ជាតិ
លោក នួន ផា​រ័ត្ន​៖«​តម្លៃ​អចលនទ្រព្យ​គំរាមកំហែង​អគារ​បេតិកភណ្ឌ​»
30, Nov 2019 , 2:23 pm        
រូបភាព
​ការ​ពិព័រណ៍​ខ្លី​មួយ​ស្តីពី​ការជួសជុល និង​កែលម្អ​ឡើងវិញ​នូវ​អគារ​បេ​តិក​ណ្ឌ និង​អគារ​ចាស់ៗ​ដោយ​ក្រុមហ៊ុន​បារាំង​ត្រូវបាន​រៀបចំឡើង​នា​យប់​ថ្ងៃទី​២៩​ខែធ្នូ​នៅក្នុង​បរិវេណ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់​។ ការ​ពិព័រណ៍​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា ក្រោម​វត្តមាន​ជា​អធិបតី​របស់លោក​ស្រី​ឯក​អ​គ្គរដ្ឋទូត​បារាំង អេ​វ៉ា ង្វៀន​ប៊ិ​ញ (Eva Nguyen Binh) និង​អភិបាលរង​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន ជាមួយនឹង​អ្នកចូលរួម​ជាង​២០០​នាក់​មកពី​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ​។​

 
​រាជធានី​ភ្នំពេញ​មាន​ប្រ​វត្តិ​យូរលង់ និង​មាន​អាយុកាល​ជិត​៦០០​ឆ្នាំ បាន​បន្សល់ទុក​នូវរ​តន​ភណ្ឌ ឬ​អគារ​បេតិកភណ្ឌ​ជាច្រើន​មកដល់​បច្ចុប្បន្ន​។ ក្រុមហ៊ុន​បារាំង​ជាច្រើន​បាន​ចូលរួមចំណែក​ក្នុងការ​ជួសជុល និង​កែលម្អ​ឡើងវិញ​នូវ​អគារ​បេ​តិក​ណ្ឌ​ជាច្រើន​នៅ​ទូទាំងប្រទេស ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ខេត្តក្រចេះ ខេត្តកំពត និង​ខេត្តសៀមរាប​។​
 
​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង​-​កម្ពុជា​បានរៀបចំ​ការតាំងពិព័រណ៍​ខ្លី​មួយ ដើម្បី​បង្ហាញ​អំពី​ការចូលរួមចំណែក​រប​ស់​ក្រុមហ៊ុន​បារាំង​នៅក្នុង​កិច្ចការពារ និង​អភិរក្ស​អគារ​ចំណាស់ៗ​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​មាន​វត្តមាន​នៅក្នុង​ក​ម្ម​វិធី​ដែល​ត្រូវ​បានរៀបចំ​នៅ​សួនច្បារ​កណ្តា​លស​ណ្ឋា​គារ ឡឺ រ៉ូយ៉ាល់ ដែលជា​អគារ​បេតិកភណ្ឌ​ដែរនោះ លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង Eva Nguyen Binh បាន​ថ្លែង​រំឭក​ប្រាប់​អ្នកចូលរួម​ថា បញ្ហា​បេតិកភណ្ឌ​មិនមែន​គ្រាន់តែ​ជា​រឿង​អតីតកាល​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​រឿង​របស់​មនុស្ស​ទាំងអស់​គ្នា​។ លោកស្រី​បន្តថា គេ​ត្រូវ​ស្គាល់ អភិរក្ស និង​ជួសជុល​ឡើងវិញ​នូវ​សម្បត្តិ​បេតិកភណ្ឌ​ទាំងនោះ​។​
 
​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​បាន​ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​អង្គការ​យូណេស្កូ​បានឱ្យ​និយម​ពាក្យ​បេតិកភណ្ឌ​ថា​ជា​កេរដំណែល​ល​យើង​ប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន ហើយ​ដែល​យើង​ផ្ទេរ​ទៅឱ្យ​អ្នកជំនាន់ក្រោយៗ​ទៀត​។ បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ គឺ​ប្រភព​នៃ​ជីវិត និង​ការបណ្តុះ​គំនិត ដែល​មិនអាច​ត្រូវ​ជំនួស​បានឡើយ​។ ហេតុដូចនេះ​ហើយ​បានជា​ស្ថានទូត​បារាំង​បាន​យកគំនិត​ផ្តួចផ្តើម​នៃ​ការបង្កើត​ទិវា​បេតិកភណ្ឌ​ដែល​ត្រូវបាន​បាន​បង្កើតឡើង​ដោយ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បារាំង​កាលពី​ឆ្នាំ​១៩៨៤ មក​អនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។​»​។​
 
​បើតាម​លោកស្រី អេ​វ៉ា ឆ្នាំនេះ នៅ​ថ្ងៃ​ទិវា​បេតិកភណ្ឌ ស្ថានទូត​បារាំង​បាន​បើកទ្វារ​ទទួល​អ្នកទស្សនា​ជាង​១៧០០​នាក់​តែ​ក្នុង​មួយថ្ងៃ ដែល​អ្នកទស្សនា​ភាគច្រើន​គឺ​សុទ្ធតែជា​យុវជន​ខ្មែរ​ដែល​ចង់​យល់ដឹង​អំពី​ប្រវត្តិ​នៃ​វប្បធម៌​របស់​ពួកគេ​។​


 
​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​អ​ញ្ជើ​ញ​ឱ្យ​ថ្លែង​សុន្ទរកថា​នៅក្នុង​រាត្រី​បេតិកភណ្ឌ​នោះដែរ បាន​យល់ស្រប​ជាមួយ​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ដែល​បាន​មានប្រសាសន៍​ផ្តល់​តម្លៃ​ដល់​សម្បត្តិ​បេតិកភណ្ឌ​។ បន្ទាប់ពី​បាន​រំឭក​ឡើង​ខ្លី​អំពី​ការកកើត​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​១៤៣៤​នោះ លោក ផា​រ័ត្ន ដែលមាន​ប្រសាសន៍​ជា​ភាសា​បារាំង​ផង​នោះ បាន​ទាញ​ចំណាប់​អ្នកចូលរួម​ថា ភ្នំពេញ​ត្រូវបាន​កសាងឡើង​វិញ​ពី​ឆ្នាំ​១៩៧៩ ជា​ឆ្នាំ​ដែល​គេ​ហៅ​ភ្នំពេញ​ថា​ជា​«​ទីក្រុង​ខ្មោច​»​។​
 
«​ផ្ទៃដី​រាជធានី​ភ្នំពេញ​ត្រូវបាន​ពង្រីក ហើយ​មាន​ពលរដ្ឋ​ជិត​៣​លាន​នាក់​។ ជាមួយនឹង​ការរីកចម្រើន​ទាំងនេះ យើង​ក៏​ជួប​បញ្ហា​ផងដែរ​។ ការអភិរក្ស​អគារ​បេតិកភណ្ឌ គឺជា​បញ្ហា​មួយ​។ កំណើនសេដ្ឋកិច្ច តម្លៃ​អចលនវត្ថុ​ដែល​ចេះតែ​កើនឡើង ទាំងអស់នេះ គឺជា​ការគំរាមកំហែង​ដល់​ការងារ​អភិរក្ស​បេតិកភណ្ឌ ដែលមាន​វត្តមាន​ជាច្រើន​កន្លែង​។​»​។ នេះ​គឺជា​ការលើកឡើង​របស់​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​។ 
 
​ទោះ​យ៉ាងនេះ​ក្តី លោក នួន ផា​រ័ត្ន បាន​ពន្យល់ថា មាន​កត្តា​សំខាន់​បី​ដែល​អាច​ចូលរួមចំណែក​ក្នុង​កិច្ចការពារ​អគារ​បេ​តិ​ភណ្ឌ​។ «​ទីមួយ គឺ​យើងទាំងអស់គ្នា​។ សាលា​រាជធានី​ភ្នំពេញ នឹង​ពិនិត្យឡើងវិញ​វិធាន​នានា​ដែល​ទាក់ទង​នឹង​ការជួសជុល​ឡើងវិញ​នូវ​អគារ​បេតិកភណ្ឌ ទោះជា​អគារ​ទាំងនោះ​កំពុង​ត្រូវបាន​កាន់កាប់​ដោយ​ឯកជន​ក្តី​។ ទី​ពីរ គឺ​ការជួយ​ពី​ដៃគូ​អភិវឌ្ឍ និង​ទី​បី គឺ​វិស័យ​ឯកជន​ដែល​ត្រូវ​ចូលរួម​គោរព​វិធាន​នៃ​ការអភិរក្ស​អគារ​បេតិកភណ្ឌ​។​»​។​
 
​គួរ​បញ្ជាក់ថា នៅក្នុង​ពិព័រណ៍​នោះ រូបភាព​នៃ​ផ្សារ​ធំថ្មី​នៃ​នៅក្នុង​រាជធានី​ភ្នំពេញ តំបន់​ក្រសួង​ប្រៃសណីយ​ក្បែរ​វត្តភ្នំ អគារ​ក្នុងសម័យ​អាណានិគម​បារាំង​នៅក្នុង​ស្រុក​ឆ្លូង​ខេត្តក្រចេះ និង​ក្នុង​ខេត្តកំពត និង​ការជួសជុល​ប្រាសាទបាពួន​ជាដើម​ត្រូវ​បានដាក់​បង្ហាញ​តាមរយៈ​ផ្ទាំងគំនូរ​ផង និង​រូបថត​ផង ដោយមាន​ភ្ជាប់​ជាមួយនឹង​ការ​ពិពណ៌នា​អំពី​ប្រវត្តិ និង​ការងារ​ជួសជុល​ផងដែរ​៕













Tag:
 អគារ​បេតិកភណ្ឌ​
  cci France Cambodge
© រក្សាសិទ្ធិដោយ thmeythmey.com