ព្រះមហាក្សត្រ ប្រទាន​រាជសារ​ជូន​មេ​ដឹក​កូរ៉េ​ទាំងពីរ ដើម្បី​ថ្លែងអំណរគុណ​ត្រឡប់​ទៅវិញ​
ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ ប្រទាន​រាជសារ​ជូន​មេ​ដឹក​កូរ៉េ​ទាំងពីរ ដើម្បី​ថ្លែងអំណរគុណ​ត្រឡប់​ទៅវិញ​
28, Nov 2019 , 4:27 pm        
រូបភាព
ព្រះករុណាព្រះបាទ ន​រោ​ត្ដម សីហមុនី, លោក មូ​ន ចេ​អ៊ី​ន, លោក គីម ជុង​អ៊ុន (រូបពី AFP)
ព្រះករុណាព្រះបាទ ន​រោ​ត្ដម សីហមុនី, លោក មូ​ន ចេ​អ៊ី​ន, លោក គីម ជុង​អ៊ុន (រូបពី AFP)
ដោយ: ថ្មីៗ
​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ទ្រង់​ប្រទាន​ព្រះរាជសារ​ជូនទៅ​លោក មូ​ន ចេ​អ៊ី​ន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោក  គីម ជុង​អ៊ុន មេដឹកនាំ​កូរ៉េខាងជើង ដើម្បី​ថ្លែងអំណរគុណ និង​ជូនពរ​ត្រឡប់​ទៅវិញ ចំពោះ​មេដឹកនាំ​ទាំងពីរ​នេះ ដែល​បាន​ថ្វាយ​លិខិត​មក​ព្រះអង្គ ចូលរួម​អបអរសាទរ​ក្នុងឱកាស​ប្រទេស​កម្ពុជា ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៦ កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ​។​

 
​ព្រះរាជសារ​ដែល​ប្រទាន​ទៅ​លោក មូ​ន ចេ​អ៊ី​ន ព្រះមហាក្សត្រ ទ្រង់​មានព្រះបន្ទូលថា​៖«​ស្រប​ពេលដែល​ខ្ញុំ​ជូនពរ​ឯកឧត្តម ឲ្យ​មាន​សុខភាព​ល្អ និង​ទទួលបាន​ជោគជ័យ រួមទាំង​ជូនពរ​ឲ្យ​សាធារណរដ្ឋ​កូរ៉េ មាន​សន្តិភាព និង​វិបុលភាព ខ្ញុំ ក៏មាន​ជំនឿ​ផងដែរ​ថា  នាពេល​ឆាប់ៗ​នេះ យើង នឹង​បានឃើញ​មិត្តភាព​របស់​យើង កាន់​តែមាន​ភាពជិតស្និទ្ធ ហើយ​កិច្ច​សហប្រតិបត្តិ ក៏​កាន់តែ​ស៊ីជម្រៅ ដែល​នាំមក​នូវ​ប្រយោជន៍ និង​សុខុមាលភាព​ដល់​ប្រជាជន​យើង​ទាំងពីរ​»​។ 
 
​ចំណែក​ព្រះរាជសារ​ដែល​ទ្រង់​ប្រទាន​ដល់​លោក គីម ជុង​អ៊ុន ព្រះករុណា ទ្រង់មាន​ព្រះរាជឱង្ការ​ថា​៖«​ទន្ទឹមនឹង​ការ​ជូនពរ​ឯកឧត្តម​ឲ្យ​មាន​សុខ​ភាពល្អ និង​មានសុភមង្គល ខ្ញុំ​ក៏​តាំង​ព្រះ​ហឫទ័យ​ក្នុង​ការបន្ត​ពង្រឹង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ ដើម្បី​ជា​ប្រយោជន៍​នៃ​ប្រជាជន​របស់​យើង​»​។ 
 
​ព្រះរាជសារ​ទាំងពីរ ​ព្រះអង្គ ទ្រង់​ឡាយព្រះហស្តលេខា​ក្នុង​ថ្ងៃ​តែមួយ គឺនៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩៕ 

Tag:
 ​ព្រះមហាក្សត្រ​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន
© រក្សាសិទ្ធិដោយ thmeythmey.com