ONE Championship
កីឡាជាតិ
ជាតិ
ជើងខ្លាំងថៃ Lerdsila ដែលឈ្នះ សុខ ធី ពីរដងឡើងសង្វៀនជាថ្មី
× កីឡាករប្រដាល់ជើងខ្លាំងថៃម្នាក់ Lerdsila Phuket Top Team ដែលមានឈ្មោះបោះសំឡេងនៅប្រទេសថៃ ហើយធ្លាប់ឈ្នះកីឡាករកម្ពុជា សុខ ធី ចំនួន២លើក និងឈ្នះខ្សែក្រវាត់ Muay Thai World Champion ចំនួន៨សម័យកាលនោះវិលមកសង្វៀនជាថ្មីនាដើមខែ ធ្នូខាងមុខ។ Lerdsila ត្រូវប៉ះ Elias Mahmoudi ជាម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ចំនួន៣សម័យកាលនាថ្ងៃទី ៦ ខែធ្នូ ខាងមុខកម្មវិធី ONE: MARK OF GREATNESS នៅក្រុងកូឡាឡាំពួរ។
កីឡាករវ័យ៣៨ឆ្នាំមកពីក្លិបប្រដាល់ Phuket Top Team មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយនៅសង្វៀន ONE Championship តាំងពីខែមិថុនា ឆ្នាំ ២០១៨ រួមទាំងឈ្នះកីឡាករជើងខ្លាំងកម្ពុជា សុខ ធី ក្នុង២ប្រកួតដំបូងផងដែរ។ កីឡាករជំនាញក្បាច់មួយថៃ ឈ្នះកីឡាករជប៉ុន Momotaro ដោយពិន្ទុ មុនវាយកីឡាករកោះសាយប្រឺស Michael Savvas ឲ្យសន្លប់ទឹកទី២នៅក្នុងកម្មវិធី ONE: DREAM OF GOLD ដែលជាការប្រកួតចុងក្រោយកាលខែសីហានៅប្រទេសថៃ បន្ទាប់ពីរូបគេយកឈ្នះ សុខ ធី ពីរលើកជាប់គ្នាក្នុងឆ្នាំ ២០១៨។
Lerdsila មានកំណត់ត្រាឈ្នះ ១៩០ ដង ចាញ់ ៣១ ដង និង ស្មើ៥ដង។ ចំណែក Elias Mahmoudi មានកំណត់ត្រាឈ្នះ ៣១ដង ចាញ់ ៤ដង និងមិនដែលស្មើ។ Lerdsila មានដើមកំណើតចេញពីក្រុងតូចមួយនៅភាគឦសាននៃប្រទេសថៃ។ គេចាប់ផ្ដើមហ្វឹកហាត់ក្បាច់គុនមួយថៃតាំងពីអាយុ៧ឆ្នាំដោយមានការបង្វឹកពីសំណាក់ឱពុករបស់ខ្លួន និងបានឡើងប្រកួតលើកដំបូងនៅឆ្នាំដដែលនោះដែរ។
Lerdsila ផ្លាស់ទៅបាងកកក្នុងអាយុ១២ឆ្នាំដើម្បីបន្តអាជីពប្រដាល់របស់ខ្លួន ដោយហ្វឹកហាត់នៅក្លិប Jockey Gym ដែលមានកាងបង្ហាត់ពីសំណាក់វីរបុរស Saenchai និង Somrak។ Lerdsila ឡើងប្រកួតច្រើនដងហើយល្បីឈ្មោះនៅសង្វៀន Lumpinee និង Rajadamnern Stadium ហើយឈ្នះខ្សែក្រវាត់ Rajadamnern Muay Thai World Title ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នាទៀតផង។
ការឡើងដល់ចំណុចកំពូលរបស់ Lerdsila គឺឈ្នះរហូតដល់១០០លើកជាប់គ្នាក្នុងអាជីព និងបានជួបជើងខ្លាំងជាច្រើនដូចជា Orono Wor Petchpun, Nong-O Gaiyanghadao, និង Jomthong Chuwattana ជាដើម។ តាំងពីផ្លាស់ទៅក្លិបប្រដាល់ Phuket Top Team នៅឆ្នាំ២០១៥ Lerdsila នៅតែបន្តសកម្មភាពប្រកួតជាហូរហែភាគច្រើននៅចិន និងអាមេរិក។
កីឡាកររូបនេះស្ថិតក្នុងបញ្ជីកីឡាករកំពូលជើងឯក Muay Thai World Champions នៅក្នុងកម្មវិធី ONE Super Series ហើយរូបគេតែងតែស្រេកឃ្លាននឹងខ្សែក្រវាត់ ONE Muay Thai World Title ទៅថ្ងៃខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com