ជាតិ
​​​ន​យោ​បាយ​ជាតិ​
យុវជន គង់ រ៉ៃយ៉ា ត្រូវ​ដោះលែង​
29, Nov 2019 , 11:34 am        
រូបភាព
រូបពី AFP
រូបពី AFP
ដោយ: ថ្មីៗ
​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​យុវជន គង់ រ៉ៃ​យ៉ា ជា​បណ្តោះអាស្ន នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​លោក សំ សុ​គង់ មេធាវី​របស់​យុវជន គង់ រ៉ៃ​យ៉ា។


 
​លោក សំ សុ​គង់ បាន​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា យុវជន គង់ រ៉ៃ នៅតែ​ជាប់​បទ​ចោទ​ដដែល ដូច្នេះ យុវជន​រូបរ​នេះ ត្រូវ​ចូលរួម​សវនាការ​តាម​កោះហៅ នៅពេលណា​តុលាការ យក​សំណុំរឿង​ទៅ​ជំនុំជម្រះ​។ 
 
​យ៉ាងណា លោក​មេ​ធ​វី សម្តែង​ការរីករាយ ដោយ​កូនក្តី​របស់ខ្លួន​ត្រូវបាន​ដោះលែង​ជា​បណ្តោះអាសន្ន ដែលមាន​ឱកាស​បានរ​ស់​នៅ​ជាមួយ​ប្រពន្ធ​កូន​វិញ និង​បាន​ទៅ​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ការសម្រេច​នេះ យើង​អាច​ទទួលបាន​»​។​

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា តុលាការកំពូល បានដោះលែងយុវជន សួង នាគព័ន្ធ ឲ្យនៅក្រៅឃុំបណ្តោះអាសន្នដែរ។ យុវជនទាំងពីរនេះ មាននិន្នាការខាងអតីតគណបក្សប្រឆាំង និងត្រូវគេចាត់ទុកថាជាអ្នកកែមឡីនិយម។ 
 
យុវជន គង់ រ៉ៃយ៉ា ត្រូវចាប់ខ្លួន នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ គឺនៅមុន១ថ្ងៃ នៃការរម្លឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម​ឡី។ យុវជនរូបនេះ ត្រូវចាប់ខ្លួន ដោយសារតែ ផលិតអាវយឺតលក់ ដោយអាវទាំងនោះ មានរូបនិងទ្រឹស្តីរបស់លោកបណ្ឌិត កែម ឡី។ 

ចំណែកយុវជន សួង នាគព័ន្ធ ត្រូវចាប់ខ្លួន នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ ក្នុងថ្ងៃរម្លឹកខួប៣ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី យុវជនរូបនេះ បានដើរចែកខិត្តប័ណ្ណ ដែលសរសេរថា «បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់» ហើយក៏ត្រូវចាប់ខ្លួន។ 

អ្នកទាំងពីររងបទចោទដូចគ្នា គឺបទញុះញង់ឲ្យប្រព្រឹត្តបទក្រិដ្ឋជាអាទិ៍។ 

អ្នកប្រឆាំងដល់ទៅរាប់សិបនាក់ឯណោះ ជាពិសេសអ្នកដែលរងការចោទប្រកាន់ថាបានរួមគំនិតក្បត់ជាតិជាមួយលោក សម រង្ស៊ី ត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ ជាបន្តបន្ទាប់ ក្រោយពីសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើឡើង។ ប្រមុខរដ្ឋាភិបាល យល់ថា គម្រោងធ្វើរដ្ឋប្រហាររបស់លោក សម រង្ស៊ី ត្រូវបរាជ័យទៅហើយ ដូច្នេះ គួរតែដោះលែងអ្នកចូលរួមទាំងនោះ។ ម្យ៉ាងទៀត មេដឹកនាំកម្ពុជា ចាត់ទុកការដោះលែងនេះ ថាជាការប្រោសប្រណីរបស់រដ្ឋាភិបាល ចំពោះអ្នកទាំងនោះ ដែលចាញ់កលលោក សម រង្ស៊ី៕ 

Tag:
 ​គង់ រ៉ៃ​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com