អន្តរជាតិ
មេដឹកនាំ​កូរ៉េខាងត្បូង​និង​ម៉ាឡេស៊ី សម្រេច​ដំឡើង​ចំណង​ការទូត​ទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​»
28, Nov 2019 , 9:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីកូរ៉េខាងត្បុងមូន ចេអ៊ីន នៅក្នុងវិមានរដ្ឋាភិបាលCheong Wa Dae។ រូបភាព៖ Facebook Moon Jae In
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ (ខាងឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីកូរ៉េខាងត្បុងមូន ចេអ៊ីន នៅក្នុងវិមានរដ្ឋាភិបាលCheong Wa Dae។ រូបភាព៖ Facebook Moon Jae In
​ក្នុងជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា នា​វិមាន​រដ្ឋាភិបាល Cheong Wa Dae បាន​ឯកភាព​ជាគោលការណ៍​ក្នុងការ​ដំឡើង​ការទូត​ជាមួយគ្នា​ទៅជា​«​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​» នៅ​ឆ្នាំក្រោយ​។ អំឡុង​ជំនួប​មេដឹកនាំ ប្រទេស​ទាំងពីរ​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន ៤​ផងដែរ​។


 
​ជា​ជំនួប​ទ្វេភាគី​នៅ​សេ​អ៊ូ​ល ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ប្រាប់​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ ក្នុងពេល​ចាប់ផ្តើម​ថា គោលនយោបាយ​សម្លឹង​ទៅ​ភាគខាងត្បូង​ថ្មី​របស់​កូរ៉េខាងត្បូង និង​គោលនយោបាយ​សម្លឹងមើល​ភាគ​ខាងកើត​របស់​ម៉ាឡេស៊ី គឺ​ត្រូវ​គ្នា​ល្អ​ណាស់​។ បើតាម​លោក​មូ​ន ចេ​អ៊ី​ន កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ គឺ​សំខាន់​ណាស់ ដើម្បី​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ទីក្រុង​វៃឆ្លាត វិស័យ​ឧស្សាហកម្ម​ជាដើម​។ 
 
​បើតាម​ការប្រកាស​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង Cheong Wa Dae ភាគី​ទាំងពីរ បានសម្រេច​កិច្ចព្រមព្រៀង​មួយ ក្នុងការ​ដំឡើង​ទំនាក់ទំនង​ការទូត​ជាមួយគ្នា ឲ្យ​ក្លាយទៅជា «​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​» នៅក្នុង​ឆ្នាំ ២០២០ ដែល​ត្រូវជា​ឆ្នាំ​នៃ​គម្រប់​ខួប​លើក​ទី ៦០ នៃ​ចំណង​ការទូត​រវាង​ទីក្រុង​សេ​អ៊ូ​ល និង​គូ​ឡា​ឡាំ​ពួ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​ទន្ទឹមគ្នានេះ លោក ប្រធានាធិបតី​មូ​ន សង្ឃឹមថា កូរ៉េខាងត្បូង និង​ម៉ាឡេស៊ី នឹង​អភិវឌ្ឍ​ភាពជា​ដៃគូ​បន្ថែមទៀត​ទៅក្នុង​វិស័យ​មួយចំនួន​ដូចជា បច្ចេកវិទ្យា​ទំនាក់ទំនង និង​ព័ត៌មានវិទ្យា ឧស្សាហកម្ម​លើ​សព្វាវុធ ការថែទាំ​សុខភាព និង​ក្រុមហ៊ុន​ធុន​តូច និង​មធ្យម​ជាដើម​។ ដោយ​ទទួលស្គាល់ថា​លោ កម​ហា​ធៀ គឺជា​គតិបណ្ឌិត លោក មូ​ន ក៏បាន​ស្នើ​ឲ្យ​លោក មហា​ធៀ ជួយ​ចែករំលែក​ដំណើរការ​សន្តិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​ផងដែរ​។ 
 
​ជាកា​ឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ​៩៤​ឆ្នាំ​រូបនេះ បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង ក្នុងការ​ប្រែក្លាយ​ពី​តំបន់​គ្មាន​យោធា​(DMZ) ទៅជា​តំបន់​សន្តិភាព​អន្តរជាតិ​។ ក្រៅពី​បញ្ហា​កូរ៉េខាងជើង លោក មហា​ធៀ ក៏បាន​សាទរ​ផងដែរ ចំពោះ​ការដំឡើង​ទំនាក់ទំនង​រវាង​កូរ៉េខាងត្បូង និង​អាស៊ាន ឲ្យ​ស្មើ​ទៅនឹង​កម្រិត​ទំនាក់​ទំនាក់ទំនង​ការទូត​ជាមួយ រុស្ស៊ី ចិន អាមេរិក និង​ជប៉ុន តាមរយៈ​គោលនយោបាយ​សម្លឹង​ទៅ​ភាគខាងត្បូង​ថ្មី​។ 
 
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​លើកឡើងថា សាធារណរដ្ឋ​កូរ៉េ និង​អាស៊ាន នឹង​កាន់តែ​ខិតជិត​គ្នា ដោយសារតែ​គោ​នយោបាយ​សម្លឹងមើល​ភាគខាងត្បូង​មួយ​នេះ​។ នេះ​បើតាម​ប្រភពព័ត៌មាន​ខាងលើ​។​
 
​បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគី​បាន​បញ្ចា​ប់ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ប្រទេស​ទាំងពីរ បាន​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន ៤​។ អនុស្សរណៈ​ទាំង​៤​នេះ ស្តីអំពី ការគាំទ្រ​លើ​កិច្ចសហប្រតិបត្តិការ​លើ​បច្ចេកវិទ្យា​ទំនាក់ទំនង និង​ព័ត៌មានវិទ្យា​, ប្រព័ន្ធ​ឌីជីថល​របស់​រដ្ឋាភិបាល​, ការថែទាំ​សុខភាព និង​ឧស​ថ​សាស្ត្រ​, និង​ការគ្រប់គ្រង​ទឹក និង​ប្រព័ន្ធ​លូ​ជាដើម​៕ 

Tag:
 កូរ៉េខាងត្បូង​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com