ជាតិ
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ និង​មេ​ប៉ូលិស​ជាតិ​កម្ពុជា ស្ថិតក្នុង​ចំណោម​អ្នកនឹង​បាត់បង់​សញ្ជាតិ​ស៊ី​ប​
30, Nov 2019 , 3:33 pm        
រូបភាព
(ខាងឆ្វេង) លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
(ខាងឆ្វេង) លោក នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ដោយ: ថ្មីៗ
​កាសែត​ក្នុងស្រុក ស៊ី​ប (Cyprus) បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​អ្នកវិនិយោគ​បរទេស​និង​សមាជិក​ក្រុមគ្រួសារ​ពួកគេ​ទាំង​២៦​នាក់ ដែល «​លិខិតឆ្លងដែន​មាស​» នឹងត្រូវ​ដកហូត​ដោយ​រដ្ឋាភិបាល​ស៊ី​ប​។ ក្នុង​របាយការណ៍​ថ្មី ដែល​បាន​ចុះផ្សាយ​នេះ ក៏មាន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មេ​ប៉ូលិស​ជាតិ​កម្ពុជា ស្ថិតក្នុង​ចំណោម​អ្នកនឹង​បាត់បង់​សញ្ជាតិ​ស៊ី​ប​។

 
​ដូច​អ្វីដែល​ទីភ្នាក់ងារ Reuters ស៊ើបអង្កេត កាលពី​ខែតុលា ជនជាតិ​កម្ពុជា​៨​នាក់​ដែល​ស្ថិតនៅ​បញ្ជី​នោះ គឺជា​មន្ត្រីជាន់ខ្ពស់ និង​ក្រុមគ្រួសារ​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​កម្ពុជា​។ តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក​ស៊ី​ប Daily Politics អ្នក​ទាំងនោះ គឺ​រួមមាន​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន និង​ភរិយា​, ក្មួយ​ស្រី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោកស្រី ហ៊ុន គីម​ឡេង និង​ស្វាមី​លោកស្រី គឺ​លោក​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​ប៉ូលិស​ជាតិ ព្រមទាំង​កូនស្រី​, និង​លោក ឡៅ ម៉េង​ឃី​ន សមាជិក​ព្រឹទ្ធសមាជិក និង​ជា​អ្នកជំនួញ​ដ៏​ល្បីឈ្មោះ​មួយរូប និង​ភរិយា​របស់លោក​។ 
 
​ក្រៅពី​អ្នក​ទាំង​៨​នាក់​នេះ លោក Jho Taek Low ដែល​ទទួលបាន​លិខិតឆ្លងដែន​ស៊ី​ប ក្នុង​ឆ្នាំ​២០១៥ និង​ជា​អ្នក​ដែល​ប៉ូលិស​ម៉ាឡេស៊ី​តាម​ប្រមាញ់​ក្នុង​សំណុំរឿង 1MDB ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ហិរញ្ញវត្ថុ ក៏​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​នេះ​ផងដែរ​។ អ្នកជំនួញ​រុស្ស៊ី Oleg Deripaska ដែល​បច្ចុប្បន្ន​រង​ទណ្ឌកម្ម​អាមេរិក និង​មហាសេដ្ឋី​កេ​ន​យ៉ា​ប្រា​ក់ពាន់​លាន ឈ្មោះ Humphrey Kaiuki ដែល​រង​បទចោទប្រកាន់​នៅ​ប្រទេស​លោក​ពាក់ព័ន្ធ​រកស៊ី​គេចពន្ធ ក៏​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​នេះ​។ ជនជាតិ​ចិន​ម្នាក់ ឈ្មោះថា Zhang Shumin ដែល​ត្រូវបាន​រាយការណ៍​ពាក់ព័ន្ធ​នឹង​ការបោកប្រាស់​យក​មាស ព្រមទាំង​ភរិយា និង​កូន​បីនាក់ ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​នឹង​ដកហូត​សញ្ជាតិ​ស៊ី​ប​នេះដែរ​។​
 
​ការទម្លាយ​ឈ្មោះ​នេះ ធ្វើឡើង​ក្រោយ​រដ្ឋាភិបាល​ស៊ី​ប កាលពីដើម​ខែវិច្ឆិកា​នេះ បានប្រកាស​ចាប់ផ្តើម​ដំណើរការ​ដកហូត​សញ្ជាតិ​បុគ្គល​២៦​នាក់ ដែល​ពួកគេ​ទទួលបាន​ក្រោម​កម្មវិធី​ទាក់ទាញ​វិនិយោគ​របស់​ជាតិ​។ មែនទែនទៅ ការដកហូត​សញ្ជាតិ​បែបនេះ​គឺជា​រឿង​កម្រ​បំផុត ហើយ​សកម្មភាព​របស់​រដ្ឋាភិបាល​ស៊ី​ប​នេះ កើតឡើង​ក្រោយពី​អាជ្ញាធរ​ខ្លួន​បាន​បើក​ការស៊ើបអង្កេត ក្រោយ​លេច​ធ្លាយ​របាយការណ៍​មួយ​។ របាយការណ៍​នោះ​គឺ ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ពាក់កណ្ដាល​ខែតុលា ដែល​បាន​បង្កើតជា​សំណួរ​ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព ដែល​អាជ្ញាធរ​ស៊ី​ប​ត្រួតពិនិត្យ​ល្អិតល្អន់​ពី​ជីវប្រវត្តិ​របស់​បុគ្គល​ដែល​ត្រូវ​បានផ្តល់​សញ្ជាតិ​។​
 
​នៅក្នុង​របាយការណ៍​នេះ ក៏បាន​ទម្លាយ​ដែរ​ថា សមាជិកគ្រួសារ​និង​មនុស្ស​ជំនិត​របស់​មេដឹកនាំ​កម្ពុជា មានទ្រព្យ​សម្បត្តិ​នៅ​បរទេស​ដែល​ស្មើនឹង​១០​លាន​ដុល្លារ ហើយ​អ្នក​ទាំង​នោះបាន​ប្រើប្រាស់​ទ្រព្យសម្បត្តិ​ពួកគេ​ទិញ​សញ្ជាតិ​បរទេស​។ បើតាម​ការស៊ើបអង្កេត​របស់ Reuters សាច់ញាតិ ឬ​ជំនិត​របស់​មេដឹកនាំ​កម្ពុជា​៨​នាក់​ដែល​ក្នុងនោះ​គឺមាន​អគ្គស្នងការ​ប៉ូលិស​ជាតិ និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ទទួលបាន​សញ្ជាតិ​ស៊ី​ប​ក្នុង​ឆ្នាំ​២០១៦ និង​២០១៧​។​
 
​សូមបញ្ជាក់ថា ចំណុច​ពិសេស​របស់​សញ្ជាតិ​ស៊ី​ប​គឺថា អ្នក​កាន់​លិខិតឆ្លងដែន​ស៊ី​ប នឹង​ក្លាយជា​សញ្ជាតិ​អ៊ឺរ៉ុប ហើយ​អាច​ធ្វើការ និង​ធ្វើដំណើរ​ដោយ​សេរី​ក្នុង​ប្លុក​ប្រទេស​ទាំង​២៨​នេះ​។ បច្ចុប្បន្ន លិខិតឆ្លងដែន​ស៊ី​ប​ជិត​៤០០០ ត្រូវបាន​ផ្តល់​ឲ្យ​អ្នកវិនិយោគ​ដែល​បោះទុន​វិនិយោគ​យ៉ាងតិច​២,២​លាន​ដុល្លារ ក្រោម​កម្មវិធី​ទាក់ទាញ​ការវិនិយោគ​របស់​ប្រទេស​ស៊ី​ប​។ ហើយ​រដ្ឋាភិបាល​ស៊ី​ប រកលុយ​បាន​ប្រមាណ ៧,៨​ពាន់​លានដុល្លារពី​កម្មវិធី​វិនិយោគ​នេះ គិត​ចាប់ពី​ដំណើរការ​កម្មវិធី​ក្នុង​ឆ្នាំ​២០១៣​មក​។ សហភាព​អឺរ៉ុប កាលពី​ខែមករា បាន​ព្រមាន​ប្រទេស​ស៊ី​ប និង​ប្រទេស​ផ្សេង​ទៀតថា ពួកគេ​ត្រូវតែ​ពង្រឹង​នីតិវិធី​សាកសួរ​ជីវប្រវត្តិ បន្ទាប់ពី​មានការ​ព្រួយបារម្ភ​ថា ជនជាតិ​នៃ​ប្រទេស​ទី​៣ កំពុង​ប្រើប្រាស់​កម្មវិធី​ទាក់ទង​ការវិនិយោគ​នេះ​ក្នុង​គោលដៅ​លាងលុយកខ្វក់ និង​បំពាន​ច្បាប់​ពន្ធដារ​៕

Tag:
 ​ស៊ី​ប​
  លិខិតឆ្លងដែន​មាស​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com