ជាតិ
លោក ហ៊ុន ម៉ា​នី​៖ យើង​ត្រូវ​រំឭក​ខ្លួនឯង​ថា សង្គម​អនាគត​នឹង​អាច​ប្រែប្រួល​ទាំង​ឱកាស និង​បញ្ហា​ប្រឈម
30, Nov 2019 , 3:59 pm        
រូបភាព
រូបពីសហភាព សហព័ន្ធយុវជនកម្ពុជា
រូបពីសហភាព សហព័ន្ធយុវជនកម្ពុជា
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​គ្រប់​រាជធានី​-​ខេត្ត បានរៀបចំ​ពិធី​អបអរ​ខួប​លើក​ទី​៤១ របស់ខ្លួន​នៅ​ថ្ងៃទី​៣០ វិច្ឆិកា​នេះ ដែលមាន​អ្នកចូលរួម​ប្រមាណ ៩​ពាន់​នាក់ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ខួប​លើក​ទី​៤១​នេះ រៀបចំឡើង​ដើម្បី​រំឭក​ដល់​ការលះបង់​របស់​យុវជន​ជំនាន់​មុន និង​អបអរសាទរ​នូវ​សមិទ្ធផល​នានា​ដែល​ស​.​ស​.​យ​.​ក សម្រេចបាន​កន្លងមក​រហូតដល់​បច្ចុប្បន្ន រួមទាំង​ការត្រៀមខ្លួន​ចូលរួមចំណែក ដើម្បី​នាំ​កម្ពុជា​ទៅ​អនាគត​ឲ្យ​កាន់តែ​ប្រសើរ​។​

 
​នៅថ្ងៃនេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ទាំង​២៥​ខេត្ត​-​ក្រុង បានរួម​សាមគ្គី​គ្នា រៀបចំ​ខួប​លើក​ទី​៤១ នៃ​ការបង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការដឹកនាំ​របស់ សម្តេច ជា ស៊ីម​, សម្តេច ហេង សំរិន និង​សម្តេច ហ៊ុន សែន ក្នុង​បុព្វហេតុ​ផ្តួលរំលំ​របប​ខ្មែរក្រហម និង​រំដោះ​កម្ពុជា​ពីរ​បប​ប្រល័យពូជសាសន៍​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​


 
​ក្នុង​ពិធី​អបអរ​ខួប​លើក​ទី​៤១ នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក លោក ហ៊ុន ម៉ា​នី បានលើកឡើង​ពី​ការតស៊ូ​របស់​យុវជន​ជំនាន់ និង​ការមិន​ខ្វាយខ្វល់​របស់​ពិភពលោក​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ទុក្ខសោក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ លោក ហ៊ុន ម៉ា​នី បញ្ជាក់ថា​៖ «​កម្ពុជា​មិនមាន​ជម្រើស​ណា​ផ្សេង​ក្រៅពី​ក្រោកឈរឡើង​ដោយ​ខ្លួនឯង ហ៊ាន​លះបង់ ដោយ​យក​ជីវិត​ធ្វើជា​ដើមទុន​ដើម្បី​រំដោះ សង្គ្រោះ​ប្រជាជន និង​កសាង​ជាតិ​ឲ្យ​រស់​ឡើងវិញ​»​។​
 
​លោក ហ៊ុន ម៉ា​នី បានបង្ហាញ​ពី​ការចងចាំ​មិន​ភ្លេច​នូវ​ភាពជា​គម្រូ​របស់​យុវជន​ជំនាន់​មុន បើទោះបីជា ៤១ ឆ្នាំ​កន្លងផុតទៅ តែ​ស្មារតី ២ ធ្នូ នៅតែ​ដក់​ជាប់​ជាមួយ​យុវជន​ជំនាន់​ក្រោយ​គ្រប់ៗ​រូប​។ ស្រប​ពេលដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានធ្វើ​ដំណើរ​មក​យ៉ាង​វែងឆ្ងាយ និង​ចូលរួម​យ៉ាងសកម្ម ក្នុងការ​សង្គម លោក ហ៊ុន ម៉ា​នី យល់ឃើញថា ស​.​ស​.​យ​.​ក​. នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​។​


 
​ប្រធាន​ស​.​ស​.​យ​.​ក រូបនេះ លើកឡើង​យ៉ាង​ដូច្នេះ​៖ «​យើង​ត្រូវ​រំឭក​ខ្លួនឯង​ជាប់​ជានិច្ច​ថា  សង្គម​អនាគត​នឹង​អាច​ប្រែប្រួល​ទាំង​លើ​ទិដ្ឋភាព​ឱកាស  និង​បញ្ហា​ប្រឈម  ដែល​ទាមទារ​ឲ្យ​យើង​មិន​ត្រឹមតែ​ត្រៀមខ្លួន​ដើម្បី​ទប់ទល់  ប៉ុន្តែ​ថែមទាំង​ប្រើប្រាស់​ឲ្យ​អស់​សមត្ថភាព និង​ឆន្ទៈ​មនសិការ ដើម្បី​កែប្រែ​បញ្ហា​ប្រឈម​ទាំងនោះ  ទៅជា​ឱកាស​ថ្មី​សម្រាប់​ការរីកចម្រើន​របស់​ជាតិ​យើង​បន្តទៅទៀត​»​។ 
 
​សូមបញ្ជាក់ថា ក្រោយ​មហាសន្និបាទ​លើក​ទី​៣ កាលពី​ថ្ងៃទី​២-៣ ខែវិច្ឆិកា ឆ្នាំ​២០១២ សមាគមយុវជន​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​សមាគមយុវជន​កម្ពុជា បាន​ប្រែ​ឈ្មោះ​មកជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ដើម្បី​បន្ត​ការពារ និង​បេ្ត​ជ្ញា​រក្សា​មិន​ឲ្យ​បាត់បង់​នូវ​ស្មារតី ២​ធ្នូ  ដែល​បន្សល់ទុក​ដោយ​យុវជន​ជំនាន់​មុន និង​បន្ត​ចូលរួម​ជាមួយ​សង្គមជាតិ ក្នុងការ​ស្តារ កសាង និង បង្កើត​សមិទ្ធផល​នានា​សម្រាប់​កម្ពុជា​។ បច្ចុប្បន្ន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី មាន​សមាជិក​សកម្ម​ចំនួន ១៤​ម៉ឺន​នាក់ នៅ​ទូទាំងប្រទេស​៕









Tag:
 សស​យក​
  ហ៊ុន ម៉ា​នី​
  ២​ធ្នូ​
© រក្សាសិទ្ធិដោយ thmeythmey.com