អន្តរជាតិ
តុលាការ​កូរ៉េខាងត្បូង បញ្ជា​បើក​កាត់ក្តី​ជាថ្មី​លើ​អតីត​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ​
28, Nov 2019 , 7:19 pm        
រូបភាព
អតីត​ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺ​ន​ហេ (AFP)
អតីត​ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺ​ន​ហេ (AFP)
ដោយ:
​តុលាការ​កំពូល​កូរ៉េខាងត្បូង នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា បាន​បញ្ជា​ឲ្យ​បើក​ការកាត់ក្តី​ឡើងវិញ​ជា​លើក​ទី​២ លើ​អតីត​ប្រធានាធិបតី​អ្នកស្រី ប៉ាក ហ្គឺ​ន​ហេ ។ ការដាក់​បញ្ជា ធ្វើឡើង​ក្នុង​គោលបំណង​ដាក់​បន្ថែម​ទោស​កាន់តែ​ធ្ងន់​លើ​លោកស្រី ក្នុង​សំណុំរឿង​យកលុយ​ដោយ​ខុសច្បាប់​ពី​ភ្នាក់ងារ​ចារកម្ម​របស់​ប្រទេស​នេះ​។​

 
​លោកស្រី ប៉ាក ដែលជា​ប្រធានាធិបតី​ស្ត្រី​ទី​១​របស់​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ដកហូត​តំណែង​ក្នុង​ឆ្នាំ​២០១៧ ក្រោយពី​ផ្ទុះ​បាតុកម្ម​តាម​ដងផ្លូវ​យ៉ាងច្រើន​សម្បើម​ជុំវិញ​រឿងអាស្រូវ​ដ៏​កក្រើក​។ បច្ចុប្បន្ន​លោកស្រី បាន​ប្រឈមមុខ​ការកាត់ទោស​ឡើងវិញ​ដាច់ដោយឡែក​មួយ​សម្រាប់​បញ្ហា​អំពើពុករលួយ និង​ការរំលោភ​អំណាច​ដែល​អាច​បន្ថែម​ទោស ២៥​ឆ្នាំ​ក្នុង​ពន្ធនាគារ​ទៀត​។ 
 
​ការប្រកាស​របស់​តុលាការ​កំពូល​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែវិច្ឆិកា​នេះ កើតឡើង​ក្រោយពី​តុលាការ​ឧទ្ធរណ៍​មួយ បាន​សម្រាលទោស​លោកស្រី ប៉ាក រយៈពេល​មួយឆ្នាំ មក​ត្រឹម​៥​ឆ្នាំ​ក្នុង​ពន្ធនាគារ ក្នុង​សំណុំរឿង​យកលុយ​ពី​ភ្នាកងារ​សម្ងាត់​ជាតិ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍ តុលាការ​កំពូល​កូរ៉េខាងត្បូង បានបញ្ជាក់​ឲ្យ​ដឹងថា បទចោទប្រកាន់​ដែល​ទម្លាក់ចោល​នៅពេល​ប្តឹង​ឧទ្ធរណ៍​នោះ គឺ ជាការ​យល់​ខុសពី​គោលការណ៍​ច្បាប់ និង​បាន​បញ្ជា​ថា លោកស្រី ប៉ាក គួរតែ​រកឃើញ​មានទោស​។ ការផ្តន្ទាទោស​នៅក្នុង​សំណុំរឿង​ទាំងពីរ​ត្រូវបាន​អនុវត្ត​ជា​បន្តបន្ទាប់ ហើយ​នេះ​មានន័យថា​ស្ត្រី​អាយុ ៦៧ ឆ្នាំ​រូបនេះ នឹងមាន​អាយុ​ដល់ ១០០ ឆ្នាំ នៅពេល​នាង​ត្រូវបាន​ដោះលែង​។​
 
​សូមបញ្ជាក់ថា កាលពី​ខែមេសា ឆ្នាំ​២០១៧ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ រង​ការចោទប្រកាន់​ចំនួន​១៨​ករណី ដូចជា​ការទទួល​សំណូក ការបំពាន​អំណាច និង​ការ​បែកធ្លាយ​ឯកសារ​សម្ងាត់​របស់រ​ដ្ឋ​។ លោកស្រី​ក៏​រង​ការចោទប្រកាន់​លើ​ករណី​បើកដៃ​ឲ្យ​លោកស្រី ឆ​យ ស៊ូ​ន​ស៊ី​ល លូកលាន់​កិច្ចការរដ្ឋ ទាំង​ខ្លួន​មិនមែនជា​មន្ត្រី​រដ្ឋាភិបាល និង​ចូល​ដៃ​ក្នុងការ​កៀប​យកលុយ​ពី​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េខាងត្បូង​ដូចជា Samsung និង Lotte ជាដើម​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៧២​លាន​ដុល្លារ​៕

Tag:
 ​កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ហេ​
© រក្សាសិទ្ធិដោយ thmeythmey.com