ពាក្យ​«​យាម​»​មានន័យ​ច្រើនបែប តើ​ក្នុងន័យ​នីមួយៗ​មាន​ខ្លឹមសារ​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
ពាក្យ​«​យាម​»​មានន័យ​ច្រើនបែប តើ​ក្នុងន័យ​នីមួយៗ​មាន​ខ្លឹមសារ​ដូចម្តេច​?
02, Dec 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​«​យាម​» ដែល​មានន័យ​ច្រើនយ៉ាង​។ ក្នុងន័យ​នីមួយៗ​គឺ​សុទ្ធតែ​ប្រើ​ក្នុងស្ថានភាព​ខុសគ្នា​ទាំងអស់​។


 
«​យាម​»​នៅក្នុង​ន័យ​ទី​១ សំដៅលើ ប្រដាប់​របស់​នង្គ័ល​ដែល​ភ្ជាប់​ផ្នៀង​និង​ដង​មាន​សណ្ឋាន​រៀវ​ខាងចុង រាង​កោង​ស្រួច​មក​ខាងក្រោយ​សម្រាប់​កាន់​ភ្ជួរ ដែល​គេ​ហៅថា យាមនង្គ័ល​។ 
 
​ក្នុងន័យ​ទី​២ «​យាម​»​បញ្ជាក់​ពី​ពេលវេលា​។ ឧទាហរណ៍​៖ បើ​គិត​ជា​ម៉ោង ក្នុង​មួយ​យាម​មាន​៣ ឬ​៤​ម៉ោង​។ កាលពី​សម័យបុរាណ​ច្រើនតែ​ហៅ យាម តែ​ក្នុង​ពេលយប់ ដោយ​មួយ​យប់​មាន​៣​យាម គឺ យាម​ទី​១ ហៅថា បឋមយាម ឬ​ប្រថម​យាម​,​យាម​ទី​២ ហៅថា មជ្ឈិមយាម ឬ​មធ្យ​មយាម និង​យាម​ទី​៣ ហៅថា បច្ឆិមយាម ឬ​បស្ចិម​យាម​។ 
 
«​យាម​»​នៅក្នុង​ន័យ​ទី​៣ មានន័យថា​ជា ថង់​សំពត់​មាន​ដៃ​ឬ​យោគ​ស្ពាយ​បាន​។ ថង់យាម ជា​ថង់​ដែលមាន​ដៃ​។ នៅក្នុង​ន័យ​«​យាម​»​ទាំង​៣​ដែល​បានលើកឡើង​ខាងលើនេះ គឺ​សុទ្ធតែ​ប្រើ​ជា​នាមសព្ទ​។ 
 
​សម្រាប់​«​យាម​»​ប្រើ​ជា​កិរិយាសព្ទ​វិញ មានន័យថា ចាំ​រក្សា​ឬ​ក្រវែល​ឃ្លាំមើល​ដោយ​ការ​ប្រយ័ត្ន​ក្នុងពេល​មានកំណត់​។ ឧទាហរណ៍​៖ យាមឃ្លាំង​, យាមផ្លូវ​, យាមគុក​, យាមល្បាត ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com