អន្តរជាតិ
អតីត​មេដឹកនាំ​ម៉ា​ល់​ឌី​វ​Abdulla Yameen ជាប់គុក​៥​ឆ្នាំ​រឿង​លាងលុយកខ្វក់
29, Nov 2019 , 12:29 pm        
រូបភាព
អតីតប្រធានាធិបតីម៉ាឌីល លោក Abdulla Yameen (AFP)
អតីតប្រធានាធិបតីម៉ាឌីល លោក Abdulla Yameen (AFP)
ដោយ:
​អតីត​ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​លោក Abdulla Yameen នៅ​ថ្ងៃ ២៨ វិច្ឆិកា ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក​៥​ឆ្នាំ​ក្រោម​បទ​ចោទ​លាងលុយកខ្វក់​។ ក្រោយ​តុលាការ​ប្រកាស​សាលក្រម​នេះ អ្នកគាំទ្រ​លោក Yameen មួយក្រុម បាន​ប្រមូល​ផ្តុំគ្នា​នៅក្រៅ​បន្ទប់​តុលាការ ដោយ​អះអាងថា លោក​គឺ​ស្អាតស្អំ​។​

 
​លោក Yameen ដែល​ដឹកនាំ​ម៉ា​ឌី​លពី​ឆ្នាំ​២០១៣​ដល់​២០១៨ ទទួល​បរាជ័យ​យ៉ាង​ភ្ញាក់ផ្អើល​ក្នុងការ​បោះឆ្នោត​កាលពី​ឆ្នាំមុន ហើយ​ចាប់ពីពេលនោះ​មក លោក​ប្រឈម​នឹង​ការស៊ើបអង្កេត​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​មួយចំនួន​ដែល​លោក​បង្កើតឡើង អំឡុង​អាណត្តិ​ដឹកនាំ​លោក​។​  
 
​លោក​ត្រូវបាន​ចោទប្រកាន់ថា ទទួល​យកលុយ​១​លាន​ដុល្លារ​ដែលជា​លុយ​របស់​រដ្ឋាភិបាល តាមរយៈ​ក្រុមហ៊ុន​ឯកជន​មួយ​។ រដ្ឋអាជ្ញា​ម៉ា​ល់​ឌី​វ​អះអាងថា លុយ​នេះ ស្ថិតក្នុង​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ជួល​ដី​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​។ យ៉ាងណាមិញ លោក Yameen បាន​ទាត់ចោល​ការចោទប្រកាន់​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អាជ្ញាធរ​ម៉ា​ល់​ឌី​វ​ក៏បាន​សម្រេច​បង្កក​គណ​នី​ធនាគារ របស់លោក Yameen ផងដែរ កាលពី​ចុង​ឆ្នាំមុន ដែល​ក្នុងនោះ​មាន​លុយ​ប្រមាណ ៦,៥​លាន​ដុល្លារ បន្ទាប់ពី​មានការ​ចោទប្រកាន់​។ មេដឹកនាំ​វ័យ​៦០​ឆ្នាំ​រូបនេះ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ខែកុម្ភៈ​លើ​បទ​ចោទ​សូកប៉ាន់​សាក្សី​ក្នុង​សំណុំរឿង​លាងលុយកខ្វក់​នេះ​។ 
 
​ក្រោយ​ការសម្រេច​របស់​តុលាការ​នេះ គេ​ឃើញ​មាន អ្នកគាំទ្រ​របស់​អតីត​ប្រធានាធិបតី​នេះ​មួយក្រុម បាន​ប្រមូល​ផ្តុំគ្នា​នៅក្រៅ​បរិវេណ​តុលាការ ដោយ​អះអាងថា លោក Yameen គឺ​គ្មាន​កំហុស​អ្វី​ឡើយ​។ ខណៈ​ត្រូវបាន​គេ​ចាត់ទុកថា អ្នក​មេដឹកនាំ​គាំទ្រ​ចិន ហើយ​រង​ការចោទប្រកាន់ថា ដាក់​គំនាប​លើ​សិទ្ធិ​បញ្ចេញមតិ​នៅ​ប្រទេស​ដែន​កោះ​នេះ លោក Yameen ក៏ត្រូវ​បាន​តុលា​ការបញ្ជា​ឲ្យ​បង់លុយ​ពិន័យ​៥​លាន​ដុល្លារ​។ ហើយ​លោក រំពឹង​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ​ឧទ្ធរណ៍​ជា​បន្តបន្ទាប់​ទៀត​។ 
 
​សូម​បញ្ជាក់ដែរថា ប្រទេស​ម៉ា​ល់​ឌី​វ​គឺជា​សមរភូមិ​ដ៏​សំខាន់​មួយ​រវាង​មហាអំណាច​តំបន់ ចិន​និង​ឥណ្ឌា​។ មាន​ប្រជុំ​កោះ​ដល់​ទៅ ១១៩២ ប្រទេស​នេះ មាន​ប្រជាជន​រស់នៅ​សរុប​ជាង ៤០​ម៉ឺន​នាក់​។ ម្យ៉ាងទៀត វិស័យ​ទេសចរណ៍ គឺជា​ផ្នែក​ដ៏​ចម្បង​មួយ​នៃ​សេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែ​គេ​ព្រួយបារម្ភ​ថា អនាគត​របស់​ប្រទេស​នេះ នឹង​ប្រឈម​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​៕

Tag:
 ម៉ា​ឌី​ល​
  Abdulla Yameen
© រក្សាសិទ្ធិដោយ thmeythmey.com