ជាតិ
សិល្បករ​ចាប៉ី​៤៤​រូប នឹង​សម្ដែង​រួមគ្នា​ក្នុង​មហោស្រព​ចាប៉ី​នៅ​ល្ងាច​នេះ​
29, Nov 2019 , 2:14 pm        
រូបភាព
​ភ្នំពេញ​៖ សិល្បករ​៣​ជំនាន់​សរុប​៤៤​រូប រួមគ្នា​សម្ដែង​ចាប៉ី ក្នុង​មហោស្រព​ចាប៉ីដងវែង​លើក​ទី​៣ នៅ​ល្ងាច​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ នេះ​ជាការ​បង្ក​បរិយាកាស​ឱ្យ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង យុវជន និង​កុមារ​ដែលជា​សិល្បករ​ជំនាន់​ក្រោយ បានបង្ហាញ​ស្នាដៃ និង​ទទួលយក​បទពិសោធ​ពី​សិល្បករ​ជើងចាស់​ទៀតផង​។


 
​លោក ពេ​ជ សា​រ៉ា​ត ប្រធាន​សមាគម​ចាប៉ី​អមតៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា មហោស្រព​ចាប៉ីដងវែង​នេះ រៀបចំឡើង​ក្នុង​គោលបំណង បង្ក​បរិយាកាស​ឱ្យ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង បាន​ជួបជុំ​ជាមួយ​យុវជន និង​កុមារ ដែលជា​សិល្បករ​ចាប៉ី​វ័យក្មេង ដើម្បី​រក​វិធីសាស្ត្រ​យ៉ាងណា​ធ្វើឱ្យ​សិល្បៈ​ចាប៉ីដងវែង​មាន​និរន្តរភាព​។ ម្យ៉ាងវិញទៀត​នេះ​ក៏​ជា​ឱកាស​មួយ ក្នុងការ​ជំរុញ​ការផ្សព្វផ្សាយ​ពី​ទម្រង់​សិល្បៈ​ចាប៉ីដងវែង ដែល​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​អង្គការ​យូណេស្កូ ទៅកាន់​មហាជន​ផងដែរ​។ 


រូប​ពី​លោក ពេជ សារ៉ាត
 
​លោក ពេ​ជ សា​រ៉ា​ត ប្រធាន​សមាគម​ចាប៉ី​អមតៈ បញ្ជាក់​បន្ថែមថា​៖«​យើង​ធ្វើ​មហោស្រព​ចាប៉ី​នេះ​ឡើង ដើម្បី​ផ្ដល់ឱកាស​ឱ្យ​មហាជន បាន​ជ្រួតជ្រាប​ពី​ទម្រង់​សិល្បៈ​ចាប៉ីដងវែង​ឱ្យ​កាន់តែច្រើន​។ យើង​ក៏មាន​បំណង​ចង់ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ​ពី​ទម្រង់​ចាប៉ី​ឱ្យបាន​ផុសផុល​ដែរ​»​។​
 
​សូមបញ្ជាក់ថា អង្គការ​យូណេស្កូ បាន​ចុះបញ្ជី​ចាប៉ីដងវែង​របស់​កម្ពុ​ជា ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដែល​ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី ត្រូវការ​ការសង្គ្រោះ​បន្ទាន់​។ គណៈកម្មាធិការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ បានអនុម័ត​លើ​ការស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ ២៣​ម៉ឺន​ដុល្លារ​អាមេរិក របស់​កម្ពុជា សម្រាប់​ការអភិរក្ស​ចាប៉ីដងវែង​។​
 
​នៅ​ល្ងាច​ថ្ងៃទី​២៩ វិច្ឆិកា​នេះ ចាប់ពី​ម៉ោង​៦​ដល់​ម៉ោង​៨​យប់ សិល្បករ​ចាប៉ីដងវែង​៣​ជំនាន់​សរុប​៤៤​រូប នឹង​សម្ដែង​ចាប៉ី​រួមគ្នា​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(CJCC)​។ ការសម្ដែង​នេះ​ទស្សនា​ដោយ​សេរី​៕


រូប​ពី​ Keo Sasstra


Tag:
 ចាប៉ី​
  សិល្បៈ​
  មហោស្រព​
  សិល្បករ​
 ​សិល្បៈ​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com