ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
រដ្ឋាភិបាលត្រូវលើកទឹកចិត្តដល់ការបណ្ដុះជំនាញដល់កម្មករ ដោយរោងចក្រផ្ទាល់
× សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែកខ្លាំងលើការនាំចេញ ពិសេសគឺផលិតកាត់ដេរ ដែលមានចំណែកដល់ទៅ៧០នៃការនាំចេញសរុប ដែលធ្វើឲ្យសេដ្ឋកិច្ចមួយនេះងាយរងឥទ្ធិពលពីបរិយាកាសខាងក្រៅ។ ជាក់ស្ដែង របាយការណ៍ធនាគារពិភពលោកដែលចេញថ្មីៗនេះ បានប្រមើលថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងថមថយ មកវិញខ្លះ ក្នុងរយៈពេលខ្លី ទៅមធ្យម ព្រោះតម្រូវការសកលធ្លាក់ចុះ ព្រមជាមួយនឹងការថយល្បឿនលំហូរទុនវិនិយោគពីចិនព្រោះកំណើនយឺនៃសេដ្ឋកិច្ចចិន។
លោក លី សូដេត អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោក បានលើកឡើងថា កម្ពុជាត្រូវការពង្រឹងវិស័យកាត់ដេរឲ្យកាន់តែមានភាពប្រកួតប្រជែង និងត្រូវពង្រីកផលិតផលឧស្សាហកម្មផ្សេងៗក្រៅពីកាត់ដេរ (ធ្វើពិពិធកម្ម)។
ប៉ុន្តែការធ្វើពិពិធកម្មផលិតផលឧស្សាហកម្មថ្មីៗដែលមានតម្លៃបន្ថែមខ្ពស់ជាងកាត់ដេរ គឺកម្ពុជាត្រូវមានកម្លាំងពលកម្មជំនាញខ្ពស់ជាងសព្វថ្ងៃ។
ប្រសាសន៍លោក លី សូដេត ដែលបានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅក្រោយពិធីសម្ពោធរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី២៧ខែវិច្ឆិកា៖
«បើយើងគិតមើលមែនទែន ឧស្សាហកម្មកាត់ដេរយើងយកកម្មករពីកសិករមក អត់សូវត្រូវការជំនាញខ្ពស់ទេ យកមកបង្រៀនខ្លះៗទៅ អាចធ្វើការបាន។ ប៉ុន្តែអ្វីដែលសំខាន់ដើម្បីយើងធ្វើឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ យើងត្រូវការបង្រៀនជំនាញច្រើនទៀត»។ នេះការគូសបញ្ជាក់របស់លោក លី សូដេត ។ លោកបន្តដូច្នេះទៀតថា៖«យើងឮហើយថារោងចក្រនីមួយៗប្រឹងប្រែងបណ្ដុះបណ្ដាលបុគ្គលិករបស់គាត់ផ្ទាល់ រោងចក្រខ្លះបណ្ដុះបណ្ដាលប្រើលុយកាក់ច្រើន ប្រើពេលវេលាច្រើនណាស់ អ៊ីចឹងបើសិនជាការបណ្ដុះបណ្ដាលដោយខ្លួនឯង មានលទ្ធភាពទទួលបាននូវការលើកទឹកចិត្តពីរដ្ឋាភិបាលគឺជាការល្អ ព្រោះថា គាត់បណ្ដុះបណ្ដាលដោយខ្លួនគាត់ ហើយបណ្ដុះបណ្ដាលហើយគាត់យកទៅប្រើប្រាស់។ បើសិនជាយើងបណ្ដុះបណ្ដាលឲ្យគាត់ អ្នកបណ្ដុះបណ្ដាលហ្នឹងមិនដឹងថា ទីផ្សារទទួលស្គាល់ឬអត់ទេ(មិនត្រូវតាមទីផ្សារការងារ)»។
ជាមួយគ្នានេះ សេដ្ឋវិទូរូបនេះ យល់ស្របឲ្យមានការជំរុញការចាប់អារម្មណ៍ និងផ្ដល់តម្លៃដូចគ្នា ចំពោះការចាប់ជំនាញផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ខណៈសព្វថ្ងៃយុវជនកម្ពុជាសម្លឹងមើល និងឲ្យតម្លៃការរៀននៅមហាវិទ្យាល័យខ្លាំង៕
Tag:
កាត់ដេរ
លី សូដេត
ពិពិធកម្ម
ជំនាញ
ការងារ
រោងចក្រ
© រក្សាសិទ្ធិដោយ thmeythmey.com