អន្តរជាតិ
តើអ្នកឆ្ងល់ទេថា ហេតុអ្វីបានជានាឡិកាអាចកំណត់ម៉ោងបានល្អម្ល៉េះ?
× នៅក្នុងប្រវត្តិសាស្ត្រ មនុស្សបានប្រើប្រាស់កាលៈទេសៈ និងឧបករណ៍ខុសៗគ្នាក្នុងការកំណត់ពេលវេលា និងម៉ោងពេល។ ជំហានដំបូងគេគឺការប្រើប្រាស់ព្រះអាទិត្យក្នុងការដឹងពីពេលព្រឹក ពេលថ្ងៃ និងពេលយប់។ ក្រោយមកទៀត មនុស្សក៏បានបង្កើតជាប្រព័ន្ធប្រតិទិនជាច្រើនប្រភេទក្នុងការចងក្រងពេលវេលាទុកឲ្យបានយូរ និងច្បាស់លាស់ជាងមុន ដោយការសិក្សាពីចលនានៃភពផែនដី ជាមួយនឹងព្រះអាទិត្យ និងចលនានៃគន្លងព្រះខែជាដើម។
នៅពេលដែលសង្គមមនុស្សកាន់តែមានការរីកចម្រើន ជាពិសេសជាមួយនឹងផ្នែកវិទ្យាសាស្ត្រ ការគ្រប់គ្រងពេលវេលាគឺជារឿងដែលមិនអាចរំលងបាន។ អ្នកជំនាញជាច្រើននាក់បានបង្កើតឧបករណ៍នានាក្នុងការសម្រេចនូវភាពច្បាស់លាស់ក្នុងការកំណត់នូវរាល់វិនាទី ដោយសារវាមានសារសំខាន់សម្រាប់នាវិកដែលធ្វើដំណើរតាមមហាសមុទ្រ ឬអ្នកវិទ្យសាស្ត្រដែលធ្វើការពិសោធជាដើម។
គេហទំព័រ Explain That Stuff បានពន្យល់ថា នៅក្នុងឆ្នាំ១៥៨៣ រូបវិទូម្នាក់ដែលមានឈ្មោះ Galileo Galilei បានបង្កើតនាឡិកាមួយបែបដែលប្រើប្រាស់ដុំរំយោល មានចលនាទៅវិញទៅមក ឬគេហៅថា Pendulum ជាមួយនឹងស្ពឺរង្វិលពិសេសស្ថិតនៅខាងក្នុង។ លោកបានកំណត់ការយោលនៃដុំនេះទៅវិញទៅមកម្តង ក្នុងពេលមួយវិនាទី។ ដោយសារតែដុំរំយោលនោះអាចឈប់មានចលនាដោយសារតែការកកិតជាមួយនឹងខ្យល់ និងវត្ថុផ្សេងៗ អ្នកប្រើប្រាស់តែងមួលដុំវាឡើងវិញជារៀងរាល់ថ្ងៃ ដើម្បីឲ្យបន្តនៅមានចលនា។ បច្ចេកវិទ្យាមួយនេះបានបម្រើជីវិតមនុស្សឲ្យមានភាពកាន់តែងាយស្រួលអស់រយៈពេលរាប់រយឆ្នាំមកហើយ។
មកទល់បច្ចុប្បន្ន នាឡិការបស់អ្នកមិនប្រើប្រាស់ដុំរំយោលនេះតទៅទៀតនោះទេ ដោយសារតែទំហំដ៏ធំ និងគ្រឿងដ៏ស្មុគស្មាញរបស់វា។ ក្នុងការកំណត់ម៉ោងឲ្យបានកាន់តែប្រសើរជាមួយនឹងតម្លៃកាន់តែធូរថ្លៃ គេប្រើប្រាស់សារធាតុម្យ៉ាងហៅថា «Quartz» ។ វាជាប្រភេទគ្រីស្តាល់ ដែលបង្កមកពីស៊ីលីកូន ឌីអុកស៊ីត ដែលសម្បូរនៅតាមស្រទាប់ភពផែនដី។ វាមិនទទួលរងឥទ្ធិពលពីទំនាញផែនដី ឬការប្រែប្រួលសីតុណ្ហភាពដូចដុំរំយោលនោះឡើយ។ គេប្រើប្រាស់ Quartz ក្នុងការកំណត់ម៉ោងដោយផ្ទេរចរន្ទអគ្គីសនីទៅលើវាបន្តិចៗក្នុងលំនាំមួយហៅថា Piezoelectric រួចសារធាតុ Quartz នេះនឹងមានរំញ័រក្នុងកម្រិតមួយយ៉ាងច្បាស់លាស់គឺ ៣២៧៦៨ ដងក្នុងមួយវិនាទី ឬ ៣២៧៦៨ អ៊ែក។
ចំនួននេះត្រូវបានរាប់ដោយបន្ទះក្តារអេឡិចត្រូនិច និងបម្លែងវាឲ្យទៅជាមួយវិនាទីយ៉ាងច្បាស់លាស់ ទៅលើអេក្រង់ឌីជីថល ឬទ្រនិចនាឡិកា។ តែទោះបីជាវាល្អយ៉ាងនេះមែន Quartz ក៏នៅតែអាចមានភាពប្រែប្រួលបន្តិចបន្តួចផងដែរ ដូចជានៅក្នុងសីតុណ្ហភាព និងសម្ពាធខុសៗគ្នា។ ក្នុងមួយខែៗ នាឡិការប្រើប្រាស់ Quartz អាចមានការប្រែប្រួលប្រមាណ២ទីបីវិនាទី៕
© រក្សាសិទ្ធិដោយ thmeythmey.com