អន្តរជាតិ
លោក ត្រាំ ទៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ស្ងាត់ៗ​ជួប​ទាហាន​អាមេរិក ខណៈ​សង្ឃឹម​បង្កើត​បទ​ឈប់​បាញ់​ជាមួយ​តា​លី​បង់​
29, Nov 2019 , 8:19 pm        
រូបភាព
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (AFP)
ដោយ:
​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍ ២៨ វិច្ឆិកា បានធ្វើ​ទស្សនកិច្ច​យ៉ាង​ភ្ញាក់ផ្អើល​ទៅ​ប្រារព្ធ​ពិធីបុណ្យ Thanksgiving ជាមួយ​ទាហាន​អាមេរិក ក្នុងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ពី​មូលដ្ឋាន​ទ័ពអាកាស Bagram មេដឹកនាំ​រូបនេះ លើកឡើងថា សហរដ្ឋអាមេរិក​បាន​បើក​ការចរចា​ជាថ្មី​ជាមួយ​ក្រុម​ឧទ្ទាម តា​លី​បង់ ដោយ​បង្ហាញ​ក្តី​សង្ឃឹមថា ពួក​តា​លី​បង់ មានបំណង​បង្កើត​បទ​ឈប់​បាញ់​មួយ​ក្នុង​សង្គ្រាម​ដ៏​វែង​អន្លាយ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។

 
​អំឡុង​ទស្សនកិច្ច​រយៈពេល​ខ្លី​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស Bagram នៅក្រៅ​រដ្ឋធានី​កា​ប៊ុល លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចូលរួម​បរិភោគ​អាហារ​ពេល​ល្ងាច​មាន់ (Turkey) ជាមួយ​ទាហាន​នៅ​ជំរំ​នោះ ហើយ​ក៏បាន​ថតរូប​ជុំគ្នា​។ ក្រោយ​ជំនួប​ជាមួយ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani លោក ត្រាំ បាន​ថ្លែង​សុន្ទរកថា​មួយ​ដោយ​អះអាងថា​៖«​តា​លី​បង់​ចង់​បង្កើត​កិច្ចព្រមព្រៀង ហើយ​យើង​កំពុង​ជួប​ជាមួយ​ពួកគេ ហើយ​យើង​និយាយថា វា​ត្រូវតែ​ជា បទ​ឈប់​បាញ់ មួយ​»​។ 
 
​ទស្សនកិច្ច​របស់លោក ដូ​ណា​ល់ ត្រាំ ទៅកាន់​អា​ហ្វ​ហ្គា​នី​ស្ថាន កើតឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​មានការ​ដោះដូរ​អ្នកទោស​ទៅមក​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​កា​ប៊ុល ដែល​បង្កើតជា​ក្តីសង្ឃឹម​សម្រាប់​ឈានដល់​ការសម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​។  
 
​គិត​ចាប់ពី​ហេតុការណ៍​វាយប្រហារ​ថ្ងៃ ១១​កញ្ញា ឆ្នាំ​២០០១ ពោលគឺ​១៨​ឆ្នាំ​មកហើយ​នោះ បច្ចុប្បន្ន ទាហាន​អាមេរិក​ប្រមាណ ១៣ ០០០​នាក់ នៅ​បន្ត​ឈរជើង​ក្នុង​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក ត្រាំ អះអាង​ជាថ្មី​ពី​ផែនការ​កាត់បន្ថយ​តួលេខ​ទាហាន​នេះ​មក​ត្រឹម ៨៦០០​នាក់ ក៏ប៉ុន្តែ​ពុំបាន​ផ្តល់ព័ត៌មាន​លម្អិត​ជុំវិញ​រឿងនេះ​។ 
 
​មែនទែនទៅ សហរដ្ឋអាមេរិក កាលពីដើមឆ្នាំ​២០១៩ បានសម្រេច​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុម​ឧទ្ទាម តា​លី​បង់ ដើម្បី​ដកទ័ព​អាមេរិក​ចេញ​ទឹកដី​អា​ហ្វ​ហ្គា​នី​ស្ថាន ព្រមទាំង​ដក​អាមេរិក​ចេញ​សង្គ្រាម​ដ៏​វែង​មួយ​នេះ​សន្សឹមៗ​ក្នុង​ហេតុផល​សន្តិសុខ​។ ក៏ប៉ុន្តែ លោក ត្រាំ បានធ្វើ​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ កាលពី​ខែកញ្ញា ដោយ​ចាត់ទុក​កិច្ចចរចា​មួយឆ្នាំ​ចុងក្រោយ​នេះ​ថា «​ស្លាប់​» ហើយ​ដកហូត​ការអញ្ជើញ​វិញ​ពី​ក្រុម​ឧទ្ទាម​ដែល​គ្រោង​ជួប​នៅ​ក្រុង​វ៉ាស៊ីនតោន ដោយ​លើក​ហេតុផល​ថា ពួកគេ​បានសម្លាប់​ទាហាន​អាមេរិក​។​
 
​ជា​យូរ​មកហើយ មន្ត្រី​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​បានទាមទារ​បង្កើត​បទ​ឈប់​បាញ់​មួយ ក៏ប៉ុន្តែ​ក្រុម តា​លី​បង់ ដែល​ឥឡូវនេះ​គ្រប់គ្រង​ទឹកដី​ច្រើនជាង​ពេលណាៗ​ទាំងអស់ គិត​ចាប់ពី​ពួកគេ​ត្រូវបាន​ទម្លាក់​ក្នុង​ឆ្នាំ​២០០១ បាន​បដិសេធ​រៀបចំ​កិច្ចពិភាក្សា​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន រហូតដល់​កិច្ចព្រមព្រៀង​អាមេរិក​មួយ​សម្រេចបាន​៕

Tag:
 សហរដ្ឋអាមេរិក​
  អា​ហ្វ​ហ្គា​នី​ស្ថាន​
  ដូ​ណា​ល់​ត្រាំ​
  តា​លី​បង់
© រក្សាសិទ្ធិដោយ thmeythmey.com