កូរ៉េខាងត្បូង បន្ត​ជួយ​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​កម្មករ​នៅ​កម្ពុជា​
ជាតិ
សង្គមជាតិ
កូរ៉េខាងត្បូង បន្ត​ជួយ​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​កម្មករ​នៅ​កម្ពុជា​
29, Nov 2019 , 11:59 am        
រូបភាព
ជំនួបរវាងលោក អ៊ិត សំហេង និង អ្នកស្រី Heaeun Choi (រូបពីក្រសួងការងារ )
ជំនួបរវាងលោក អ៊ិត សំហេង និង អ្នកស្រី Heaeun Choi (រូបពីក្រសួងការងារ )
​ភ្នំពេញ​៖ គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​សុខភាព និង​សុវត្ថិភាព​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ (KOSHA) សន្យាថា​នឹង​បន្ត​ជួយ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​កម្មករ​តាម​រោងចក្រ​និង​តាម​សហគ្រាស​នានា​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Heaeun CHOI  អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​ក្រសួង​ការងារ​របស់​នៃ​សាធារណរដ្ឋ​កូរ៉េ  ក្នុងជំនួប​ជាមួយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​កម្ពុជា នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​។


 
​ក្រសួង​ការងារ បាន​ចុះផ្សាយ​ថា លោក អ៊ិត សំហេង បាន​ស្វាគមន៍​ចំពោះ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​និង​កូរ៉េ ពិសេស​សំដៅលើ​ការលើកកម្ពស់​សុវត្ថិភាព និង​សុខុមាលភាព​កម្មករ​នៃ​ប្រទេស​ទាំង​២​។ ក្នុងនោះដែរ លោក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ភាគី​កូរ៉េ ព​ន្លឿ​ន​អនុវត្ត​គម្រោង​នៃ​ការសិក្សា​ស្រាវជ្រាវ និង ការរៀបចំ​ច្បាប់​ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ ឲ្យ​ហើយ​ក្នុង​ឆ្នាំ​២០២៣​។ 
 
​ការស្នើ​នេះ គឺ​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ការងារ និង ជំងឺ​របស់​កម្មករ​នៅតាម​សហគ្រាស​នីមួយៗ​។ ចំពោះ​ច្បាប់​នេះ ត្រូវបាន​អនុវត្ត​ប្រើ​ក្នុង​តំបន់​អាស៊ាន​ហើយ មានតែ​កម្ពុជា និង​ឡាវ​តែប៉ុណ្ណោះ ដែល​មិនទាន់​អនុវត្ត​។  
 
​អ្នកស្រី Heaeun CHOI បាន​បញ្ជាក់ថា រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​កូរ៉េ កំពុង​រៀបចំ​ច្បាប់​គតិយុត្តិ ហើយនឹង​សិក្សា​បន្ថែម ដើម្បី​ឲ្យ​មានការ​ធានាថា ក្រោយពី​មានការ​អនុវត្ត​ច្បាប់​នេះហើយ នឹង​ទទួលបាន​ការគាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​ផ្ដល់​ឲ្យ​កម្មករ​នូវ​ផលប្រយោជន៍​កាន់តែ​ប្រសើរ​។ ភាគី​កូរ៉េ បានបញ្ជាក់​ទៀតថា នឹង​នៅតែ​បន្ត​គាំទ្រ​លើកកម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​កម្មករ​កម្ពុជា ឲ្យ​រឹត​តែមាន​ភាពល្អប្រសើរ​ឡើង​។ 
 
​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ការរៀបចំ​ច្បាប់​នេះ គឺ​បានកំណត់​ក្នុង​កម្មវិធី​ទី​១ នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដំណាក់កាល​ទី​២ ចាប់ពី​ឆ្នាំ​២០១៩-២០២៣ ដែលជា​ការយកចិត្តទុកដាក់​លើ​សុខុមាលភាព និង​សុវត្ថិភាព​ការងារ​។ ការរៀបចំ​ច្បាប់​នេះ ក៏​នឹង​រួមចំណែក​កែលម្អ បំពេញ​ការខ្វះខាត​លើ​វិស័យ ការងារ សុខុមាលភាព និង​វឌ្ឍនភាព ពិពិធ​កម្ម​ផ្នែក​សេដ្ឋកិច្ច សង្គម​កម្ពុជា ព្រមទាំង​ជាការ​ប្រកួតប្រជែង​ក្នុង​តំបន់ និង​អន្តរជាតិ​។​
 
​សូមបញ្ជាក់ថា តាមរយៈ​គម្រោង​សម្រាប់​ពេល​៣​ឆ្នាំ (២០១៩-២០២៣) គឺ​រៀបចំ​ធ្វើឡើង​ក្នុង​គោលបំណង​សិក្សា​ស្រាវជ្រាវ និង​រៀបចំ​ច្បាប់​ស្ដីពី​សុវត្ថិភាព និង​សុខភាព​ការងារ ដែល​នាយកដ្ឋាន​ពេទ្យ​នៃ​ក្រសួង​ការងារ ជា​អ្នកអនុវត្ត​គម្រោង​ដោយ​គាំទ្រ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​ក្រសួង​មុខរបរ​ការងារ និង KOSHA ដែល​ប្រើប្រាស់​ថវិកា​សរុប​ជាង​២៧​ម៉ឺន​ដុល្លារ​៕ 

Tag:
 កូរ៉េ​-​កម្ពុជា​
  វិស័យ​ការងារ​
  កម្មករ​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com