ពីនេះ ពីនោះ
ដើម្បី​ចិញ្ចឹម​កង្កែប​ឲ្យ​បាន​ផល​ច្រើន កសិករ​ត្រូវ​ចេះ​រើស​ទីតាំង​ចិញ្ចឹម ថែទាំ និង​ឲ្យ​ចំណី
29, Nov 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​ឲ្យ​ការចិញ្ចឹម​កង្កែប ទទួលបាន​ផល​ច្រើន កសិករ​ត្រូវ​ដឹង​ពី​ការជ្រើសរើស​ទីតាំង ការរៀបចំ​កន្លែង របៀប​ចិញ្ចឹម និង​ការថែទាំ និង​ផ្តល់​ចំណី​ត្រឹមត្រូវ​ផងដែរ​។ បើតាម​សៀវភៅ​កសិករ​ជោគជ័យ ការចិញ្ចឹម​កង្កែប​ត្រូវការ​ទីតាំង​ដែល​ម្លប់ និង​ស្រឡះ​ល្អ​។​

 
​ដើម្បី​ចិញ្ចឹម​កង្កែប​ឲ្យ​បាន​ទិន្នផល​ច្រើន សៀវភៅ​កសិករ​ជោគជ័យ នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បាន​ណែនាំ​កសិករ គួរ​ជ្រើសរើស​ទីតាំង​ដែលមាន​ដី​ទួល​ខ្ពស់​មិន​លិច​ទឹក នៅ​រដូវវស្សា និង​ទីតាំង​នោះ​ត្រូវតែ​ជា​កន្លែង​ម្លប់ និង​មាន​ទីធ្លា​ស្រឡះ​ល្អ ព្រមទាំង​មាន​រុក្ខជាតិ​តូចៗ​ដូចជា​ស្មៅ និង​ស្លឹកគ្រៃ​នៅក្បែរ​នោះដែរ ដើម្បី​ទាក់ទាញ​សត្វល្អិត​ដែលជា​ចំណី​របស់​កង្កែប​។ 
 
​ដើម្បី​ធ្វើជា​កន្លែង​ដាក់​ចិញ្ចឹម​កង្កែប កសិករ​ត្រូវ​កាប់​រណ្ដៅ ដែលមាន​ទទឹង ៨​តឹក , បណ្ដោយ ២,៥ ម៉ែត្រ និង​ជម្រៅ ៤​តឹក ហើយ​ត្រូវ​ក្រាល​ថង់​ប្លា​ស្ទិ​កនៅ​បាត​រណ្ដៅ ព្រមទាំង​ដាំ​ស្មៅ​នៅ​ជុំវិញ​មាត់​រណ្ដៅ​ផង ដើម្បី​ការពារ​ការ​របូត​ថង់​ធ្លាយ​ទឹក​។ នេះ​បើតាម​សៀវភៅ​កសិករ​ជោគជ័យ​ដដែល ដោយបាន​បន្ត​ពិពណ៌នា​ពី ជីវសាស្ត្រ​របស់​សត្វ​កង្កែប​ទៀតថា​៖«​កង្កែប​ជាស​ត្វ​ដែល​ត្រូវការ​ភាព​សើម ដូច្នេះ​ការចិញ្ចឹម កសិករ​ត្រូវដាក់​ទឹក​ក្នុង​រណ្ដៅ​ឲ្យ​ជិត​ពេញ និង​ដាក់​កំប្លោក​ត្រឹម​១​ភាគ​២ នៃ​រណ្ដៅ ឲ្យ​ជា​ជម្រក​ដល់​កង្កែប​»​។​
 
​បើតាម​សៀវភៅ​កសិករ​ជោគជ័យ​ដដែល កសិករ​ត្រូវធ្វើ​របាំង​ការពារ​២​ជាន់​ព័ទ្ធជុំវិញ​រណ្តៅ ដោយ​របាំង​ទី​១ ត្រូវ​ប្រើ​ស្បៃ​ទទឹង​ទំហំ ២,៨​ម៉ែត្រ បណ្ដោយ ៣,២​ម៉ែត្រ និង​មាន​កម្ពស់​៩​តឹក​។ ចំណែក​របាំង​ទី​២ កសិករ​ត្រូវធ្វើ​ព្រួល​ពី​ឫស្សី ទទឹង​ទំហំ ៣​ម៉ែត្រ បណ្ដោយ ៤​ម៉ែត្រ និង​កម្ពស់ ១​ម៉ែត្រ​។ ការធ្វើ​របាំង​បែបនេះ គឺ​ដើម្បី​ការពារ​សត្វ​ផ្សេងៗ ដូចជា ជ្រូក គោ មាន់ ទា និង​ពស់​ជាដើម​។ នេះ​ជាការ​ពន្យល់​របស់ សៀវភៅ​កសិករ​ជោគជ័យ ហើយក៏​ប្រាប់​ឲ្យ​កសិករ គួរ​ធ្វើ​ដំបូល ប្រក់​ពី​ស្លឹក​ដូង សម្រាប់​ការពារ​កម្ដៅថ្ងៃ​ផងដែរ​។ 
 
​ទាក់ទង​នឹង​ការផ្ដល់​ចំណី​វិញ កសិករ​ត្រូវ​ឲ្យ​ចំណី​ដល់​កង្កែប​ស៊ី ទៅតាម​ដំណាក់កាល​។ សម្រាប់​កូន​កង្កែប ត្រូវ​ឲ្យ​ស៊ី​កូន​ក្អាត់ ជន្លេន ឬ​កូន​ត្រី​។ ចំណែក​កង្កែប​ធំៗ ត្រូវ​ឲ្យ​ស៊ី​កន្ទក់​លាយ​ជាមួយ​បាយកក កូន​ត្រី ពោះវៀន​មាន់ ទា ចិញ្ច្រាំ​ឲ្យ​ម៉ត់ ដាក់​ក្នុង​ស្នូក​ឲ្យ​ស៊ី​រាល់ថ្ងៃ​។ 
 
​ចំពោះ​ការចិញ្ចឹម​កង្កែប​តូចៗ កសិករ​ត្រូវ​ប្ដូរ​ទឹក​ក្នុង​រណ្ដៅ ១​សប្ដាហ៍​ម្ដង ហើយក​ត្រូវ​ឧស្សាហ៍​មើល​ក្នុង​រណ្ដៅ កុំ​ឲ្យ​កង្កែប​គរ​លើ​គ្នា ក៏ដូចជា​ស្រង់​កាកសំណល់​ចេញ ដើម្បី​កុំ​ឲ្យ​កង្កែប​ងាយ​មាន​ជំងឺ​។ នៅពេល​រដូវក្ដៅ កសិករ ត្រូវ​ស្រោច​ទឹក​ជុំវិញ​ក្នុង​ស្បៃ​ឲ្យ​មាន​សំណើម​។ បើ​កង្កែប​មាន​រលាត់ ត្រូវ​ប្រើ​ថ្នាំ​ប្រាំ​សែន លាយ​ជាមួយ​ទឹក​ធម្មតា ហើយ​លាប​លើ​កន្លែង​ដែលមាន​រលាត់​នោះ​៕
 
(​សារព័ត៌មាន​ថ្មីៗ ដកស្រង់​ចេញ​សៀវភៅ​កសិករ​ជោគជ័យ នៃ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​)

Tag:
 កង្កែប​
  ចិញ្ចឹម​
  ទិន្នផល
© រក្សាសិទ្ធិដោយ thmeythmey.com