ពីនេះ ពីនោះ
«​ទំពាំង​»​មានន័យ​ខុសពី​«​ត្រពាំង​»​ដូចម្តេច​?
30, Nov 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ទំពាំង និង​ត្រពាំង​» ផ្តើម​ដោយ​ការសរសេរ​ខុសគ្នា ន័យ​ក៏​ផ្សេងគ្នា​ដែរ ប៉ុន្តែ​នៅតែមាន​អ្នក​ប្រើ​ច្រឡំ​ន័យ​គ្នា​ទៅវិញទៅមក​មិន​ដាច់ស្រឡះ​ទាល់តែសោះ​។  ដោយ​ពលរដ្ឋ​មួយចំនួន​ហៅថា​ទំពាំង​ជា​ត្រពាំង ហើយ​ហៅ​ត្រពាំង​ជា​ទំពាំង​ទៅវិញ​។​


 
​បើតាម​វចនានុក្រម​ខ្មែរ  ពាក្យ​ថា «​ទំពាំង​» សំដៅលើ ពន្លក​ឫស្សី ឬ​បបុស​ជាដើម​។ ក្នុងការ​របប​អាហារ​រស់នៅ​ប្រចាំថ្ងៃ គេ​ច្រើន​ប្រើ​ទំពាំង សម្រាប់ ស្ល ធ្វើជា​ម្ហូបអាហារ​។ ពេល​វា​ទើបតែ​ដុះ​ពន្លក​ថ្មី គេ​ហៅ​វា​ថា ទំពាំង តែ​ពេល​វា​ដុះ​បាន​ខ្ពស់ គេ​ហៅ​វា​ថា ឫស្សី ដែលមាន​ថ្នាំង​។ គេ​តែង​ចំណាំ​យក​ឫស្សី​ធ្វើជា គ្រឿង​ឧបករណ៍ប្រើប្រាស់ ដូចជា ល្អី កញ្ជើ ឧបករណ៍​នេសាទ ផ្ទះ និង​គ្រឿងសង្ហារិម​ជាដើម​។ 
 
​បើ​គេ​ប្រៀបធៀប មនុស្ស​ទៅនឹង​ទំពាំង​វិញ គឺ​មានន័យថា ជា​កូន ឬ​កូនសិស្ស​ដែល​ទទួល​កិច្ចការ​ស្នង​ឪពុក ឬ​ស្នង​គ្រូ ដូចជា​ទំពាំង​ដែល​ដុះ​ស្នង​ដើម​ឫស្សី​។ កុមារ​ជា​ទំពាំង​ស្នង​ឬ​ស្សី ដែលជា​អ្នក​បន្តវេន​ដើម្បី​ថែរក្សា​ប្រទេសជាតិ​ឲ្យ​រីកចម្រើន​។ 
 
​ចំណែក​ពាក្យ «​ត្រពាំង​» ជា​ថ្លុក​ធំ​ដែល​កើតចេញពី​មនុស្ស​ជីក សម្រាប់​ឲ្យ​ដក់​ទឹក ឬ​កើតចេញ​ដោយ​កម្លាំង​ទឹក​ហូរ​ច្រោះ​។ ត្រពាំង ជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ថនិកសត្វ រុក្ខជាតិ និង​មច្ឆជាតិ  គ្រប់​ប្រភេទ ដែល​រស់នៅ​ពឹងផ្អែក​លើទឹក​ក្នុង​ត្រពាំង​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com