អន្តរជាតិ
ប្រមុខ​ការទូត​តួ​ក​គី ចោទ​លោក ម៉ា​ក្រុង ចំៗ​ថា ជា​អ្នក​ឧបត្ថម្ភ​ក្រុម​ភេរវកម្ម​នៅ​ស៊ី​រី​
29, Nov 2019 , 9:19 pm        
រូបភាព
លោកប្រធានាធិបតីតួកគី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ និងលោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង នៅក្នុងសន្និសីទកាសែតមួយ នាទីក្រុងអង់ការ៉ា កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨។ រូបភាព៖ Reuters
លោកប្រធានាធិបតីតួកគី រ៉េ​ស៊ី​ប តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ និងលោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុង នៅក្នុងសន្និសីទកាសែតមួយ នាទីក្រុងអង់ការ៉ា កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨។ រូបភាព៖ Reuters
​ប្រមុខ​ការទូត​តួ​ក​គី Mevlut Cavusoglu នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា បាន​ចោទ​ចំៗ​ថា ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង គឺជា​អ្នក​ឧបត្ថម្ភ ដល់​ក្រុម​ភេរវកម្ម​នៅក្នុង​ប្រ​ទេ​ស៊ី​រី​។ ប្រតិកម្ម​របស់​តួ​ក​គឺ​បែបនេះ គឺ​ឆ្លើយតប​ទៅនឹង ការរិះគន់​របស់​បារាំង ពាក់ព័ន្ធ​ទៅនឹង​ប្រតិបត្តិការ​យោធា​របស់​តួ​ក​គី​ទៅលើ​ក្រុម​អ្នក​ប្រយុទ្ធ​ឃើ​ដ នៅក្នុង​ប្រ​ទេ​ស៊ី​រី​។ បញ្ហា​ចម្រូងចម្រាស់​រវាង​ប្រទេស​ទាំងពីរ​កើតឡើង មុន​មួយ​សប្តាហ៍​ប៉ុណ្ណោះ នៃ​ជំនួប​មេដឹកនាំ​បក្ស​សម្ពន្ធ​យោធា​អង្គការ NATO លើក​ទី​៧០ នៅ​អង់គ្លេស​។​

 
«​ក្នុងករណី​ណាក៏ដោយ​, គាត់ [​ម៉ា​ក្រុង​] កំពុងឧបត្ថម្ភ​ឲ្យ​អង្គការ​ភេរវកម្ម ហើយ​គាត់​ទទួល​ពួកគេ [​ក្រុម​ភេរ​វករ​] ជា​ញឹកញាប់​នៅ​វិមាន​ប្រធានាធិបតី Elysee»​។ នេះ​បើតាម​ការ​ស្រង់ពាក្យ​សម្តី​របស់លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេស​តួ​ក​គី ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​តួ​ក​គី Anadolu ។ ការលើកឡើង​របស់​ប្រមុខ​ការទូត​តួ​ក​គី​បែបនេះ ធ្វើឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង បាន​រិះគន់ថា ប្រតិបត្តិការ​យោធា​របស់​ទីក្រុង​អង់កា​រ៉ា លើ​ក្រុម​ឃើ​ដ នៅក្នុង​ប្រទេស​ស៊ី​រី កំពុង​បំផ្លាញ​សម្ពន្ធមិត្ត​របស់ខ្លួន ដែល​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម ។ 
 
​ជា​សមាជិក​នៃ​បក្ស​សម្ពន្ធ​យោធា​NATO តួ​ក​គី និង​បារាំង កំពុងមាន​បញ្ហា​ចម្រូងចម្រាស់​ជាមួយគ្នា​យ៉ាងខ្លាំង​ពាក់ព័ន្ធ​ទៅនឹង​ប្រតិបត្តិការ​យោធា​របស់​តួ​ក​គី​លើ​ក្រុម​អ្នក​ប្រយុទ្ធ​ឃើ​ដ​។ នៅក្នុង​ក្រសែភ្នែក​តួ​ក​គី ក្រុម​សកម្មប្រយុទ្ធ​ឃើ​ដ គ្រាន់តែ​ជា​ក្រុម​ឧទ្ទាម ឬ​ជា​ក្រុម​ភេរ​វករ​តែប៉ុណ្ណោះ ខណៈពេល​បារាំង​មើលឃើញ​ក្រុម​ឃើ​ដ គឺជា​សម្ពន្ធមិត្ត ដែល​ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​ស៊ី​រី​ទៅវិញ​។ ដោយសារតែ​បញ្ហា​នេះហើយ ទើប​តួ​ក​គី​បាន​ចោទ​បារាំង​ថា ចង់​បង្កើត​រដ្ឋ​ឃើ​ដ​នៅក្នុង​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។  
 
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក Jens Stoltenberg អង្គ​លេខាធិការ NATO នា​ថ្ងៃទី​២៨ ខែវិច្ឆិកា លោក ម៉ា​ក្រុង បញ្ជាក់ថា បារាំង​ទទួលស្គាល់​ពី​បញ្ហា​សន្តិសុខ​នៅក្នុង​ប្រទេស​តួ​ក​គី ដែល​ទទួលរង​បញ្ហា​ជាច្រើន ប៉ុន្តែ​តួ​ក​គី ក៏​មិនត្រូវ​និយាយ​បាតដៃ​ខ្នងដៃ​ដែរ ព្រោះ​សុទ្ធតែជា​សមាជិក NATO ។ បើតាម​លោក​ម៉ា​ក្រុង តួ​ក​គី​អះអាងថា ទីក្រុង​ប៉ារីស និង​ទីក្រុង​អង់កា​រ៉ា គឺជា​សម្ពន្ធមិត្ត ប៉ុន្តែ​តួ​ក​គី បែរជា​បើក​ប្រតិបត្តិការ​យោធា​លើ​ក្រុម​ឃើ​ដ ដែលជា​សម្ពន្ធមិត្ត NATO ក្នុងការ​វាយប្រហារ​ទៅលើ​ក្រុម​រដ្ឋ​ឥស្លាម​ទៅវិញ​។  
 
​ជាការ​ឆ្លើយតប ប្រមុខ​ការទូត​តួ​ក​គី បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​នៅក្នុង​សភា​យ៉ាង​ដូច្នេះ​ថា​៖ «​លោក ម៉ា​ក្រុង កុំភ្លេចថា​... តួ​ក​គី​ក៏​ជា​សមាជិក​របស់​បក្ស​ស​ម្ព​ន្ធ​យោធា NATO ដែរ​។ នោះ​ហើយ​ជា​អ្វី ដែល​បារាំង​ត្រូវ​យល់ស្រប​ជាមួយ​តួ​ក​គី​»​។ ក្នុងន័យនេះ ប្រមុខ​ការទូត​តួ​ក​គី ចង់​ឲ្យ​បារាំង​គាំទ្រ​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​។ 
 
​សូមបញ្ជាក់ថា នៅ​ខែតុលា ឆ្នាំ​២០១៩ ប្រធានាធិបតី​តួ​ក​គី បានចាប់ផ្តើម​បើក​ប្រតិបត្តិការ​យោធា ប្រឆាំង​ទៅនឹង​ក្រុម​ឃើ​ដ ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ស៊ី​រី បន្ទាប់ពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ដក​កងទ័ព​អាមេរិក​ចេញពី​ទឹកដី​ស៊ី​រី​។ ក្រុម​អ្នក​ប្រយុទ្ធ​ឃើ​ដ​នេះ ត្រូវបាន​តួ​ក​គី​ដាក់ចូល​ទៅក្នុង​បញ្ជីខ្មៅ ដោយ​ចាត់ទុកថា គឺជា​ក្រុម​ភេរ​វករ​៕

Tag:
 ​តួ​ក​គី​
  បារាំង​
© រក្សាសិទ្ធិដោយ thmeythmey.com