អន្តរជាតិ
រងការរិះគន់ខ្លាំងរឿងស៊ីហ្គេម, លោក ឌូទើតេ ចង់ឲ្យកងទ័ពរៀបចំព្រឹត្តការណ៍អន្តរជាតិវិញម្ដង ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នាជំនួបមួយនៅវិមានប្រធានាធិបតី។ រូបថតពីវិមានប្រធានាធិបតីហ្វីលីពីន Malacanang
× ហ្វីលីពីនដែលម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣០ រងការរិះគន់យ៉ាងខ្លាំងទាក់ទងការរៀបចំ ពិសេសបញ្ហាបដិសណ្ឋារកិច្ចអត្តពលិកដែលជាភ្ញៀវ។ ការទុកឲ្យកីឡាករបរទេសរង់ចាំយូរនៅព្រលានយន្តហោះ និងនៅសណ្ឋាគារ ក៏ដូចជាឡានដឹកជញ្ជូនទំហំតូច បានកើតឡើងព្រមៗគ្នា។ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ មិនសប្បាយចិត្តនឹងរឿងបែបនេះឡើយ ហើយចង់ឲ្យកងទ័ពជាអ្នករៀបចំព្រឹត្តការណ៍ធំៗលើកក្រោយៗវិញម្ដង។
ព្រឹត្តការណ៍កីឡាអន្តរជាតិលើកក្រោយដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ កងទ័ពអាចនឹងជាអ្នកចាត់ចែងវិញម្ដង។ នេះជាបំណងរបស់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ ដែលកំពុងមិនសប្បាយចិត្តនឹងបញ្ហាដែលផ្ទុះឡើងក្នុងព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣០ ដែលហ្វីលីពីនកំពុងរៀបចំ។ ព្រឹត្តការណ៍កីឡាធ្វើឡើងរៀងរាល់ពីរឆ្នាំនេះ នឹងបើកជាផ្លូវការនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ ហើយបញ្ចប់នៅថ្ងៃទី១១ ខែធ្នូខាងមុខ។
ប៉ុន្តែបញ្ហាបានកើតឡើងតាំងពីសប្ដាហ៍មុន ពេលអត្តពលិកកីឡាបាល់ទាត់មកពីប្រទេសអាស៊ានដែលចូលរួម ចាប់ផ្ដើមធ្វើដំណើរទៅដល់ហ្វីលីពីន។ ក្រុមកម្ពុជា បានចំណាយពេលជាច្រើនម៉ោង ដើម្បីរង់ចាំ Check In នៅសណ្ឋាគារមុនបានចូលបន្ទប់គេង។ក្រុមទីម័រខាងកើត ត្រូវរង់ចាំឡានដឹកពួកគេយ៉ាងយូរពេលពួកគេទៅដល់ព្រលានយន្តហោះ។ កាន់តែហួសចិត្តឡានដឹកពួកគេទៅហុសសណ្ឋាគារទៀត ដែលធ្វើឲ្យកាលវិភាគនៃការមកដល់ និងហ្វឹកហាត់មានភាពរញ៉េរញ៉ៃ។
បញ្ហាខាងលើក៏បានកើតឡើងចំពោះក្រុមបាល់ទាត់ថៃ ផងដែរ។ បើតាម Rappler ក្រុមថៃត្អូញត្អែរពីការខ្វះខាតបន្ទប់ ដែលបង្ខំឲ្យកីឡាករពួកគេបីនាក់ត្រូវសម្រាកក្នុងបន្ទប់សម្រាប់មនុស្សពីរនាក់។ ថៃ ក៏ត្រូវបង្ខំចិត្តលុបចោលការហ្វឹកហាត់របស់ខ្លួនផងដែរ ព្រោះទីលានហ្វឹកហាត់នៅឆ្ងាយពីសណ្ឋាគារ។ ឯក្រុមមីយ៉ាន់ម៉ាវិញ បានត្អូញត្អែរពីការរង់ចាំយូរនៅព្រលានយន្តហោះ។ មីយ៉ាន់ម៉ា ក៏មិនពេញចិត្តរថយន្តដឹកកីឡាករដែលមានទំហំតូច ពិបាកដល់កីឡាករពួកគេដែរ។
ទាក់ទងបញ្ហានេះ លោក ឌូទើតេ នៅថ្ងៃទី២៨ ខែវិច្ឆិកា និយាយថា លោកចង់ឲ្យកងទ័ពហ្វីលីពីន រៀបចំព្រឹត្តការណ៍អន្តរជាតិលើកក្រោយវិញ ព្រោះពួកគេមានរចនាសម្ព័ន្ធល្អ។ លោកប្រាប់អ្នកសារព័ត៌មានដូច្នេះថា៖ «បញ្ហាទាំងនេះ គួរដោះស្រាយដោយកងទ័ព។ ពួកគេជាអ្នករៀបចំព្រឹត្តការណ៍ដ៏ល្អ ព្រោះកងទ័ពទាំងមូល ជាស្ថាប័នធំមួយ ហើយក៏ទទួលបានការហ្វឹកហាត់ជារចនាសម្ព័ន្ធទាក់ទងការគិតផងដែរ។»
យ៉ាងណាមិញ មិនមែនកងទ័ពជាអ្នកទទួលខុសត្រូវលើការងារទាំងអស់ឡើយ។ លោក ឌូទើតេ ពន្យល់ថា កងទ័ព នឹងកាន់ការផ្នែករៀបចំផែនការប៉ុណ្ណោះ ព្រោះពួកគេមានសមត្ថភាពក្នុងការដោះស្រាយដែលកើតឡើងដោយមិនបានរំពឹងទុក ហើយអាចរកដំណោះស្រាយសមស្របផងដែរ។
កងទ័ព ទាំងកំពុងបំពេញការងារ ទាំងចូលនិវត្តន៍ តែងតែជាជម្រើសចុងក្រោយរបស់លោក ឌូទើតេ ក្នុងការដោះស្រាយបញ្ហាក្នុងស្រុក។ កាលពីឆ្នាំ២០១៨ លោក ឌូទើតេ បានប្រកាសឲ្យកងទ័ពគ្រប់គ្រងការិយាល័យគយ បន្ទាប់ពីផ្ទុះរឿងនាំចូលគ្រឿងញៀនរាប់សិបតោន។ ចំណែកក្នុងគណៈរដ្ឋមន្ត្រីរបស់លោកវិញ ក៏សម្បូររដ្ឋមន្ត្រីជាមេទ័ពចូលនិវត្តន៍ផងដែរ៕
Tag:
ហ្វីលីពីន
រ៉ូឌ្រីហ្គោ ឌូទើតេ
SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com