ជាតិ
សង្គមជាតិ
រដ្ឋាភិបាលបង្កើតគណៈកម្មាធិការជាតិទេសចរណ៍ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ទិដ្ឋភាពភ្ញៀវទេសចរណ៍មកកម្សាន្តលេងនៅកំពង់ភ្លុក ក្នុងខេត្តសៀមរាប រូបភាពពីក្រសួងទេសចរណ៍
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិទេសចរណ៍ ដែលសរសេរកាត់ថា គ.ជ.អ.ទ. ដើម្បីជំរុញឲ្យវិស័យទេសចរណ៍នៅកម្ពុជាមានការរីកចម្រើនឡើង។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា។
តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ការបង្កើតឲ្យមានគណៈកម្មាធិការជាតិទេសចរណ៍នេះ ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធាន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ទទួលបន្ទុកជាអនុប្រធាន និងតំណាងរដ្ឋមន្ត្រីសំខាន់ៗចំនួន២៦រូបផ្សេងទៀត ទទួលបន្ទុកជាសមាជិកគណៈកម្មាធិការជាតិទេសចរណ៍។
គណៈកម្មាធិការជាតិទេសចរណ៍នឹងមានតួនាទី ដឹកនាំ សម្របសម្រួល សហការ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តភាព ដើម្បីចូលរូមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ រៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងបទប្បញ្ញត្តិសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ លើកកម្ពស់ការសិក្សាស្រាវជ្រាវអំពីវិស័យទេសចរណ៍ អំពីផលប៉ះពាល់នៃវិស័យនេះទៅលើសេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថាន និងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃសភាពការណ៍ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងរៀបចំរបាយការណ៍បូកសរុបការងារអនុវត្ត ស្ថានភាពទេសចរណ៍ និងការលើកយោបល់ ឬដំណោះស្រាយ។
អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការបង្កើតឲ្យមានគណៈកម្មាធិការជាតិទេសចរណ៍នេះ គឺប្រើប្រាស់ថវិកាជាតិ ក្នុងគម្រោងជាថវិការបស់ក្រសួងទេសចរណ៍៕
Tag:
ក្រសួងទេសចរណ៍
គណៈកម្មាធិការជាតិទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com