កីឡាជាតិ
ជាតិ
U19 កម្ពុជា​ទៅ​ប៉ះ​បណ្តា​ក្រុម​ខ្លាំងៗ​ក្នុង​ទ្វីបអាស៊ី ក្រោយ​ខកខាន​៤៥​ឆ្នាំ​
01, Dec 2019 , 11:28 am        
រូបភាព
កីឡាករ U19 កម្ពុជានាការប្រកួតកន្លងមក។ រូបថត FFC
កីឡាករ U19 កម្ពុជានាការប្រកួតកន្លងមក។ រូបថត FFC
ដោយ: រួបរួម
​ក្រោយ​ជ័យជម្នះ​លើ​ព្រុយ​ណេ ៣-០ នៅ​វគ្គ​ជម្រុះ​ពូ​ល G នៅ​រាជធានី​ភ្នំពេញ ក្រុម U19 កម្ពុជា ត្រូវ​រង់ចាំ​រហូតដល់​ទៅ​២០​ថ្ងៃ ពោលគឺ​ថ្ងៃទី​៣០ ខែវិច្ឆិកា ទើប​ដឹង​ពី​ជោគវាសនា​ខ្លួន​ចំពោះ​ការ​ឈានទៅ​ជុំ​ចុងក្រោយ​នៃ​ពានរង្វាន់ AFC U19 Championship ដែល​នឹង​រៀបចំ​នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​នា​អំឡុង​ខែតុលា ឆ្នាំ​២០២០​។ អរគុណ U19 ប៉ា​ឡេ​ស្ទី​ន បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ ជាមួយ​គូ​វែ​ត សម្រាប់​ជំនួប​ក្នុង​ពូ​ល A​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្នុងករណី​ដែល​ប៉ា​ឡេ​ស្ទី​ន ចាញ់​គូ​វែ​ត កម្ពុជា​នៅតែ​អាច​ឈានទៅ​វគ្គ​១៦​ក្រុម​ផងដែរ ពីព្រោះ​ជំនួប​១​ទៀត​ក្នុង​ពូ​ល A រវាង​ម្ចាស់ផ្ទះ​អូ​ម៉​ង់ និង​អ៊ីរ៉ាក់ ក៏បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ ផងដែរ​។​ តាមកំណត់ត្រា ឈុតយុវជននេះ លេងនៅវគ្គ Group Stage ចុងក្រោយ​នា​ឆ្នាំ​១៩៧៤។





ការប្រកួត​ជម្រុះ​៖

​ក្រុមយុវជន​អាយុ​ក្រោម​១៩​ឆ្នាំ មកពី​៤៦​ប្រទេស​នៃ​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ដណ្តើម​កៅអី​ទៅ​ជុំ​ចុងក្រោយ​។ ការប្រកួត​ត្រូវ​បែង​ចែកជា​១១​ពូ​ល ដោយ​ក្នុង​១​ពូ​ល​មាន​៤​ក្រុម លើកលែងតែ​ពូ​ល A និង​ពូ​ល G ប៉ុណ្ណោះ​ដែលមាន​៥​ក្រុម​។​

​ពូ​ល​ចំនួន​៩ បាន​បើក​ការប្រកួត​កាលពីដើម​ខែវិច្ឆិកា លើកលែង​ពូ​ល C នៅ​តា​ហ្ស៊ី​គី​ស្ថាន ដែល​រៀបចំឡើង​តាំងពីដើម​ខែតុលា រីឯ​ពូ​ល A ទើបតែ​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅ​ទឹកដី​អូ​ម៉​ង់ បន្ទាប់ពី​ការប្តូរ​ចេញពី​ទឹកដី​អ៊ីរ៉ាក់ ដោយសារ​វិបត្តិ​នយោបាយ​។​

​លេខ​១​ក្នុង​ពូ​ល​ទាំង​១១៖
​ក្រុម​លេខ​១​ក្នុង​ពូ​ល​នីមួយៗ ទទួលបាន​កៅអី​ទៅ​ជុំ​ចុងក្រោយ​នៅ​អ៊ូ​ស​បេ​គី​ស្ថាន​។ តាមពិតទៅ​អ៊ូ​ស​បេ​គី​ស្ថាន ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ជុំ​ចុងក្រោយ ពួកគាត់​មាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​។ ក្រុម​លេខ​មួយ​នៃ​ពូ​ល​នីមួយៗ រួមមាន កាតា (​ពូ​ល B), តា​ហ្ស៊ី​គី​ស្ថាន (​ពូ​ល C), អ៊ីរ៉ង់ (​ពូ​ល D), បា​រ៉ែ​ន (​ពូ​ល E), អា​រ៉ា​ប៊ី​សា​អូឌីត (​ពូ​ល F), ម៉ាឡេស៊ី (​ពូ​ល G), អូស្ត្រាលី (​ពូ​ល H), កូរ៉េខាងត្បូង (​ពូ​ល I), ជប៉ុន (​ពូ​ល J), ឥណ្ឌូណេស៊ី (K) និង អ៊ីរ៉ាក់ ដែល​ទើប​បញ្ចប់​ចំណាត់ថ្នាក់​លេខ​១​ពូ​ល A ទាំង​ប្រផិតប្រផើយ​។​

​លេខ​ពីរ​ល្អ​ចំនួន​៥៖
​រូបមន្ត​លេខ​២​ឆ្នើម ត្រូវ​កំណត់​តាមរយៈ​ប្រៀបធៀប​រវាង​ពូ​ល​នីមួយៗ ដោយ​ផ្តោត​អាទិភាព​លើ​ពិន្ទុ បន្ទាប់មក ផល​សង​គ្រាប់​បាល់ និង​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី មុន​ឈានដល់​នីតិវិធី​ផ្សេងទៀត ប្រសិនបើ​មាន​ករណី​ស្មើគ្នា​ទាំងអស់​។​

​សម្រាប់​ពូ​ល​ដែលមាន​៥​ក្រុម លទ្ធផល​ស៊ីសង​ជាមួយ​ក្រុម​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៥ មិន​ត្រូវបាន​រាប់បញ្ចូល​សម្រាប់​ការប្រៀបធៀប​នេះឡើយ​។ ក្រុម​លេខ​២​ល្អ ត្រូវ​ឡើង​ពី​៤​ទៅ​៥​ក្រុម ដោយសារតែ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន ស្ថិតក្នុង​ចំណោម​នោះ​។​

​ឡាវ (​ពូ​ល H) ជា​ក្រុម​លេខ​២​មាន​ពិន្ទុ​ខ្ពស់ជាង ៧ (+៧) បន្ទាប់មក គឺ វៀតណាម នៃ​ពូ​ល J ៧ (+៦), យេ​ម៉ែន នៃ​ពូ​ល B ៧ (+៤), ម្ចាស់ផ្ទះ អ៊ូ​ស​បេ​គី​ស្ថាន​ដែល​ក្នុង​ពូ​ល F ៧ (+៤) រួមទាំង​កម្ពុជា​នៃ G ៦ (+៣) ដែល​ទើបតែ​អបអរ​ក្រោយ​រង់ចាំ​អស់​រយៈពេល​២០​ថ្ងៃ​។



​ហេតុអ្វី​បានជា​កម្ពុជា​ទៅ​វគ្គ​បន្ត​?

​ក្រោយ​ការ​ធៀប​ពិន្ទុ កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៥​បណ្តោះអាសន្ន ដោយ​រង់ចាំ​អ៊ុត​មើល​ពូ​ល A​។ U19 កម្ពុជា បាន​អបអរ​ជោគជ័យ​របស់​ខ្លួន បន្ទាប់ពី​ប៉ា​ឡេ​ស្ទី​ន និង​គូ​វែ​ត បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ ។ តែ​ក្នុងករណី គូ​វែ​ត​ឈ្នះ​ប៉ា​ឡេ​ស្ទី​ន កម្ពុជា​ក៏​នៅតែមាន​ឱកាស​ផងដែរ ព្រោះ​ជំនួប​ចុងក្រោយ ម្ចាស់ផ្ទះ​អូ​ម៉​ង់ បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ ជាមួយ​អ៊ីរ៉ាក់​ផងដែរ​។​

​នៅក្នុង​ពូ​ល G កម្ពុជា​ចាញ់​ម៉ាឡេស៊ី ឈ្នះ​ថៃ ឈ្នះ​ព្រុយ​ណេ និង​ឈ្នះ​កោះ​ម៉ា​រី​យ៉ាណា​ខាងជើង​។ ជ័យជម្នះ ៩-០ លើ​កោះ​ម៉ា​រី​យ៉ាណា​ខាងជើង មិន​ត្រូវបាន​រាប់បញ្ចូល​ឡើយ ដូច្នេះ​ពិន្ទុ​ដែល​កម្ពុជា​យកទៅ​ប្រៀបធៀប​ជាមួយ​ពូ​ល​ផ្សេង​នោះ គឺ​លទ្ធផល​ចាញ់​ម៉ាឡេស៊ី ៥-៤ ឈ្នះ​ថៃ ២-១ និង​ឈ្នះ​ព្រុយ​ណេ ៣-០ ពោលគឺ​៦​ពិន្ទុ (+៣)​។​

​ក្រោយ​ជំនួប​ចុងក្រោយ​ពូ​ល A អ៊ីរ៉ាក់​ស្មើ​ម្ចាស់ផ្ទះ​អូ​ម៉​ង់ ៣-៣ ដែល​នាំ​ឲ្យ​ពួកគេ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ដោយមាន​៨​ពិន្ទុ (+៥) ខណៈ​គូ​វែ​ត​ដែល​ស្មើ​ប៉ា​ឡេ​ស្ទី​ន ៣-៣ ផងដែរ​នោះ បាន​ត្រឹម​ខកចិត្ត ដោយមាន​៨​ពិន្ទុ​ដូចគ្នា ប៉ុន្តែ​ផល​សង +៤​។​

​ប៉ុន្តែ​សម្រាប់​ការប្រៀបធៀប​លេខ​២​ជាមួយ​កម្ពុជា លទ្ធផល​នៃ​ជ័យជម្នះ​របស់​គូ​វែ​ត ២-១ លើ​ប៉ា​គី​ស្ថាន​ដែលជា​ក្រុម​បាត​តារាង មិន​ត្រូវបាន​រាប់បញ្ចូល​ឡើយ ដោយ​គិតតែ​លទ្ធផល​ស្មើ ១-១ ជាមួយ​អ៊ីរ៉ាក់ ស្មើ ៣-៣ ជាមួយ​ប៉ា​ឡេ​ស្ទី​ន និង​ជ័យជម្នះ ៣-០ លើ​អូ​ម៉​ង់ ដូច្នេះ​គូ​វែ​ត មានតែ​៥​ពិន្ទុ (+៣)​។

​គូ​វែ​ត​ស្ថិត​ក្នុងចំណោម​ក្រុម​លេខ​២​ដែល​ខកចិត្ត ខណៈ​ចិន សោកស្តាយ​ខ្លាំងជាងគេ ដោយមាន​៦​ពិន្ទុ​ស្មើ​កម្ពុជា ប៉ុន្តែ​មាន​ផល​សង​ត្រឹម +១​។ ក្រុម​ផ្សេងទៀត​ដែល​ហាលអាវ​រួមមាន កូរ៉េខាងជើង ហ្ស៊​កដា​នី លី​បង់ និង​គៀ​ហ្សី​ស្ថាន ជាដើម​។​



​កំណត់ត្រា​បានបង្ហាញ​ថា កម្ពុជា​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ AFC U19 Championship ៣​លើក​កន្លងមក​។ នៅ​ទឹកដី​ម៉ាឡេស៊ី នា​ឆ្នាំ​១៩៦៣ កម្ពុជា​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​ពូ​ល A ដែលមាន​៦​ក្រុម (​ចាញ់​ថៃ ៤-០, ឈ្នះ​ម៉ាឡេស៊ី ១-០, ឈ្នះ​ហ្វីលីពីន ៦-២ និង​ចាញ់​ឥណ្ឌា ២-០ និង​ចាញ់​ភូមា ៤-០)​។​

​ឈានដល់​ឆ្នាំ​១៩៧២ នាទី​ក្រុង​បាងកក ប្រទេស​ថៃ ក្នុងនាម​ជា​ក្រុម​ជម្រើសជាតិ​សាធារណរដ្ឋ​ខ្មែរ កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៣​ពូ​ល C ក្រោយ​ចាញ់​ភូមា ៥-០ ស្មើ​តៃវ៉ាន់ ១-១ និង​ចាញ់​ឥណ្ឌូណេស៊ី ៣-០ ។​

​ដល់​ឆ្នាំ​១៩៧៤ នៅ​ក្រុង​បាងកក​ដដែល កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល C ទៀត ដោយ​ចាញ់​ម៉ាឡេស៊ី ២-១​។ កីឡាករ​ខ្មែរ​ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពេលនោះ មាន​ឈ្មោះថា សុក ស៊ីថា​។ បន្ទាប់មកទៀត កម្ពុជា​ឈ្នះ​ណេ​ប៉ាល់ ៦-២ ដោយ​កីឡាករ​ឈ្នះ តាំង យូ​ខាន់ (Taing You Khan) និង ហ៊ុន ចាន់​គី (Hun Chanky) សម្រេចបាន​ម្នាក់​ចំនួន​៣​គ្រាប់ មុនពេល​ចាញ់​កូរ៉េខាងត្បូង ២-០​។​



​កម្ពុជា​ស្ថិត​ក្នុងចំណោម​ក្រុម​ចំនួន​៥​ពី​តំបន់​អាស៊ាន​
​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន លោក KOJI GYOTOKU កម្ពុជា​បាន​ចូលរួម​ជាមួយ​ប្រទេស​អាស៊ាន​៤​ទៀត រួមមាន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ និង​វៀតណាម ដែល​ឈានទៅ​ជុំ​ចុងក្រោយ រួមទាំង​អូស្ត្រាលី ដែលជា​សមាជិក​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) មួយទៀត​។​



​កូរ៉េខាងត្បូង​ជា​ក្រុម​ដែល​ទទួលបាន​ពាន​ច្រើនជាងគេ​ដែលមាន​រហូតដល់​ទៅ​១២​លើក ខណៈ​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ម្ចាស់​ការពារ​តំណែង​ជើងឯក​។​ ៤​ក្រុម​ចុងក្រោយ នឹង​ទទួលបាន​កៅអី​ទៅកាន់​ព្រឹត្តិការណ៍ FIFA U20 World Cup ឆ្នាំ​២០២១ នៅ​ឥណ្ឌូណេស៊ី ដែលមាន​ម្ចាស់ផ្ទះ​រង់ចាំ​រួចជាស្រេច​៕



© រក្សាសិទ្ធិដោយ thmeythmey.com