សាលារាជធានីភ្នំពេញនឹងធ្វើម្ចាស់ផ្ទះលើកដំបូងរៀបចំកិច្ចប្រជុំមហាសន្និបាតនៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងលើកទី៣៩ នៅក្នុងសប្តាហ៍ក្រោយនេះ ដោយចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី៤ខែធ្នូ។ មានតំណាងក្រុងជាង១៤០មកពីប្រទេសជាង៤០ ដែលក្នុងនោះមានអភិបាលក្រុងចំនួន៨៥រូបនៃសមាជិកសមាគមអន្តរជាតិនេះដែលនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំ៤ថ្ងៃនៅសណ្ឋាគារសុខាភ្នំពេញ។
«ភ្នំពេញ ៤០ឆ្នាំក្រោយមក…» គឺជាប្រធានបទធំនៃមហាសន្និបាតនៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។ ពិធីសម្ពោធការតាំងពិព័រណ៍ខួប៤០ឆ្នាំនៃរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យទី១ខែធ្នូតាមបណ្តោយតីរវិថីស៊ីសុវត្ថិ។
៤០ឆ្នាំនៃការរៀបចំ និងកសាងរាជធានីភ្នំពេញឡើងវិញ នៅក្រោយរបបប្រល័យពូជសាសន៍ នឹងក្លាយទៅជាពិសោធន៍ ភាពជាគំរូមួយសម្រាប់ការរៀនសូត្រនៅក្នុងកិច្ចប្រជុំអន្តរជាតិនៃសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានក្រុមលេខាធិការដ្ឋាននៃគណៈកម្មការរៀបចំមហាសន្និបាតបានថ្លែងនៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៩ខែធ្នូនេះថា ថ្វីដ្បិតតែគេអាចបង្ហាញពីការរៀបចំ រាជធានីភ្នំពេញឡើងវិញពីការខ្ទេចខ្ទាំដោយសារសង្គ្រាម ប៉ុន្តែនៅក្នុងអំឡុងពេលនេះកិច្ចប្រជុំ កម្ពុជាត្រូវរៀនសូត្រអំពីបណ្តាក្រុងនៃប្រទេសជឿនលឿនផងដែរ។
លោក នួន ផារ័ត្ន បានពន្យល់យ៉ាងដូច្នេះថា៖« កន្លងមកយើងបានរៀបចំបទបង្ហាញមួយនៅទីក្រុង គីហ្គាលី នៃប្រទេសរវ៉ាន់ដា ដើម្បីបង្ហាញអំពីការអភិវឌ្ឍរបស់ភ្មំពេញ ដើម្បីបញ្ចុះបញ្ចូលសមាជិកឱ្យមកចូលរួម។ នៅពេលពួកគេទស្សនាវីដេអូដែលបង្ហាញពីភ្នំពេញ ក្រុងមួយចំនួនភ្ញាក់ផ្អើលខ្លាំង។ ដើមឡើយពួកគេគិតថា ក្រោយពីសង្គ្រាមភ្នំពេញប្រហែលជានៅលំបាក មិនទាន់អភិវឌ្ឍ។ ពេលឃើញវិដេអូ ស្តីពីការអភិវឌ្ឍបច្ចុប្បន្ន គេចាប់អារម្មណ៍ ចង់រៀនសូត្រពីភ្នំពេញដែរ។ ខាងសមាគមក៏យល់ស្របចង់ឱ្យចែករំលែកពិសោធន៍ដែរ ពីព្រោះសមាជិកខ្លះទើបចប់ពីសង្គ្រាម សមាជិកខ្លះកំពុងស្ថិតនៅក្នុងលំបាក ដែលត្រូវពីពិសោធន៍ល្អៗ។»។
សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំងមានសមាជិកចំនួន៣០៧ក្រុង។ ពីប្រទេសកម្ពុជា មានរាជធានីភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុងកំពតដែលជាសមាជិកនៃសមាគមអន្តរជាតិមួយនេះ។ ដោយឡែក រាជធានីភ្នំពេញ គឺជាសមាជិកតែមួយគត់ពីទ្វីបអាស៊ីដែលជាសមាជិកអចិន្ត្រៃយ៍ដែលមានសរុប២៧ក្រុងនៃសមាគម។
តើមានប្រធានបទលម្អិតអ្វីខ្លះ?
ក្រៅពីអភិបាលរាជធានីភ្នំពេញបច្ចុប្បន្ន គឺ លោក ឃួង ស្រេង ដែលនឹងធ្វើបទបង្ហាញអំពី«ទីក្រុងដែលមានភាពធន់៖ ការគិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ» អតីតអភិបាលរាជធានីភ្នំពេញមួយចំនួនក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញលើប្រធានបទផ្សេងពីគ្នាដូចជា៖ ការសាកល្បងស្ថាបនាទីក្រុងឡើងវិញ សកម្មភាពនៃការស្ថាបនាទីក្រុង ការគ្រប់គ្រងប្រជាពលរដ្ឋ ជាដើម។
ក្រៅពីនេះ ក៏នឹងមានការពិភាក្សាលើប្រធានសំខាន់ៗផ្សេងទៀតផងដែរដូចជា៖ ការផ្លាស់ប្តូរទីក្រុង និងតួនាទីអភិបាលក្រុងក្នុងការផ្លាស់ប្តូរទីក្រុងនាពេលបច្ចុប្បន្ន និងពេលអនាគត តួនាទីរបស់ទីក្រុងក្នុងតំបន់អាស៊ីអាគ្នេយ៍លើឆាកអន្តរជាតិ ទីក្រុងឆ្លាតវៃប្រកបដោយនិរន្តរភាព តម្រូវការបន្ទាន់នៃការស្ថាបនាទីក្រុងឡើងវិញ បច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គម សម្រាប់រាជធានីភ្នំពេញនាពេលអនាគត ។ល។
តើសាលារាជធានីភ្នំពេញ និងកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះពីការរៀបចំនេះ?
ឆ្លើយនឹងសំណួរនេះរបស់អ្នកកាសែតនៅក្នុងសន្និសីទកាសែតដែលត្រូវបានរៀបចំនៅសាលារាជធានីភ្នំពេញ លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានី បានអះអាងថា កិត្តិយស សមត្ថភាព រូបភាពវិជ្ជមាននៃទិដ្ឋភាពនយោបាយ និងសង្គមដែលបង្ហាញពីស្ថិរភាព និងសន្តិសុខ គឺជាផលប្រយោជន៍ធំ ដែលកម្ពុជាទទួលបានពីកិច្ចប្រជុំអន្តរជាតិ។
«មតិខ្លះសង្ស័យថា តើភ្នំពេញ ឬកម្ពុជា ស្ថិតនៅដំណាក់កាលណា? មានវិបត្តិអ្វី មានសន្តិសុខទេ? ដូច្នេះតាមរយៈមហាសន្និបាតនេះ យើងនឹងបង្ហាញទៅកាន់ពិភពលោក ពិសេសបណ្តាប្រទេសនិយាយភាសាបារាំង ថាកម្ពុជាមានការអភិវឌ្ឍ និងសន្តិសុខល្អ។»។ នេះជាការអត្ថាធិប្បាយរបស់លោកអភិបាលរង មុននឹងលោករំឭកបន្ថែមថា ប្រតិភូនៃមហាសន្និបាតក៏នឹងធ្វើដំណើរទៅទស្សនាទីក្រុងនៃប្រាសាទខ្មែរនៅក្នុងខេត្តសៀមរាបផងដែរ៕