នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​សង់​អគារសិក្សា ក្រោយ​ឃើញ​សិស្ស​រៀន​ហាលវាល​
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី បញ្ជា​ឲ្យ​សង់​អគារសិក្សា ក្រោយ​ឃើញ​សិស្ស​រៀន​ហាលវាល​
29, Nov 2019 , 6:09 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដាក់​បញ្ជា​ឲ្យ​ប្រញាប់​សាងសង់​អគារសិក្សា នៅ​បឋមសិក្សា​អូរ​ជុ​ញ ក្នុងភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ដ ខេត្តព្រះវិហារ​។ បញ្ជា​របស់​នាយករដ្ឋមន្ត្រី គឺធ្វើឡើង ក្រោយពី​មានការ​បង្ហោះ​រូបថត​លើ​បណ្តាញ​សង្គម អំពី​សិស្សានុសិស្ស​មួយចំនួន​ក្នុង​បឋមសិក្សា​នេះ នាំគ្នា​អង្គុយ​រៀន​ហាលវាល ក្បែរ​ដើមឈើ​។


 
​លោក គន់ គីម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ជា​អ្នកទទួល​ការណែនាំ​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ក្នុងការ​ចុះទៅពិនិត្យ​និង​ជួយ​សាងសង់​អគារសិក្សា​នេះ​។ 
 
​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​សារព័ត៌មាន​ThmeyThmey តាម​ទូរ​សព្ទ​នៅ​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ថា លោក គន់ គីម បាន​ចុះទៅពិនិត្យ​បឋមសិក្សា​នេះ​ភ្លាមៗ ក្រោយ​ទទួល​ការណែនាំ​ពី​សម្តេចនាយក​រដ្ឋមន្ត្រី​។  
 
​លោក អះអាងថា ប្រមុខ​រដ្ឋាភិបាល ជួយ​សាងសង់​អគារសិក្សា​១​ខ្នង កម្ពស់​២​ជាន់ ដោយមាន​១២​បន្ទប់ រួមទាំង​អគារ​ទីចាត់ការ​១​ខ្នង និង​ខ្លោង​ទ្វាររបង​សាលា​។ តែ​លោក មិនទាន់​ទទួលបាន​ព័ត៌មាន​ឡើយ​ថា ការសាងសង់​អគារ​ទាំងនេះ នឹងត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន​។ 
 
​ទោះ​មិនអាច​និយាយបានថា នឹងត្រូវ​សាងសង់​រួចរាល់​នៅពេលណា តែ​អ្នកនាំពាក្យ សន្និដ្ឋានថា នឹងមិន​ប្រើពេល​យូរ​នោះទេ​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​ប្រហែលជា​ឆាប់ៗ​ហ្នឹង ព្រោះ​ជា​បញ្ជា​ផ្ទាល់​របស់​សម្តេច​»​។   
 
​លោក បន្តថា សិក្សា​នុ​សិស្ស​ទាំងនោះ ទើបតែ​នាំគ្នា​ទៅ​រៀន​ក្រោម​ដើមឈើ​នាពេល​ថ្មីៗ​នេះ​ទេ​។ លោក ថ្លែង​បែបនេះ​ថា​៖«​អគារសិក្សា​ហ្នឹង ចាស់ៗ​និង​ទ្រុឌទ្រោម​ហើយ ពួកគាត់ ខ្លាច​បាក់ ទើប​នាំគ្នា​ទៅ​រៀន​ក្រោម​ដើមឈើ​»​។ 
 
​បើតាម​ន្ត្រី​ខាងលើ នៅ​បឋមសិក្សា​អូរ​ជុ​ញ មាន​សិស្ស​ជាង​៤០០​នាក់ និង​គ្រូបង្រៀន​១៤​នាក់​៕ 

Tag:
 អប់រំ​
  បឋមសិក្សា​អូរ​ជុ​ញ​
  អគារ​ថ្មី​
  ហ៊ុន សែន​
  កែវ វី​
© រក្សាសិទ្ធិដោយ thmeythmey.com