វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
អាកទិច៖ អ្នកវិទ្យាសាស្ត្ររកឃើញកម្ចេចប្លាស្ទិកតូចៗធ្លាក់មកជាមួយនឹងព្រិល
× ការចុះផ្សាយកាលពីពេលថ្មីៗនេះដោយគេហទំព័រសារព័ត៌មានអង់គ្លេស BBC កាលពីថ្ងៃទី១៥ ខែកក្កដា ដែលបានបង្ហាញពីភាពភ្ញាក់ផ្អើលរបស់អ្នកវិទ្យាសាស្ត្រក្នុងការពិនិត្យមើលឃើញកម្ចេចកំទីប្លាស្ទិកតូចៗ (មីក្រូប្លាស្ទិក) នៅក្នុងបរិយាកាស។ ទិន្នន័យត្រូវបានបង្ហាញថា មីក្រូប្លាស្ទិកទាំងនោះមានចំនួនអាចទៅដល់១ម៉ឺនផ្នែក ក្នុងចំណុះ១លីត្រ។
អាកទិកត្រូវបានគេចាត់ទុកថាជាកន្លែងមួយដែលនៅមានភាពរងគ្រោះតិចតួចពីសកម្មភាពរបស់មនុស្ស ប៉ុន្តែទោះបីជាយ៉ាងនេះមែន វត្តមានកាកសំណល់នានាដែលប្រើប្រាស់ដោយមនុស្សក៏នៅតែមានវត្តមានខ្លះៗនៅតំបន់ប៉ូលខាងជើងនេះដែរ។ អ្នកវិទ្យាសាស្ត្រមិនទាន់អាចកំណត់ឲ្យបានច្បាស់លាស់ថា ការដកដង្ហើមដែលមានបរិមាណប្លាស្ទិកនៅក្នុងខ្យល់បរិយាកាសអាចបង្កឲ្យមានផលប៉ះពាល់អ្វីខ្លះដល់ខ្លួនប្រាណមនុស្សនោះទេ។
អ្នកស្រាវជ្រាវបានចូកយកបរិមាណព្រិលមួយចំនួនមកពីកោះ Svalbard ក្បែប៉ូលខាងជើង និងយកមកធ្វើការពិនិត្យពិសោធន៍នៅឯវិទ្យាស្ថាន Alfred Wegener នៅក្នុងប្រទេសអាល្លឺម៉ង់។ មីក្រូប្លាស្ទិកគឺជាផង់ប្លាស្ទិកតូចៗទាំងឡាយណាដែលមានទំហំតូចជាង៥មីលីម៉ែត្រ។
តើប្លាស្ទិកទាំងនេះធ្វើដំណើរទៅកាន់អាកទិចដោយដូចម្តេច? គេសន្មតថា ចរន្តខ្យល់នានាជាអ្នកទាញយកបរិមាណប្លាស្ទិកទាំងអស់នេះពីតំបន់ទីក្រុង និងទីប្រជុំជន។ ប៉ុន្តែប្រព័ន្ធនៃចរន្តខ្យល់ មិនទាន់មានអ្នកដែលអាចសិក្សាឲ្យបានច្បាស់លាស់នោះទេ។ មានការជជែកគ្នាជាច្រើនទៅលើរឿងមួយនេះ។ មតិខ្លះបានលើកឡើងថា ផង់តូចៗមួយចំនួនអាចមានវត្តមានចេញពីផ្នែកនានានៃកប៉ាល់ ឬនាវា។
មតិខ្លះទៀតបាននិយាយថា វាមានវត្តមានមកពីតួប៊ីនខ្យល់ធំៗ ដែលផលិតថាមពលចេញពីខ្យល់ ចំណែកឯខ្លះទៀតក៏បាននិយាយផងដែរថា វាចេញមកពីសំលៀកបំពាក់នៃមនុស្សនៅទីនោះ។ វាជាហេតុការណ៍មួយដែលពិបាកនឹងទទួលយក ដោយប្រជាជនមួយចំនួនដែលរស់នៅក្នុងតំបន់អាកទិច។ អ្នករស់នៅម្នាក់បានលើកឡើងថា គាត់ធ្លាប់ដឹងពីប្លាស្ទិកនៅក្នុងទឹកកក ប្លាស្ទិកនៅក្នុងទឹកសមុទ្រ និងតាមឆ្នេរ។ តែពេលនេះ វត្តមានរបស់ប្លាស្ទិកនៅក្នុងព្រិលបានធ្វើឲ្យគាត់មានអារម្មណ៍សោកសៅយ៉ាងខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com