កីឡាជាតិ
ជាតិ
ព្រឹត្តិការណ៍ SEA Games នៅ​ហ្វីលីពីន បើក​ការប្រកួត​ផ្លូវការ​នៅ​យប់​នេះ​
30, Nov 2019 , 2:49 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games ដែល​ហ្វីលីពីន​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំនេះ ត្រូវ​បើក​ការប្រកួត​ផ្លូវការ​នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។ ការប្រកួត​ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១១ ខែធ្នូ មួយ​នេះ មាន​អត្ត​ពលិកម​ក​ពី​១១​ប្រទេស​ចូលរួម ខណៈ​លើក​នេះ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ដាក់​កីឡា​៥៦​ប្រភេទ​ឲ្យ​ប្រកួតប្រជែង​។​

 
​ទោះបី​មាន​ប្រភេទ​កីឡា​មួយចំនួន​បានចាប់ផ្តើម​ការប្រកួត​បណ្តើរៗ​ក៏ដោយ ប៉ុន្តែ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​មិនទាន់​រៀបចំ​ពិធី​បើក​ការប្រកួត​ផ្លូវការ​នៅឡើយ​ទេ​។ ជាក់ស្តែង​នៅ​យប់​ថ្ងៃទី​៣០ វិច្ឆិកា នេះ ព្រឹត្តិការណ៍​ដែល​រៀបចំ​ពីរ​ឆ្នាំ​ម្តង​មួយ​នេះ នឹង​រៀបចំ​ពិធី​បើក​ការប្រកួត​ជា​ផ្លូវការ​របស់ខ្លួន​។​
 
​មុន​ឈានដល់​ពិធី​បើក​ការប្រកួត​នៅ​យប់​នេះ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ម្សិលមិញ ប្រធាន​ប្រតិភូ​កីឡា​ទាំង​១១​ប្រទេស​បាន​បង្ហូតទង់​ជាតិ​រៀងៗ​ខ្លួន ដើម្បី​បើក​ទំព័រ​នៃ​ការប្រកួត ក៏ដូចជា​បង្ហាញ​ពី​ប្រទេស​ដែល​ចូលរួម SEA Games នៅ​ឆ្នាំនេះ​។ ប្រតិភូ​កីឡា​កម្ពុជា​ដែល​ចូលរួម​ក្នុង​ថ្ងៃ​បង្ហូតទង់ជាតិ​រួមមាន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​, លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ថ្នាក់ដឹកនាំ​ជាច្រើនរូប​ទៀត​។ 
 
​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​។ ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ជិត​៦​ពាន់​នាក់​មកពី​១១​ប្រទេស​ចូលរួម​។ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៥៦​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​៣១​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​៕    









Tag:
 SEA Games
  ហ្វីលីពីន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com