ជាតិ
ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​
30, Nov 2019 , 7:59 am        
រូបភាព
រូប​ពី​ សូ ស៊ីថន
រូប​ពី​ សូ ស៊ីថន
​ភ្នំពេញ​៖ ថ្ងៃនេះ ជា​ខួប​៣​ឆ្នាំ​នៃ​ការដាក់បញ្ចូល​ចាប៉ីដងវែង ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​អង្គការ​យូណេស្កូ​។ គណៈកម្មាធិការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ បានទទួល​ស្គាល់​ចាប៉ីដងវែង​ជា​ផ្លូវការ នា​អំឡុង​កិច្ចប្រជុំ​នៅ​ទីក្រុង Addis Ababa ប្រទេស​អេ​ត្យូ​ពី នា​ថ្ងៃទី​៣០ ខែវិច្ឆិកា​។​


 
​ចាប៉ីដងវែង​ជា​ឧបករណ៍​មាន​ខ្សែ​២​ឬ​ខ្សែ​៤ តែ​ទោះជា​យ៉ាងណា​វា​មានសំនៀង​តែ​២​ប៉ុណ្ណោះ គឺ​ខ្សែគ​និង​ខ្សែ​ឯក​។ នៅពេល​បច្ចុប្បន្ន​ចាប៉ីដងវែង គេ​ច្រើន​ឃើញ​មានតែ​ប្រភេទ​ខ្សែ​២​ប៉ុណ្ណោះ​។ ឧបករណ៍​បុរាណ​មួយ​ប្រភេទ​នេះ​ប្រគំ​ក្នុង​វង់ភ្លេង​ការ​បុរាណ និង​វង់ភ្លេង​អារក្ខ​។ ចាប៉ីដងវែង​ក៏​អាច​សម្ដែង​ទោល សម្ដែង​ជា​គូ ឬ​សម្ដែង​ជា​ក្រុម សម្រាប់​កំដរ​ចម្រៀង​កំណាព្យ​តែង​ស្រាប់ ឬ​ការ​នឹក​ជួន​ភ្លាមៗ​។ 
 
​ចំនួន​បទ​ដែល​ត្រូវ​ប្រើ​ក្នុង​ចម្រៀង​ចាប៉ីដងវែង​មាន​៧​បទ​។ បទ​ទី​១ “​ផាត់ជាយ​ធំ​" ប្រើ​នៅពេល​ចាប់ផ្ដើម​សាច់​បទ​។ បទ​ទី​២ "​ផាត់ជាយក្លាយ​” ប្រើ​សម្រាប់​ពិពណ៌នា​សាច់​បទ​។ បទ​ទី​៣ “​សា​រោ​មេ​” ប្រើ​សម្រាប់​ពិពណ៌នា​សាច់រឿង​(​កម្សត់​ស្ទើរ​)​។ បទ​ទី​៤ "​សា​រោ​មេជើង​ព្រៃ​" ប្រើ​សម្រាប់​ពិពណ៌នា​សាច់រឿង​(​កម្សត់​ស្ទើរ​)​។​
 
​បទ​ទី​៥ “​នគររាជជើងព្រៃ​” ប្រើ​សម្រាប់​ពិពណ៌នា​សាច់រឿង​(​កម្សត់​)​។ បទ​ទី​៦ “​នគររាជ​កំពង់សៀម​” ប្រើ​សម្រាប់​ពេល​កម្សត់​ខ្លាំង (​បើ​និយាយ​ក្នុង​សាច់រឿង​អ្វីមួយ បទ​នេះ​គេ​ប្រើ​ត្រង់​ឈុត​ដែលមាន​តួអង្គ​ណា​ម្នាក់​ស្លាប់​)​។ បទ​ទី​៧ “​លោម​” ប្រើ​សម្រាប់​ពិពណ៌នា​សាច់រឿង ដែលមាន​បរិយាកាស​បែ​ប​សប្បាយ (​ពេល​ព្រះរាជា​យាង​ប្រពាត​ព្រៃ មាន​សេនា ឬ​ភីលាង​ច្រៀង​រៀបរាប់​ទេសភាព​)​។​
 
​ក្នុង​សិល្បៈ​ចាប៉ី សិល្បករ​ល្បីៗ​ទទួលបាន​ងារ​ពី​ព្រះរាជា តាំងពី​សម័យ​ព្រះបាទ​អង្គឌួង (១៧៩៦-១៨៦០) មកម្ល៉េះ​។ មកដល់​ពេលបច្ចុប្បន្ន ការបង្រៀន​ឬ​ផ្ទេរ​ចំណេះដឹង​សិល្បៈ​ចាប៉ី ធ្វើ​ឡើងជា​លក្ខណៈ​គ្រួសារ ឬ​ពី​គ្រូ​ទៅ​សិស្ស​ក្នុង​សាលា​ឬ​ក្នុង​សមាគម​។​
 
​អង្គការ​យូណេស្កូ បាន​ចុះបញ្ជី​ចាប៉ីដងវែង​របស់​កម្ពុ​ជា ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៦ ដែល​ស្ថិតក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ត្រូវការ​ការសង្គ្រោះ​បន្ទាន់​។ គណៈកម្មាធិការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ បានអនុម័ត​លើ​ការស្នើសុំ​ជំនួយ​ហិរញ្ញវត្ថុ ២៣​ម៉ឺន​ដុល្លារ​អាមេរិក របស់​កម្ពុជា សម្រាប់​ការអភិរក្ស​ចាប៉ីដងវែង​៕

Tag:
 សិល្បៈ​
 ​វប្បធម៌​
 ​សិល្បៈ​បុរាណ​
 ​ចាប៉ីដងវែង​
  បេតិកភណ្ឌ​វប្បធម៌​អរូបី​
 ​យូណេស្កូ​
© រក្សាសិទ្ធិដោយ thmeythmey.com