ជាតិ
រដ្ឋមន្ត្រី​ទេសចរណ៍​ដាក់​គោលដៅ​ពង្រីក​តំបន់​គ្មាន​ផ្សែង​បារី​ក្នុង​តំបន់​ទេសចរណ៍​
30, Nov 2019 , 4:49 pm        
រូបភាព
​សៀមរាប​៖ ក្រសួងទេសចរណ៍ បានដាក់​គោលការណ៍​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​លើកកម្ពស់​ក្នុងការ​ទប់ស្កាត់​ផលប៉ះពាល់​សុខភាព និង​បរិស្ថាន​ដែល​កើនឡើង​ពី​ផ្សែង​បារី​។​

 
​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​អះអាង​ពី​ការគិតគូរ​និង​យកចិត្តទុកដាក់​លើ​ផលប៉ះពាល់​នានា​ដែល​បណ្ដាលមកពី​ផ្សែង​បារី ក្នុងនោះ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ ក៏​ជាគោលការណ៍​មួយ​របស់​ក្រសួង ។ ក្រសួង​បាន​បង្កើត​ក្រុមការងារ​បរិស្ថាន​គ្មាន​ផ្សែង​បារី​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ធ្វើ​ការងារ​ដោយផ្ទាល់​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ក្នុង​វិស័យនេះ​។ បើតាម​លោក ថោង ខុន ក្រសួង​កំពុងអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​មួយ​ដែល​គ្មាន​ផ្សែង​បារី សក្ដិ​សមជា​មាស​បៃតង​ដែល​បាន​ចូលរួម​កសាង​សេដ្ឋកិច្ច​បៃតង និង​សហគមន៍​បៃតង​។​
 
​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​តំបន់​ប៉ាស៊ីហ្វិក​លើក​ទី​៧​ស្ដីពី »​ទីក្រុង​គ្មាន​ផ្សែង​បារី​ធ្វើឱ្យ​ទេសចរណ៍​កាន់តែ​ល្អប្រសើរ និង​អភិរក្ស​បេតិកភណ្ឌ​យើង​» នា​ថ្ងៃទី​២៨ វិច្ឆិកា លោក ថោង ខុន បន្ថែមថា ដើម្បី​ជំរុញ​និង​គាំទ្រ​ទីក្រុង​គ្មាន​ផ្សែង​បារី​នេះ រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ នៅ​ឆ្នាំ​២០១៥ ព្រមទាំង​អនុក្រឹត្យ ប្រកាស សារាចរ និង​សេចក្តីណែនាំ​នានា​ក្នុង​ការជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេសមួយ​ដែល​គ្មាន​ផ្សែង​បារី​នៅ​ឆ្នាំ​២០២៥​។​
 
​បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី​យល់ថា ការបង្កើត​ទីក្រុង​ទេសចរណ៍​គ្មាន​ផ្សែង​បារី​ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​បៃតង​នៅតាម​សហគមន៍​ទេសចរណ៍ តាម​តំបន់​ប្រាង្គ​ប្រាសាទ និង​តំបន់​អេកូ​ទេសចរណ៍ធម្មជាតិ​នានា​។ « តំបន់​ទេសចរណ៍​នីមួយៗ​មាន​លក្ខណៈពិសេស និង​ភាព​ទាក់ទាញ​ផ្សេងៗ​ដោយឡែក​ពីគ្នា ប៉ុន្តែ​បរិស្ថាន​គ្មាន​ផ្សែង​បារី​នៅតាម​តំបន់​ទេសចរណ៍​ទាំងនោះ​គឺជា​លក្ខណៈសម្បត្តិ​រួមមួយ ដែល​ជួយ​បង្កើន​ភាព​ទាក់ទាញ​ថែម​មួយកម្រិត​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ថោង ខុន​៕

Tag:
 ផ្សែង​បារី​
  ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com