អន្តរជាតិ
តើ​មាន​ជំហាន​អ្វីខ្លះ​ក្នុងការ​ផលិត​លុយ​ដុល្លារ​ចេញមក​ដើម្បី​ឲ្យ​អ្នក​ប្រើ​?
30, Nov 2019 , 7:59 pm        
រូបភាព
​លោកអ្នក​ប្រាកដ ជា​អាចមាន​យ៉ាងហោចណាស់​ក៏​មួយ​ដុល្លារ​ដែរ​នៅក្នុង​ហោប៉ៅ​ឥឡូវនេះ​។ តើ​លោកអ្នក​អាច​ដឹងថា តើ​ក្នុង​ក្រដាស​លុយ​ដុល្លារ​មួយ​សន្លឹក​ចំណាយពេល​ប៉ុន្មាន​ក្នុងការ​ផលិត​ដែរឬទេ​? ការងារ​ជាច្រើន​រយ​ម៉ោង​ត្រូវបាន​បញ្ចូល​ទៅក្នុង​រូបិយវត្ថុ​ទាំងនោះ ជាមួយនឹង​ការបោះ​ពុ​ម្ភ វិភាគ កាត់​ជា​កំណាត់ ច្រក​ជា​ផ្នែក ថែមទាំង​ដឹកជញ្ជូន​ទៅកាន់​ធនាគារ​ផ្សេងៗ​ក្នុង​តំបន់​។​

 
​ការចុះផ្សាយ​ដោយ​គេហទំព័រ Business Insider បានបង្ហាញ​ពី​ភាពច្បាស់លាស់​នៃ​ការផលិត​សន្លឹក​លុយ​នីមួយៗ ដោយ​សឹងតែ​មិនមាន​ភាពខុសគ្នា ដោយ​រតនាគារ​នៃ​សហរដ្ឋអាមេរិក​។  ក្រដាស​លុយ​ដុល្លារ​ត្រូវបាន​គេ​ផលិត​ចេញពី​សម្ភារ​ពិសេស​ម្យ៉ាង​ជា​ផ្ទាំង ដែលមាន​កប្បាស​៧៥​ភាគរយ និង​នីឡុង​២៥​ភាគរយ​។ ក្រដាសប្រាក់​ដែល​ធំ​ជាង​មួយ​ដុល្លារ​មាន​សរសៃរ​ពណ៌​ក្រហម និង​ខៀវ​លាយឡំ​បញ្ចូល ក្នុងការ​រក្សា​សុវត្ថិភាព​បន្ថែម​។ ក្រដាស​មួយ​ដុល្លារ​គ្មាន​សរសៃ​ពណ៌​នេះ​ទេ​។​
 
​ពុ​ម្ភ​ផលិត​លុយ​ត្រូវបាន​គេ​ផលិត​ចេញពី​លោហៈ​ដែក​ធំៗ នឹងត្រូវ​បាន​មើល​ការខុសត្រូវ​ដោយ​ការិយាល័យ​ឆ្លាក់ និង​បោះ​ពុ​ម្ភ​នៃ​សហរដ្ឋអាមេរិក នៅឯ Fort Worth រដ្ឋ​តិច​សាស់​។ ម៉ាស៊ីន​វាយ​ពុ​ម្ភ​លុយ​ទាំងនោះ​មាន​រាង​ជា​ស៊ីឡាំង​ធ្វើ​ចេញពី​ដែក​ធំៗ ហើយ​ទឹក​ថ្នាំ​ត្រូវបាន​គេ​ជូត​ចេញ​ភ្លាមៗ​ក្រោយពេល​វាយ​ពុ​ម្ភ​រួច​។ ក្នុង​មួយថ្ងៃ ទឹក​ថ្នាំ​ត្រូវបាន​គេ​ប្រើប្រាស់​រហូត​ទៅដល់​បី​តោន​។ 
 
​ម៉ាស៊ីន​ពុ​ម្ភ​លុយ​ទាំងនេះ​អាច​សង្កត់​សន្លឹក​លុយ​ក្នុង​សម្ពាធ​ជាង​២០​តោន​។ វា​អាច​ផលិត​ក្រដាស​ប្រមាណ​ជា​៨០០០​សន្លឹក​ក្នុង​មួយ​ម៉ោងៗ​។ លុយ​ទាំងនោះ​ចូលទៅក្នុង​ម៉ាស៊ីន​ព្រី​ន​ជាច្រើន​ដំណាក់កាល​ទៀត ជាមួយនឹង​ទឹក​ថ្នាំ​ច្រើន​ប្រភេទ​។ សកម្មភាព​ទាំងនេះ​ត្រូវបាន​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​។ ក្រោយមក គុណភាព​ទឹក​ថ្នាំ​លុយ​ត្រូវបាន​គេ​ពិនិត្យ​ដោយ​មនុស្ស​។ លុយ​ដែល​មិន​មានគុណ​ភាពល្អ​ត្រូវបាន​គេ​ក​ម្ចេ​ច​ចោល​។ ក្រោយមក​វា​ជា​តួរ​នាទី​របស់​ម៉ាស៊ីន​បន្ថែមទៀត​ក្នុងការ​ពិនិត្យមើល​គុណភាព​សន្លឹក​លុយ​។ សន្លឹក​មួយ​ដុល្លារ​ត្រូវបាន​គេ​ពិនិត្យ​ដោយ​ប្រព័ន្ធ Nota-Sav​។ ចំណែកឯ​ក្រដាស​ធំ​ជាង​មួយ​ដុល្លារ ត្រូវបាន​ពិនិត្យ​ដោយ​ប្រព័ន្ធ​ពិសេស​ជាច្រើន​ទៀត​។ 
 
​ផ្ទាំង​លុយ​ធំៗ​មិនទាន់បាន​កាត់​ត្រូវបាន​គេ​បន្តុំ​លើ​គ្នា​ចំនួន​១០០​សន្លឹក រួម​កាត់​ទៅជា​សន្លឹក​លុយ​រៀងៗ​ខ្លួន​និ​មួយៗ​។ ក្រោយមក សន្លឹក​លុយ​ត្រូវបាន​គេ​ប្រមូល​ទៅជា​លុយ​មួយ​ដុំៗ ជាមួយនឹង​ក្រដាស​រុំ​ត្រឹមត្រូវ ថែមទាំង​លេខ​កូត​សម្រាប់​នាំទៅ​ផ្នែក​ផ្សេងៗ​នៃ​ប្រទេស​។ នៅក្នុង​ឆ្នាំ​២០១៣ ក្រដាស​លុយ​មួយ​ដុល្លារ​ចំនួន ១.៧៩​ពាន់​លាន​សន្លឹក​ត្រូវបាន​គេ​ផលិត​ចេញមក​៕

© រក្សាសិទ្ធិដោយ thmeythmey.com