ជាតិ
សង្គមជាតិ
សហភាព​អឺរ៉ុប ជួយ​ឲ្យ​មន្ត្រី​កម្ពុជា យល់​ពី​ហានិភ័យ​គីមី ជីវសាស្ត្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ​
01, Dec 2019 , 12:00 pm        
រូបភាព
​មន្តី្ររាជការ​ប្រមាណ១៧០​នាក់ និង​គ្រូ​ជំនាញ​ផ្នែក​សារធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលរៀបចំ​ឡើង​ដោយសហភាព​អឺរ៉ុប
​មន្តី្ររាជការ​ប្រមាណ១៧០​នាក់ និង​គ្រូ​ជំនាញ​ផ្នែក​សារធាតុគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ ដែលរៀបចំ​ឡើង​ដោយសហភាព​អឺរ៉ុប
ដោយ:
​ភ្នំពេញ​៖ ក្រុមមន្ត្រី​រាជការ​ប្រមាណ​១៧០​នាក់ បានទទួល​វគ្គ​បណ្តុះបណ្តាល​ដែល​ផ្តោត​សំខាន់​លើ​ការកាត់បន្ថយ​ហានិភ័យ​គីមី ជីវសាស្ត្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ ដែល​រៀបចំឡើង​ដោយ​សហភាព​អឺរ៉ុប​(EU)​។ តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ មន្ត្រី​ទាំង​១៧០​នាក់ នឹង​អាច​ក្លាយជា​គ្រូ​បង្គោល សម្រាប់​ផ្តល់​ចំណេះដឹង  និង​ផ្តល់​ការអនុវត្ត​អំពី​ហានិភ័យ​គីមី ដល់​ប្រជាជន​កម្ពុជា​ដទៃទៀត​។


 
​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប មន្ត្រីរាជការ​ទាំងនេះ ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ពី អ្នកជំនាញ​នានា ដែល​មកពី​វិស័យ​សុខាភិបាល​សាធារណៈ​នៃ​ប្រទេស​អង់គ្លេស វិទ្យា​សា្ថ​ន​សន្តិសុខ​អន្តរជាតិ និង​ការគ្រប់គ្រង​គ្រោះអាសន្ន នៃ​ប្រទេស​ស្លូ​វ៉ា​គី និង​ការ​ដំណោះស្រាយ​យុត្តិធម៌​ព្រហ្មទណ្ឌ​ប្រកបដោយ​ចរី​ភាព​។ វគ្គ​បណ្តុះបណ្តាល​នេះ​ជាដើម​ទុន​ឲ្យ​សិក្ខាកាម​បាន​យល់ដឹង​ពី​វិធី​លុបបំបាត់​សារធាតុ​គីមី ការ​ស្តារឡើងវិញ ការកំណត់​សំណាក និង​ការកំណត់​អត្តសញ្ញាណ និង​ការគ្រប់គ្រង​ហានិភ័យ​គីមី​។ 
 
​វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង ក្នុង​គោលបំណង ជួយ​ដោះស្រាយ​បញ្ហា​ដែល​ពាក់ព័ន្ធ​ទៅនឹង​សុវត្ថិភាព និង​សន្តិសុខ​គីមី​នៅក្នុង​វិស័យ​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្តិ ការទប់ស្កាត់ និង​បង្ការ​និង​ត្រៀម​បម្រុង ដើម្បី​ទប់ស្កាត់​ហេតុការណ៍​ដែល​ពាក់ព័ន្ធ​នឹង​សារធាតុ​គីមី ដែល​កំពុងតែ​គ្របដណ្តប់​លើ វិស័យ​កសិកម្ម និង​ឧស្សាហកម្ម​កាត់ដេរ​។  
 
​សហភាព​អឺរ៉ុប រួមទាំង​វិទ្យា​សា្ថ​ន​ស្រាវជ្រាវ​យុត្តិធម៌ និង​ឧក្រិដ្ឋកម្ម​អន្តរ​តំបន់​របស់​អង្គការសហប្រជាជាតិ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​រួម របស់​គណៈកម្មាធិការ​អឺរ៉ុប នឹង​រួមគ្នា​អនុវត្ត​គម្រោង​កាត់បន្ថយ​ហានិភ័យ​គីមី ជីវសាស្ត្រ វិទ្យុសកម្ម និង​នុយក្លេអ៊ែរ នេះ​នៅ​ប្រទេស​ទាំង​១០ ក្នុងប្រទេស​អាស៊ីអាគ្នេយ៍​។​។ គម្រោង​នេះ​មានការ​គាំទ្រ​ពី អង្គការ​អន្តរជាតិ និង​តំបន់ រដ្ឋ​សមាជិក​របស់​សហភាព​អឺរ៉ុប និង​ដៃគូ​ពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​សហភាព​អឺរ៉ុប​៕ 

Tag:
 EU
 ​គីមី​)
© រក្សាសិទ្ធិដោយ thmeythmey.com