ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ​៖ សូម​ជនរួមជាតិ​បន្ត​គាំទ្រ​សកម្មភាព​នានា​របស់​ជន​មាន​ពិការភាព​
30, Nov 2019 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា បានចេញ​ព្រះរាជសារ អបអរសាទរ​ការប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​២០១៩-២០២៣ រួមទាំង​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២១ និង ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៧ ដែល​នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩​។​


 
​តាមរយៈ​ព្រះរាជសារ ព្រះមហាក្សត្រ លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​និង​ប្រជាជន​ទូទៅ បន្តសកម្មភាព​របស់​ខ្លួន ក្នុងការ​លើកកម្ពស់​និង​ការគាំទ្រ​ជន​មាន​ពិការភាព​នៅ​កម្ពុជា​កន្លងមក​។ ព្រះអង្គ ទ្រង់មាន​ព្រះបន្ទូល​ដូច្នេះ​ថា​៖«​ខ្ញុំព្រះករុណា ខ្ញុំ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ជនរួមជាតិ ទាំងអស់ បន្ត​ការគាំទ្រ​ដល់​សកម្មភាព​នានា​របស់​ជន​មាន​ពិការភាព ដើម្បី​លុបបំបាត់​ឧបសគ្គ​រារាំង ឈានទៅ​ពង្រឹង​ភាពជា​ម្ចាស់ការ​ឲ្យ​បាន​រឹងមាំ ក្នុងទិសដៅ​សម្រេចបាន​នូវ​ការលើកកម្ពស់​និង​ការការពារ​សិទ្ធិ​របស់​ជន​មាន​ពិការភាព​»​។  
 
​ទន្ទឹមនេះ ព្រះមហាក្សត្រ ទ្រង់​បាន​រំលេច​ពី​គុណសម្បត្តិ​របស់​រដ្ឋាភិបាល​ថា បានធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ជ​ន​មាន​ពិការភាព មាន​ភាពប្រសើរឡើង តាមរយៈ​ការបង្កើន​ការងារ និង​អាជីព ដល់​ពួកគេ​។ ព្រះអង្គ ទ្រង់​ព្រះតម្រិះ​ថា សមិទ្ធផល​រយៈពេល​៥​ឆ្នាំ​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​២០១៤-២០១៨ បានធ្វើ​ឲ្យ​ជន​មាន​ពិការភាព ទទួលបាន​ទាំង​សេវា​សុខភាព ប្រកបដោយ​គុណ​ភព​និង​សមធម៌ ព្រមទាំង​ការស្តារ​លទ្ធភាព ពលកម្ម សម្បទា និង សតិបញ្ញា​បានល្អ​ប្រសើរ​។  
 
​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់មាន​ព្រះរាជឱង្ការ​ថា ការចូលរួម​របស់​ជ​ន​មាន​ពិការភាព ក្នុងការ​សម្តែង​មតិ ការទទួល​ព័ត៌មាន និង ការចូលរួម​ក្នុង​ជីវភាព​នយោបាយ ត្រូវបាន​លើកទឹកចិត្ត​ទាំង​នៅ​កម្រិត​ថ្នាក់ជាតិ និង​អន្តរជាតិ​។ 
 
​របាយការណ៍​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ឆ្នាំ​២០១៤-២០១៨ បង្ហាញថា ក្នុង​ឆ្នាំ​២០១៩​នេះ ជន​មាន​ពិការ​ជិត​៣​ពាន់​នាក់ (​ស្ត្រី​ជិត​៨០០​នាក់​) បាន​ចូល​បម្រើ​ការងារ​ក្នុង​សា្ថ​ប័ន​រដ្ឋ​ចំនួន​៤០ និង​ជន​មាន​ពិការភាព​៣,៧​ពាន់​នាក់ (​ស្ត្រី​ជាង​២​ពាន់​នាក់​) បាន​បម្រើ​ការងារ​នៅក្នុង​វិស័យ​ឯកជន​ចំនួន​១០២​ក្រុមហ៊ុន​៕ 

Tag:
 ព្រះមហាក្សត្រ​
  ជនពិការ​
© រក្សាសិទ្ធិដោយ thmeythmey.com