អន្តរជាតិ
ឥណ្ឌា ឲ្យ​លុយ​រាប់លាន​ដុល្លារ​ដល់​ស្រីលង្កា​ដើម្បី​បន្សាប​ឥទ្ធិពល​ចិន
30, Nov 2019 , 9:59 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី (ស្តាំ) ចាប់ដៃជាមួយលោក លោក ហ្គូតាបាយ៉ា រាចាប៉ាក់សា ប្រធានាធិបតីស្រីលង្កា (AFP)
លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី (ស្តាំ) ចាប់ដៃជាមួយលោក លោក ហ្គូតាបាយ៉ា រាចាប៉ាក់សា ប្រធានាធិបតីស្រីលង្កា (AFP)
ដោយ:
​ឥណ្ឌា ដែល​បារម្ភ​ពី​ឥទ្ធិពល​ចិន​ក្នុង​តំបន់ បានផ្តល់​លុយរាប់​រយ​លាន​ដុល្លារ​ជា​ជំនួយ​និង​កម្ចី​ដល់​ស្រីលង្កា នៅ​ថ្ងៃ​សុក្រ ២៩ វិច្ឆិកា​។ ការ​ឲ្យ​ជំនួយ​នេះ ធ្វើឡើង​ស្រប​ប្រធានាធិបតី​ស្រីលង្កា​ថ្មី បានធ្វើ​ទស្សនកិច្ច​ជា​លើកដំបូង​ក្នុង​រដ្ឋធានី ញូ​វ​ដេលី​។ មេដឹកនាំ​ឥណ្ឌា អះអាងថា ស្រីលង្កា​ដែល​ខ្លាំង​និង​រីកចម្រើន មិន​ត្រឹមតែ​ជា​ប្រយោជន៍​របស់​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​តំបន់​មហាសមុទ្រ​ឥណ្ឌា​ទាំងមូល​ផងដែរ​។

 
​ក្រោយ​ពិភាក្សា​ជាមួយ​មេដឹកនាំ​ស្រីលង្កា​ថ្មី​រួច លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​បញ្ជាក់ថា ប្រទេស​លោក នឹង​ផ្តល់​ឥណទាន​៤០០​លាន​ដុល្លារ​ដល់​ប្រទេស​ស្រីលង្កា ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​និង​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ខ្លួន​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ូ​ឌី ក៏បានផ្តល់​ប្រាក់​ចំនួន​៥០​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​ជំរុញ​ផ្នែក​សន្តិសុខ​និង​ការប្រមូល​ការ​ស៊ើបការណ៍​សម្ងាត់​របស់​ប្រទេស​ស្រីលង្កា ជាពិសេស​គឺ​បន្ទាប់ពី​ការវាយប្រហារ​ថ្ងៃទី ២១ ខែមេសា ដោយ​ក្រុម​ឥស្លាម​ជ្រុលនិយម​ដែល​បានសម្លាប់​មនុស្ស ២៥៨ នាក់​។​
 
​ស្របពេល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៃ​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ​របស់​ប្រធានាធិបតី​ស្រីលង្កា លោក ម៉ូ​ឌី លើកឡើង​ដូច្នេះ​៖«​ស្រីលង្កា​ដែល​ខ្លាំង​និង​រីកចម្រើន​មិន​ត្រឹមតែ​ជា​ផលប្រយោជន៍​របស់​ឥណ្ឌា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​សម្រាប់​តំបន់​មហាសមុទ្រ​ឥណ្ឌា​ទាំងមូល​ផងដែរ​»​។ 
 
​លោក សង្កត់ធ្ងន់​ទៀតថា ការអភិវឌ្ឍ​និង​សន្តិសុខ​នៃ​ប្រទេស​ទាំងពីរ គឺមាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។ ម្ល៉េះ​ហើយ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ឥណ្ឌា និង​ស្រីលង្កា នៅតែ​គិតពី​គ្នា​ទៅវិញទៅមក​។ 
 
​ដំណើរ​ទស្សនកិច្ច​រប​ស់លោក ហ្គូ​តា​បា​យ៉ា រា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) ទៅកាន់​ប្រទេស​ឥណ្ឌា ដែល​កើតឡើង​ត្រឹម​១២​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក​បាន​ក្លាយជា​ប្រធានាធិបតី ត្រូវបាន​គេ​មើលឃើញថា ជាការ​ប្រកួតប្រជែង​គ្នា​រវាង​ក្រុង​ញូ​វ​ដេលី និង​ក្រុង​ប៉េកាំង​ក្នុងការ​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា​និង​ផ្លូវ​សមុទ្រ​យុទ្ធសាស្ត្រ​របស់​វា​។ 
 
​ជា​ប្រពៃណី ស្រីលង្កា គឺជា​សម្ព័ន្ធមិត្ត​នឹង​ឥណ្ឌា ក៏ប៉ុន្តែ​ចិន បាន​បោះទុន​វិនិយោគ និង​ផ្តល់​កម្ចី​រាប់ពាន់​លាន​ដុល្លារ​ដល់​ប្រជាជាតិ​កោះ​មួយ​នេះ​។ ជាពិសេស​អំឡុង ការដឹកនាំ​ជាង​១​ទសវត្សរ៍​របស់លោក​បងប្រុស​បង្កើត​របស់​លោក​ប្រធានាធិបតី ហ្គូ​តា​បា​យ៉ា គឺ​លោក ម៉ា​ហ៊ិ​ន​ដា រា​ចា​ប៉ាក់​សា ដែល​បច្ចុប្បន្ន ជា​នាយករដ្ឋមន្ត្រី​។ មែនទែនទៅ សហគមន៍​អន្តរជាតិ​បាន​ថ្កោល​ទៅ​ស​ចំពោះ​រដ្ឋាភិបាល​ក្រុង​កូ​ឡំ​បូ​ដែល​ស្និទ្ធ​នឹង​ចិន ក្រោយពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ដំណើរការ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​យក្ស​លើ​ប្រជាជាតិ​កោះ​មួយ​នេះ ក្នុងនោះ​មាន កំពង់ផែ Hambantota ដែល​ជួល​ឲ្យ​ចិន​៩៩​ឆ្នាំ​។ 
 
​យ៉ាងណាមិញ ក្នុង​សុន្ទរកថា​ស្បថ​ចូលកាន់​តំណែង លោក​ប្រធានាធិបតី​ស្រីលង្កា​ថ្មី បាន​និយាយថា លោក​ចង់បាន​គោលនយោបាយ​ការបរទេស​អព្យាក្រឹត​មួយ និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ទាំងអស់​។ លោក បញ្ជាក់​ដូច្នេះ​៖«​កិច្ចសហប្រតិបត្តិការ​របស់​ឥណ្ឌា​មាន​លក្ខណៈ​ចម្រុះ​។ យើង​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ឥណ្ឌា​ដើម្បី​ធានាថា​មហាសមុទ្រ​ឥណ្ឌា​នៅតែ​ជា​តំបន់​សន្តិភាព​»៕

Tag:
 ឥណ្ឌា​
 ​ស្រីលង្កា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com