​។

 
​ការនិយាយ និង​ការធ្វើសកម្មភាព​ទាក់ទង​នឹង​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក និង​ការ​ទុកដាក់​សំរាម កាន់តែ​មាន​ភាព​សកម្ម​ភាព​ឡើងៗ​នៅ​កម្ពុជា​។ កញ្ញា អាត សុធាវី ក៏​ជា​អ្នក​ដែលមាន​សកម្មភាព​ច្រើន​ដែរ អំពី​បញ្ហា​នេះ​។ នៅ​ដើមឆ្នាំ​២០១៩ នារី​សក់​ខ្លី​វា​លក វ័យ​៣៣​ឆ្នាំ​រូបនេះ បាន​បង្កើត​យុទ្ធនាការ​មួយ ឈ្មោះថា​«Think Plastic» ឬ​«​សូម​គិតពី​ប្លា​ស្ទិ​ក​» ដើម្បី​ចែករំលែក​បទពិសោធន៍​ការកាត់បន្ថយ​ការប្រើប្រាស់​បា្ល​ស្ទិ​ក​របស់ខ្លួន​,​ពន្យល់​ពី​ផលប៉ះពាល់​របស់​ប្លា​ស្ទិ​ក​ដល់​សុខភាព និង​បរិស្ថាន និង​ការរៀបចំ​ទុកដាក់​សំរាម​ជាដើម​។​
 
 
​ជា​កូន​ទី​៤ ក្នុងចំណោម​បងប្អូន​ប្រុស​ស្រី​៦​នាក់ នៃ​គ្រួសារ​អ្នកលក់ដូរ​មួយ​ក្នុងស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កញ្ញា អាត សុធាវី បាន​ឲ្យ​ដឹងថា យុទ្ធនាការ​«​សូម​គិតពី​ប្លា​ស្ទិ​ក​»​បង្កើតឡើង នៅពេលដែល​នាង​បានឃើញ​សំរាម ជាពិសេស​សំរាម​ប្លា​ស្ទិ​ក ច្រើន​ហួសប្រមាណ​អណ្តែត​មក​ទើរ​នៅ​ច្រាំង​សមុទ្រ និង​សំរាម​នៅ​ទីកន្លែង​ផ្សេងទៀត​នៅ​កម្ពុជា ជាពិសេស​នៅ​តំបន់​ទេសចរណ៍​តែម្តង​។ កញ្ញា អាត សុធាវី រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey ដូច្នេះ​៖«​ខ្ញុំ​ឃើញថា​សំរាម​ប្លា​ស្ទិ​កនៅ​ស្រុក​ខ្មែរ​យើង វា​ច្រើនពេក​។ ខ្ញុំ​ទៅលេង​ឆ្នេរសមុទ្រ​ដែល​ខ្ញុំ​ធ្លាប់​ទៅ ហើយ​សំរាម​នៅលើ​ឆ្នេរ​វា​ច្រើន​មែនទែន​។ ដល់​កម្រិត​មួយ​ដែល​យើង​គិតថា បើ​យើង​អត់​ធ្វើ​អ្វី​ម្យ៉ាង​ទេ សំរាម​ហ្នឹង​វា​កាន់តែច្រើន​ទៅ​។ អ៊ីចឹង មុន និង​ក្រោយ ប្រទេស​កម្ពុជា សឹងតែ​ថា​គ្រប់កន្លែង​ណា ក៏មាន​សំរាម​ច្រើន​ដែរ​។ អ៊ីចឹង​វា​អាចជា​បញ្ហា​ដល់​បរិស្ថាន និង​មនុស្ស​យើង​ដែរ​»​។​


 
​កញ្ញា អាត សុធាវី ចង់ឃើញ​ស្រុក​ខ្មែរ​ស្អាត គ្មាន​សំរាម​!
 
​ក្នុង​រយៈពេល​មិនទាន់បាន​មួយឆ្នាំ​ផង កញ្ញា អាត សុធាវី វ័យ​៣៣​ឆ្នាំ បាន​ផលិត​ជា​វីដេអូ​អប់រំ​ខ្លីៗ​ជាង​៥០​ហើយ ស្តីពី​ផលប៉ះពាល់​របស់​បា្ល​ស្ទិ​ក សកម្មភាព​កាត់បន្ថយ​ការប្រើ​ប្លា​ស្ទិ​ក​ប្រចាំថ្ងៃ និង​ការ​ទុកដាក់​សំរាម​ជាដើម​។ វីដេអូ​ទាំងអស់នោះ មាន​អ្នកទស្សនា​ច្រើនជាង ១ លាន​ដង​។ សម្រាប់ សុធាវី តួលេខ​អ្នកទស្សនា​នេះ បានផ្តល់​ក្តីសង្ឃឹម និង​ការលើកទឹកចិត្ត​ដល់​នាង ឲ្យ​កាន់តែ​ស្វាហាប់​ថែមទៀត នៅក្នុង​សកម្មភាព​សង្គម​មួយ​នេះ​។ 
 
​អ្វីដែល​ធ្វើ​ឲ្យ នារី​សក់​ខ្លី​សម្បុរ​សរូប​នេះ កាន់តែ​រំភើប និង​បាន​ចាត់ទុកថា​ជា​ជោគជ័យ​ជំហាន​ដំបូង​របស់ខ្លួន​នោះ​គឺ​មិត្តភក្តិ​ជុំវិញខ្លួន និង​អ្នក​ដែល​បាន​ទស្សនា​វីដេអូ​របស់ខ្លួន​មួយចំនួន​នោះ បានចាប់ផ្តើម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​។ 
 
​កញ្ញា អាត សុធាវី បន្ត​ជាមួយនឹង​ពាក្យពេចន៍​ក្លៀវក្លា​ថា​៖«​ការចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ទាមទារ​ឲ្យ​យើង​មានការ​លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក​។ ចំពោះ​ខ្ញុំ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​អ្នក​ដែល​មើល​វីដេអូ គាត់​ចូលរួម​កាត់បន្ថយ​។ ចំពោះ​អ្នក​ដែល​ចូលរួម​កាត់បន្ថយ ហើយ​គាត់​ប្រាប់​រឿង​ហ្នឹង​មក​ខ្ញុំ​វិញ គឺ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​អ្វីដែល​យើង​បាន​ចែករំលែក​ទៅ គឺ​គាត់​ទទួលបាន ហើយ​ពួកគាត់​អាចធ្វើ​តាម​ដែរ​។ អ៊ីចឹង​ខ្ញុំ​សង្ឃឹមថា អ្វីដែល​ខ្ញុំ​ចែករំលែក អាចមាន​ឥទ្ធិពល​ជា​វិជ្ជមាន​ចំពោះ​អ្នកផ្សេង​»​។​
 
​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន និង​ពេលវេលា​ដែល​នៅ​សេសសល់​ពី​ការងារ​ប្រចាំថ្ងៃ កញ្ញា អាត សុធាវី មិន​ប្រាថ្នា​ឲ្យ​អ្នកដទៃ​សរសើរ​ខ្លួន ថា​បាន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ឡើយ ប៉ុន្តែ​ស្ត្រី​ដែល​ស្រឡាញ់​បរិស្ថាន​រូបនេះ ចង់​ឮ​ភ្ញៀវទេសចរ​បរទេស ឬ​អ្នក​ដែល​មកដល់​កម្ពុជា អួត​សរសើរ​ថា ប្រទេស​ខ្មែរ​ស្អាត គ្មាន​សំរាម​។ កញ្ញា អាត សុធាវី លើកឡើង​ដូច្នេះ​៖ «​អ្វីដែល​យើង​តែងតែ​ឮ​ប្រជាជន​ខ្មែរ​យើង​និយាយ គឺថា​ស្រុក​ខ្មែរ​អត់​សូវ​ស្អាត​ទេ កន្លែង​ណា​ក៏​សម្បូរ​សំរាម​ដែរ​។ ហើយ​អ្នក​ដែល​ធ្លាប់បាន​ទៅ​ស្រុក​គេ គេ​ថា ប្រទេស​គេ​ស្អាត​ណាស់​! សិង្ហ​បុរី​ស្អាត​! តៃវ៉ាន់​ស្អាត​ណាស់​! ប្រទេស​នេះ​ស្អាត​! អ៊ីចឹង​ខ្ញុំ​ចង់​ឲ្យ​ពាក្យ​ហ្នឹង​គេ​និយាយ​ដូចគ្នា​ដែរ​។ ២០​ឆ្នាំក្រោយ ១០​ឆ្នាំក្រោយ ក្មេងៗ​ជំនាន់​ក្រោយ ឬ​អ្នក​គេ​មកលេង​ស្រុក​ខ្មែរ គេ​និយាយថា ស្រុក​ខ្មែរ​ស្អាត​ណាស់ គ្មាន​សំរាម​។ អ៊ីចឹង​នេះ​ជា​ជំហាន​មួយ បើសិនជា​យើង​ធ្វើការ​ជាមួយគ្នា​នៅ​ថ្ងៃ​ហ្នឹង ១០​ឆ្នាំក្រោយ គឺ​កម្ពុជា​យើង​អត់​មាន​សំរាម​។ វា​មាន​ដែរ មិន​អត់​សោះ​ទេ តែ​វា​នៅ​កន្លែង​មួយ​ដែល​ត្រឹមត្រូវ​»​។​
 


​កញ្ញា អាត សុធាវី​៖ ការងារ​សង្គម​ធ្វើ​ឲ្យ​យុវជន​ចេះ​ធ្វើការ​ជាមួយ​មនុស្ស​
 
​តាមពិតទៅ យុទ្ធនាការ​«​សូម​គិតពី​ប្លា​ស្ទិ​ក​» មិនមែនជា​ការងារ​ស្នូល​របស់​កញ្ញា អាត សុធាវី​នោះទេ វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការងារ​សង្គម​របស់​នា​ង​ប៉ុណ្ណោះ​។ សុធាវី បាន​ចំណាយ​ទាំង​ថវិកា​ផ្ទាល់ខ្លួន និង​ជាពិសេស​ពេលវេលា​ដែល​សេសសល់​ពី​ការងារ​ប្រចាំថ្ងៃ​របស់​នាង​ទាំង​អម្បាលម៉ាន មក​ផលិត​វីដេអូ​អប់រំ អំពី​ប្លា​ស្ទិ​ក​នេះ​។ 
 
​លះបង់ដល់​ថ្នាក់​នេះ ក៏​ព្រោះតែ​ស្ត្រី​វ័យ​៣៣​ឆ្នាំ​រូបនេះ ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ​ការធ្វើការងារ​សង្គម ដែល​នាង​បន្តធ្វើ​មក​ប្រមាណ​១៥​ឆ្នាំ​មកហើយ​។ បើតាម កញ្ញា អាត សុធាវី រយៈពេល​កន្លងមក នាង​បាន​ចូលរួម​យ៉ាងច្រើន​នៅក្នុង​ការងារ​សង្គម ជាមួយ​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការងារ​នៅក្នុង​វិស័យ​អប់រំ និង​សុខាភិបាល​។ សម្រាប់​ស្ត្រី​រូបនេះ ការចូលរួម​ក្នុង​ការងារ មិន​ត្រឹមតែ​ផ្តល់​ចំណេះដឹង កេរ្តិ៍ឈ្មោះ និង​បទពិសោធន៍​ការងារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​វា​បាន​ជួយ​បង្រៀន​ឲ្យ​ចេះ​ពី​របៀប​ធ្វើ​ការងារ​ផង​។​
 
​កញ្ញា អាត សុធាវី ពន្យល់​បន្ថែមថា​៖«​បើសិនជា​យុវជន​គាត់​ចាប់ផ្តើម​ធ្វើការ​ងារ​សង្គម​ណាមួយ មិន​ថា​ទៅលើ​ផ្នែក​អប់រំ បរិស្ថាន ឬ​ទេសចរណ៍ ឬក៏​ផ្នែក​ណាមួយ​ទេ ខ្ញុំ​ជឿថា គាត់​នឹង​រៀន​បាន​ច្រើន​ចេញពី​អ្វីដែល​គាត់​បានធ្វើ​ហ្នឹង​។ ហើយ​អ្វីដែល​សំខាន់​មួយទៀត គឺ​យើង​រៀនធ្វើការ​ជាមួយ​មនុស្ស​នៅក្នុង​សង្គម​ដូចគ្នា ពីព្រោះ​នេះ​គឺជា​រឿង​មួយ​ដែល​សំខាន់​។ ការណ៍​ដែល​យុវជន​ទាំងអស់គ្នា​ទៅ​រៀន​នៅ​មហាវិទ្យាល័យ រៀន​បាន​ជ្រៅជ្រះ​ច្រើន គឺជា​រឿង​ល្អ ប៉ុន្តែ​គាត់​មាន​ជំនាញ​រៀន គាត់​ត្រូវមាន​ជំនាញ​ធ្វើ​មួយទៀត​។ អ៊ីចឹង​គឺ​វា​ទាក់ទង​នឹង​ការងារ​សង្គម​ហ្នឹងហើយ ទាល់តែ​គាត់​ចាប់​ប្រឡូក គាត់​ចាប់ផ្តើម​ចូលរួម ទើប​គាត់​បែកគំនិត​ច្រើន មើលឃើញ​ភាពទូលំទូលាយ​បាន​ច្រើន បទពិសោធន៍​របស់គាត់ ក៏​ល្អ​ជាង​មុន​»​។​
 
​ដោយ​វា​មានគុណ​តម្លៃ​ដ៏​មហិមា​នេះហើយ ទើប​កញ្ញា អាត សុធាវី លើកទឹកចិត្ត​ឲ្យ​យុវជន ចូលរួម​ធ្វើ​ការងារ​សង្គម​ឲ្យ​បាន​កាន់តែច្រើន និង​ចូលរួម​ដោយ​ក្តី​ស្រឡាញ់ ទើប​ការងារ​នោះ​មាន​ភាព​យូរអង្វែង និង​ទទួលបាន​ផ្លែផ្កា​ល្អ​។ «​ធម្មតា​អ្វី​ក៏ដោយ ដែល​យើង​ធ្វើ​ដោយ​ក្តី​ស្រឡាញ់ គឺ​ទី​១ យើង​ធ្វើបាន​យូរអង្វែង ហើយ​បើសិនជា​យើង​ធ្វើ​ច្រើន យើង​ធ្វើ​យូរៗ​ទៅនឹង​មាន​គេ​ទទួលស្គាល់ ដែល​យើង​សន្ម​ត់​ថា​ជាការ​កសាង​កេរ្តិ៍ឈ្មោះ​ហ្នឹង​។ អ៊ីចឹង ចំពោះ​ខ្ញុំ ខ្ញុំ​មើលឃើញថា អ្វី​ក៏ដោយ​ឲ្យ​តែ​យើង និង​ចូលរួម​ដោយ​សុ​ដ្ឋ​ចិត្ត អ៊ីចឹង​គឺ​យើង​អត់​ចាំបាច់​គិត​ច្រើន ថា​ខ្ញុំ​ធ្វើ​អ៊ីចឹង​ដើម្បី​ខ្ញុំ​ល្បី ខ្ញុំ​ធ្វើ​អ៊ីចឹង​ដើម្បី​មានកេរ្តិ៍ឈ្មោះ ឲ្យ​គេ​ស្គាល់ ឬអី​។ ....​។ ខ្ញុំ​លើកទឹកចិត្ត​ឲ្យ​យុវជន​ធ្វើ​ចេញពី​ចិត្ត​»​។ នេះ​ជាការ​លើកឡើង​របស់ កញ្ញា អាត សុធាវី ស្ថាបនិក យុទ្ធនាការ​«Think Plastic» ឬ​«​សូម​គិតពី​ប្លា​ស្ទិ​ក​» ៕

Tag:
 អាត សុធាវី​
 ​ប្លា​ស្ទិ​ក​
 ​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com