ជាតិ
ជប៉ុន​ផ្ដល់​ថវិកា​៤៤​ម៉ឺន​ដុល្លា​ឲ្យ​អង្គការ​IVY សម្រាប់​គម្រោង​ដាំ​ស្វាយចន្ទី​សរីរាង្គ​នៅ​ខេត្តព្រះវិហារ​
29, Nov 2019 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ជប៉ុន​ផ្ដល់​ថវិកា​ប្រមាណ​៤៤​ម៉ឺន​ដុល្លា​ឲ្យ​អង្គការ​IVY លើ​ការដាំ​ស្វាយចន្ទី និង​បង្កើន​ប្រាក់ចំណូល​ដល់​កសិករ​នៅ​ខេត្តព្រះវិហារ​។ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​លោកស្រី ឈី​ហូ​កុ សឺ​ហ្សឹះ​ស៊ីម៉ាក ជំនួយការ​នាយក​នៃ​អង្គការ​IVY បាន​ចុះហត្ថលេខា​ផ្ដល់​ជំនួយឥតសំណង សម្រាប់​គ​ម្រា​ង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​។​

 
​លោកស្រី ឈី​ហូ​កុ សឺ​ហ្សឹះ​ស៊ីម៉ាក ជំនួយការ​នាយក​នៃ​អង្គការ​IVY បាន​និយាយថា ថវិកា​ទាំងនេះ គឺ​អង្គការ​IVY នឹង​យកទៅ​ពង្រីក​ការដាំ​ស្វាយចន្ទី​សរីរាង្គ នៅក្នុង​សហគមន៍​កសិកម្ម​ចំនួន​១១ នៅ​ខេត្តព្រះវិហារ រួមទាំង​ការបន្ថែម​សហគមន៍​កសិកម្ម​ដាំ​ដុះ​ថ្មី​ចំនួន​៦​បន្ថែមទៀត​។ បើតាម​ជំនួយការ​នាយក​នៃ​អង្គការ​IVY​រូបនេះ ការដាំ​ស្វាយចន្ទី គឺ​ផ្តោតលើ​ការដាំ​បែប​សរីរាង្គ ,​ការយកចិត្តទុកដាក់​លើ​គ្រាប់ស្វាយចន្ទី ,​បង្កើន​បច្ចេកទេស​ដាំ​ដុះ​ថ្មី ដូច​ជាការ​ផ្សាំ​ឈើ និង​កាត់​មែក​ជាដើម​។​
 
​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា ខេត្តព្រះវិហារ​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​ដែលមាន​អត្រា​ភាពក្រីក្រ​ខ្ពស់​នៅ​កម្ពុជា ដូច្នេះ​ការកាត់បន្ថយ​ភាពក្រីក្រ​មាន​សារៈសំខាន់​ណាស់​។ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា រំពឹង​ដូច្នេះ​ថា​៖« ប្រាក់ចំណូល​របស់​កសិក​រ​នឹង​កើនឡើង​កាន់តែខ្លាំង​ដោយ​កសិករ​គោលដៅ នឹង​អាច​ដាំ​គ្រាប់ស្វាយចន្ទី​ដែលមាន​តម្លៃ​ខ្ពស់​»​។ 
 
​ក្នុង​ឆ្នាំ​២០១៨ អង្គការ​IVY បាន​បង្រៀន​ស្ដង់ដា​ដាំ​សរីរាង្គ ដល់​កសិករ​ដាំ​ស្វាយចន្ទី​ជិត ៤០០​នាក់​ដែល​មកពី​៥​សហគមន៍​កសិកម្ម ក្នុង​ខេត្តព្រះវិហារ ។ ជា​លទ្ធផល កសិករ​ដាំ​ស្វាយចន្ទី​ចំនួន​២៥៦ នាក់ ដែលមាន​ផ្ទៃដី​៥៦០​ហិត​តា បានទទួល​វិញ្ញាបនបត្រ​បញ្ជាក់​សរីរាង្គ ស្របតាម​គោល​ការ​ច្បាប់​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។​
 
​អត្រា​ភាពក្រីក្រ​នៅ​ខេត្តព្រះវិហារ​មាន​ចំនួន​៣៧% ជា​អត្រា​ខ្ពស់បំផុត​មួយ​នៅ​កម្ពុជា​។ ទោះ​យ៉ាណា ខេត្ត​នេះ​រក្សាទុក​នូវ​សម្បត្តិ​ធម្មជាតិ​ដ៏​សម្បូរបែប និង​ផលិតផល​កសិកម្ម​ដែល​គ្មាន​ជាតិគីមី​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ឈី​ហូ​កុ សឺ​ហ្សឹះ​ស៊ីម៉ាក ជំនួយការ​នាយក​នៃ​អង្គការ​IVY៕

Tag:
 ជប៉ុន​
 ​ថវិកា​
 ​អង្គការ​
 ​ស្វាយចន្ទី​
 ​កសិករ​
© រក្សាសិទ្ធិដោយ thmeythmey.com