លោក ឃុន ស៊ីវ ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​យក​សំរាម​ប្លា​ស្ទិ​ក​ច្នៃ​ជា​ប្រេងម៉ាស៊ូត រហូត​បាន​ជោគជ័យ​
ជាតិ
វីដេអូ
លោក ឃុន ស៊ីវ ប្រឈម​នឹង​គ្រោះថ្នាក់​ដោយ​យក​សំរាម​ប្លា​ស្ទិ​ក​ច្នៃ​ជា​ប្រេងម៉ាស៊ូត រហូត​បាន​ជោគជ័យ​
01, Dec 2019 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ លោក ឃុន ស៊ីវ បាន​យក​សំរាម​ប្លា​ស្ទិ​ក​៦​ប្រភេទ ច្នៃ​ធ្វើជា​ប្រេងម៉ាស៊ូត ដើម្បី​រួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។ លោក ស៊ីវ បាន​ឲ្យ​ដឹងថា ការស្រាវជ្រាវ​ច្នៃ​ប្រេងម៉ាស៊ូត​ពី​សំរាម​ប្លា​ស្ទិ​ក​នេះ អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​ជីវិត ដោយ​ការផ្ទុះ​អំឡុងពេល​កំពុង​ចម្រាញ់​។ ជា​ជំនួយការ​ប្រធាន​អង្គការ OBT នៅ​សហគមន៍​ជី​រោទិ៍ នៃ​ខេត្ត​ត្បូងឃ្មុំ លោក ឃុន ស៊ីវ បាន​ចំណាយពេល​ជាង​១​ឆ្នាំ ទើប​អាច​ស្រាវជ្រាវ​ការច្នៃ​ប្រេ​ម៉ា​ស៊ូ​ត​ពី​សំរាម​ប្លា​ស្ទិ​ក​នេះ​ជោគជ័យ​។ បច្ចុប្បន្ន សំរាម​ប្លា​ស្ទិ​ក​ដែល​ចម្រាញ់​បានជា​ប្រេងម៉ាស៊ូត​នោះ យកទៅ​ប្រើប្រាស់​នៅក្នុង​អង្គការ OBT និង​លក់​ឲ្យ​សហគមន៍​ជី​រោទិ៍​ក្នុងតម្លៃ​មួយ​ដែល​អាចជួយ​កាត់បន្ថយ​ចំណាយ​របស់​សហគមន៍​។ កាន់តែ​ពិសេស សំណល់​ប្លា​ស្ទិ​ក​ដែល​សល់​ពី​ការ​ចម្រាញ់​ជា​ប្រេង លោក ស៊ីវ ក៏មាន​គម្រោង​យកទៅ​ច្នៃ​ធ្វើ​ឥដ្ឋ​បរិស្ថាន​ទៀតផង​។​

 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន ThmeyThmey និង​លោក ឃុន ស៊ីវ អ្នក​ច្នៃ​ប្រេងម៉ាស៊ូត​ពី​សំរាម​ប្លា​ស្ទិ​ក ដូចតទៅ​៖

 
 
​ជា​ជំនួយការ​ប្រធាន​អង្គការ OBT នៅ​សហគមន៍​ជី​រោទិ៍ នៃ​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បាន​ស្រាវជ្រាវ​ពី​ការ​ចម្រាញ់ប្រេង​នេះ​ផង លោក ឃុន ស៊ីវ អះអាងថា ការយក​សំរាម​មក​ច្នៃ​ជា​ប្រេងម៉ាស៊ូត​នេះ ប្រឈម​នឹង​គ្រោះ​ដល់​ជី​វិត ដែល​អាច​ផ្ទុះ​នៅពេល​កំពុង​ច​ម្រា​ញ់​ព្រោះ​វា​ក្តៅ​ខ្លាំង​។ យ៉ាងណា​ការស្រាវជ្រាវ គឺ​លោក ស៊ីវ ទទួលបាន​ជោគជ័យ​ច្រើន​ដោយ​អាច​ប្រេង​នោះ​ទៅប្រើ​ប្រាស់​ប្រចាំថ្ងៃ​បាន ប៉ុន្តែ លោក ស៊ីវ នៅតែ​បន្ត​ស្រាវជ្រាវ​រក​ចំណុច​ខ្វះ​ខាត និង​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព​និង​សុ​វត្ថ​ភាព​ខ្ពស់ជាង​នេះ​។​
 
​នៅក្នុង​វេទិកា​អេកូ​ទេសចរណ៍​លើក​ទី​១ កាលពី​ថ្ងៃទី​១៩ វិច្ឆិកា ដែល​រៀបចំ​ធ្វើ​នៅ​ហ្គ្រែន​ភ្នំពេញ លោក ឃុន ស៊ីវ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅក្នុង​បទ​សម្ភាស​ថា សព្វថ្ងៃ​ប្លា​ស្ទិ​កមាន​ច្រើនជាង​៧០​ប្រភេទ ក្នុងនោះ​ប្រ​ភេ​ស​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​បំផុត​មាន​៧​ប្រភេទ​។ ក្នុងចំណោម​ប្លា​ស្ទិ​ក​៧​ប្រភេទ​នោះ មាន​៦​ប្រភេទ​ដែល​អាច​យកមក​ច្នៃ​ជា​ប្រេងម៉ាស៊ូត​បាន រួមមាន ដប​ទឹក​សុទ្ធ​, ដង​ប្រេងឆា​, ដប​សាប៊ូ​, គម្រប​ទឹក​សុទ្ធ​, កែវ​កាហ្វេ​, និង​ប្រអប់​ស្នោ​។ លោក ឃុន ស៊ីវ បាន​ចំណាយពេល​ស្រាវជ្រាវ​ជាង​១​ឆ្នាំ ដើម្បី​យក​សំរាម​ប្លា​ស្ទិ​ក​ទាំង​៦​ប្រភេទ​នោះមក​ច្នៃ​ជា​ប្រេងម៉ាស៊ូត ដើម្បី​រួមចំណែក​កាត់បន្ថយ​ការបំពុល​បរិស្ថាន​។ លោក ស៊ីវ បាន​ពន្យល់ថា ការច្នៃ​សំរាម​ប្លា​ស្ទិ​ក​ចេញ​ជា​ប្រេងម៉ាស៊ូត​នេះ ត្រូវ​ឆ្លងកាត់​៣​ដំណាក់កាល គឺ​ដំណាក់​បំបែក​ធាតុ​, ចម្រាញ់ និង​បន្សុទ្ធ​។​
 
​ក្នុង​មួយថ្ងៃ លោក ស៊ីវ យក​ប្លា​ស្ទិ​ក​ចំនួន​៣០​គីឡូក្រាម ដោយ​លោក​បញ្ជាក់ថា អាច​ចម្រាញ់​ជា​ប្រេងម៉ាស៊ូត​បាន​ប្រមាណ​១៩​លីត្រ ហើយ​ប្រេងម៉ាស៊ូត​ដែល​ច្នៃ​ពី​សំរាម​ប្លា​ស្ទិ​ក​នេះ មាន​ចំហេះ​ខ្លាំង​ជាង​ប្រេងម៉ាស៊ូត​ធម្មតា​។ លោក ឃុន ស៊ីវ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ប្រេងម៉ាស៊ូត​ស្ដងដា​របស់​វា គឺ​ក្នុង​១​លីត្រ មាន ចំហេះ ០.៨៣២​ក្រាម ចំណែក​ម៉ា​ស៊ូ​ត​ដែល​ខ្ញុំ​ធ្វើ​ហ្នឹង​ក្នុង​១​លីត្រ មាន​ចំហេះ ០.៧៧៥​ក្រាម​។ អ៊ីចឹង​បើតាម​ក្បូន​ប្រេង​មួយណា​ស្រាល​ជាង​មួយ​ហ្នឹង​មាន​ចំហេះ​ខ្លាំង​ជាង​។ ប៉ុន្តែ នៅក្នុង​ឯកសារ​ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ គឺ​គេ​បាន​និយាយថា ប្រេងម៉ាស៊ូត​ដែល​ចម្រាញ់​ពី​សំរាម​ប្លា​ស្ទិ​ក​នេះ មាន​ជាតិពុល​ខ្លាំង​ជាង​ប្រេងម៉ាស៊ូត​ស្ដង់ដា​»​។​
 
​បញ្ហា​ជាតិពុល​ដែលមាន​នៅក្នុង​ប្រេងម៉ាស៊ូត​ចម្រាញ់​ពី​សំរាម​ប្លា​ស្ទិ​ក​នោះ​ខ្លាំង​ជាង ប្រេងម៉ាស៊ូត​ធម្មជាតិ លោក ឃុន ស៊ីវ មិនទាន់​ហ៊ាន​អះអាងថា ប៉ះពាល់​យ៉ាងដូចម្តេច​ឡើយ ដោយ​លោក​កំពុង​បន្ត​ការស្រាវជ្រាវ​លើ​បញ្ហា​នេះ​បន្ថែមទៀត​។ យ៉ាងណា​នេះ​គឺជា​ជោគជ័យ​នៅក្នុង​ការទទួលបាន​ដំណក់​ប្រេង​ដំបូង​ដែល​លោក​បាន​ចំណាយពេល​អស់​ជាង​១​ឆ្នាំ ពោលគឺ​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៩ រហូតមកដល់​ចុងឆ្នាំ​២០១៩​នេះ​។ 
 
​បច្ចុប្បន្ន សំរាម​ប្លា​ស្ទិ​ក​ដែល​ចម្រាញ់​បានជា​ប្រេងម៉ាស៊ូត​នោះ លោក ឃុន ស៊ីវ បាន​ឲ្យ​ដឹងថា ប្រេង​នោះ​ត្រូវយក​ទៅប្រើ​ប្រាស់​នៅក្នុង​អង្គការ OBT និង​លក់​ឲ្យ​សហគមន៍​ជី​រោទិ៍​ក្នុងតម្លៃ​មួយ​ដែល​អាចជួយ​កាត់បន្ថយ​ចំណាយ​របស់​សហគមន៍​។ ចំពោះ​សំណល់​ប្លា​ស្ទិ​ក​ដែល​សល់​ពី​ការ​ចម្រាញ់​ជា​ប្រេងម៉ាស៊ូត គឺ​លោក​គ្រោង​នឹង​យកទៅ​ច្នៃ​ធ្វើ​ឥដ្ឋ​បរិស្ថាន ដែល​ជួយ​កាត់បន្ថយ​ការបំពុល​បរិស្ថាន​បាន​មួយកម្រិត​ទៀត​៕

Tag:
 ម៉ា​ស៊ូ​ត​
 ​សំរាម​
 ​ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com