ជាតិ
រដ្ឋមន្ត្រី​វប្បធម៌​៖ ពេលណា​ខ្មែរ​រួមគ្នា ខ្មែរ​អាចធ្វើ​បាន​
30, Nov 2019 , 8:59 am        
រូបភាព
​សៀមរាប​៖ ក្រសួង​វប្បធម៌ បានរៀបចំ​កម្មវិធី​សម្ដែង​សិល្បៈ​ខ្នាត​ធំ​ដែលមាន​ការសម្ដែង​សិល្បៈ​ចម្រុះ ក្នុង​បំណង​ដើម្បី​អបអរសាទរ​ខួប​១​ឆ្នាំ ថ្ងៃ​ដែល​ល្ខោនខោល​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​របស់​មនុស្សជាតិ​។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា បានចាត់ទុក​កម្មវិធី​នេះ​ថា​ជា​ស្មារតី​ចូលរួម​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ប្រជាជន​កម្ពុជា ក្នុងការ​លើកតម្កើង​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ហើយ​នៅពេលណា​ខ្មែរ​រួមគ្នា គឺ​ខ្មែរ​អាចធ្វើ​បាន​។​

 
​រាត្រី​ចងចាំ គឺជា​ផ្ទាំងទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ដើម្បី​អបអរ​ខួប​១​ឆ្នាំ ដែល​លោ្ខ​ន​ខោល​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០១៨​។ កម្មវិធី​នេះ​មានការ​សម្ដែង​សិល្បៈ​ចម្រុះ រួមមាន របាំ​អប្សរា ដែល​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​សម្ដេច ន​រោ​ត្ដម បុប្ផា​ទេវី​, ល្ខោន​ស្រមោល​ស្បែក​ធំ​, ការប្រគំ​ស្គរជ័យ និង​ល្ខោនខោល​។ 
 
​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ លោកស្រី ភឿង ស​កុ​ណា បានឱ្យដឹងថា ការរៀបចំ​កម្មវិធី​នៅពេលនេះ​គឺ​បំផុសស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​គាំទ្រ កាន់តែ​ស្រឡាញ់​នូវ​តម្លៃ​សម្បត្តិ​បេ​តិ​ភណ្ឌ​ដែល​ដូនតា​បាន​រក្សា​ទុកឱ្យ​។ លោកស្រី​រដ្ឋមន្ត្រី​បន្តថា​៖« អ្វីដែល​រក្សា​បានយូរ គឺ​ពឹងផ្អែក​ដំបូង​បំផុត​លើ​ស្មារតី​របស់​មហាជន​ប្រជាជន​សិន ឱ្យ​ប្រជាជន​ស្រឡាញ់ គាំទ្រ បន្ទាប់មកទៀត​គឺ​តាមរយៈ​ទេសចរ ពេល​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ អន្ដរជាតិ​នឹង​ផ្តោតលើ​អ្វី​ដែលជា​តម្លៃ​របស់​មនុស្ស​ជាតិ​ហើយ​»​។​
 
​បន្ថែម​ពីនេះ លោកស្រី ភឿង ស​កុ​ណា បានបង្ហាញ​អារម្មណ៍​រីករាយ​ជា​ពន់ពេក​នៅពេល​កម្មវិធី​នេះ​លើកទីមួយ​នេះ មានការ​គាំទ្រ​ច្រើន​ហួស​ពី​ការរំពឹងទុក​។ មនុស្ស​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់ ដែល​គេ​ប៉ាន់​ស្មានថា​បាន​ចូលរួម​ទស្សនា​ការសម្ដែង​ផ្ទាល់​នៅ​ព្រះ​លានជល់ដំរី​។ រដ្ឋមន្ត្រី​វប្បធម៌​ក៏បាន​អរគុណ​ដល់​អ្នក​សហកា​រ​រៀបចំ​កម្មវិធី​នេះ​ឡើង ដែល​បានបង្ហាញ​នូវ​កម្លាំង​រួម​របស់​ជាតិខ្មែរ ហើយ​កាលណា​ខ្មែរ​រួមគ្នា គឺ​ខ្មែរ​អាចធ្វើ​បាន​។ លោកស្រី​រដ្ឋមន្ដ្រី អំពាវនាវ​ឱ្យ​បន្ត​ស្មា​រី​នេះ​ទៅមុខ និង​ថា​គ្មានអ្វី​ដែល​ថែ​បានល្អ​ជាង​ប្រជាជន​ខ្លួនឯង និង​គ្មាន​អ្វីដែល​ថែ​បានល្អ​ជាង​ក្មេងជំនាន់ក្រោយ​ទេ ដើម្បី​រក្សា​សម្បត្តិ​បេតិកភណ្ឌ​ដែល​ដូនតា​ប្រឹង​បង្កើត និង​រក្សាទុក​សម្រាប់​អ្នកជំនាន់ក្រោយ​៕

























Tag:
 ល្ខោនខោល​
  រាត្រី​ចងចាំ​
  វប្បធម៌​
  ភឿង ស​កុ​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com