ជាតិ
EU រកឃើញថា​រដ្ឋាភិបាល​កម្ពុជា​រំលោភសិទ្ធិ​នយោបាយ​«​ជា​ប្រព័ន្ធ​និង​យ៉ាងធ្ងន់ធ្ង​រ‍​»
01, Dec 2019 , 1:29 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដោយ: VOA
​វ៉ាស៊ីនតោន — រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ខ្វះខាត​សកម្មភាព​ផ្សះផ្សារ​ជាមួយនឹង​គណបក្សប្រឆាំង ហើយ​បាន​រំលោភ​«​ជា​ប្រព័ន្ធ​និង​យ៉ាងធ្ងន់ធ្ង​រ‍​»​ដល់​គោលការណ៍​នៃ​សិទ្ធិ​ចូលរួម​សកម្មភាព​នយោបាយ ដែលមាន​ចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​។ នេះ​បើតាម​របាយការណ៍​រប​ស់​គណៈកម្មការ​សហភាព​អឺរ៉ុប​។​

 
​របាយការណ៍​វាយតម្លៃ​របស់​គណៈកម្មកា​រ​សហភាព​អឺរ៉ុប​ផ្ញើជូន​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ហើយ​ដែល​វី​អូ​អេ​ទទួលបាន​ច្បាប់​ចម្លង​មួយ​បាន​រកឃើញ​ពី​ការរំលោភ​លើ​សិទ្ធិសេរីភាព​ក្នុងការ​ចូលរួម​សកម្មភាព​នយោបាយ​នេះ​ជា​បន្តបន្ទាប់​ជាពិសេស​មាត្រា​២៥​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ ដែល​បានចែង​អំពី​សិទ្ធិ​និង​ឱកាស​ស្មើគ្នា​របស់​ពលរដ្ឋ​គ្រប់រូប ក្នុងការ​ចូលរួម​សកម្មភាព​សាធារណៈ​ដោយផ្ទាល់​ក្នុងការ​ជ្រើសរើស​តំណាង​របស់ខ្លួន ដោយ​សេរី និង​ចូលរួម​បោះឆ្នោត ឬ​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ដើម្បី​បំពេញការងារ​សាធារណៈ​។​
 
​សហភាព​អឺរ៉ុប​បានចាប់ផ្តើម​នីតិវិធី​ពិនិត្យមើល​ការ​អនុវត្តតាម​លក្ខខណ្ឌ​ផ្តល់​ឋានៈ​អនុគ្រោះ​ពន្ធ​«​គ្រប់មុខ​ទំនិញ​លើកលែង​ស​ព្វា​វុ​ធ‍​» ឬ Everything But Arms (EBA)​ដោយ​ផ្តោតលើ​ស្ថានភាព​សិទ្ធិ​នយោបាយ សិទ្ធិ​ពលកម្ម សិទ្ធិ​ដីធ្លី សិទ្ធិសេរីភាព​អង្គការ​សង្គម​ស៊ីវិល​និង​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ​នៅ​កម្ពុជា តាំងពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​។​
 
​ចំណាត់ការ​នេះ​កើតឡើង ក្រោយពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឃុំឃាំង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​បាន​រំលាយ​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​នេះ​នៅ​ខែវិច្ឆិកា​ឆ្នាំ​នោះ និង​ហាមឃាត់​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​ចំនួន​១១៨​នាក់ មិនឱ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ​។​
 
​នៅលើ​ផ្នែក «​សេរីភាព​ក្នុងការ​ចូលរួម​សកម្មភាព​ន​យោ​បា​យ‍​» គណៈកម្មការ​របស់​ស​ហ​ភាព​អឺរ៉ុប​បាន​ពិនិត្យមើល​ផលប៉ះពាល់​ពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ហាមឃាត់​ជន​ណា​ដែល​ជាប់ទោស​ឧក្រិដ្ឋ​មិនឱ្យ​ដឹកនាំ​គណបក្ស ហើយ​បានផ្តល់​អំណាច​ដល់​តុលាការ​កំពូល​ដើម្បី​រំលាយ​គណបក្ស​នោះ​។​


អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៤​រូប​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រាជធានី​ភ្នំពេញ វេលា​ម៉ោង​៧:០០​យប់​ថ្ងៃ​សុក្រ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ (​ផ្តល់​ឲ្យ​ដោយ ម៉ា ចិ​ត្រា​)

​បន្ថែម​ពីនេះ​គឺ​ការធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ដើម្បី​យក​អាសនៈ​ពី​គណបក្ស​ដែល​ត្រូវ​រំលា​យមក​ចែក​ឱ្យ​គណបក្ស​ដទៃ ដែល​ក្នុងនោះ​គឺ​បាន​រឹបអូស​យក​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ដែល​ជាប់ឆ្នោត​ចំនួន​៥០០៧​របស់​គណបក្ស​សង្គ្រោះ​ជាតិ មក​ចែក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ទៅ​គណបក្ស​តូចៗ​ដទៃទៀត​ដែល​មិនបាន​ជាប់ឆ្នោត​។​
 
​បន្ថែម​ពីនេះ គណៈកម្មការ​សហភាព​អឺរ៉ុប​ពិនិត្យមើល​ការចាប់ខ្លួន​សកម្មជន​សហគមន៍​និង​អតីត​សកម្មជន​នយោបាយ​ជា​បន្តបន្ទាប់ ជាពិសេស​ភាគច្រើន​នៃ​អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​តាំងពី​ខែសីហា ឆ្នាំ​២០១៩​មក គឺ​នៅពេលដែល​លោក​សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ដែល​រស់នៅ​នីរ​ទេស​ខ្លួន​ក្រៅប្រទេស​ជាង​៤​ឆ្នាំ បានប្រកាស​ធ្វើ​មាតុភូមិនិវត្តន៍​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​ដើម្បី​ទៅ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​។​
 
​គណៈកម្មការ​សហភាព​អឺរ៉ុប​ក៏បាន​បង្ហាញ​ការខិតខំ​បកស្រាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានធ្វើ​ឡើង​នៅក្នុង​របាយការណ៍​សរុប ចុះ​ថ្ងៃទី​១២ ខែសីហា​ផងដែរ​។ ជំហរ​របស់​កម្ពុជា​ផ្តោត​សំខាន់​គឺ​ការពារ​ចំណាត់ការ​របស់​តុលាការ​កំពូល​ក្នុងការ​រំលាយ​អតីត​គណបក្សប្រឆាំង និង​ការចាប់ខ្លួន​និង​ចោទប្រកាន់​លោក​កឹម សុខា ពីបទ​ក្បត់ជាតិ ដោយសារតែ​អត្ថាធិប្បាយ​ក្នុង​ឃ្លី​ប​វីដេអូ​មួយ​ដែល​លោក​បាន​ថ្លែង​ទៅកាន់​អ្នកគាំទ្រ​តាំងពី​ឆ្នាំ​២០១៣​។​
 
​បន្ថែម​ពីនេះ រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ខិតខំ​ទាញយក​អំណះអំណាង​នានា​ដើម្បីឱ្យ​សហភាព​អឺរ៉ុប​ទទួលយក​ការរំលាយ​នេះ​ថា​ត្រឹមត្រូវ​តាមច្បាប់ ដោយបាន​យោង​ដល់​សំណុំរឿង​ក្នុងពេល​កន្លងមក​នៅ​ប្រទេស​ដទៃ​ដែល​តុលាការ​សិទ្ធិមនុស្ស​សហភាព​អឺរ៉ុប​ទទួលយក​ការរំលាយ​គណបក្ស​នៅក្នុង​ប្រទេស​ទាំងនោះ​។​
 
​បរិយាកាស​នយោបាយ​រឹតត្បិត​
 
​របាយការណ៍​វាយតម្លៃ​របស់​សហភាព​អឺរ៉ុប​បាន​ពិនិត្យ​ព្រឹត្តិការណ៍​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ រហូតដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ ហើយ​បាន​វាយតម្លៃថា​៖
 
«​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ អាជ្ញាធរ​កម្ពុជា​បាន​ចាត់វិធានការ​គាបសង្កត់​ប្រឆាំងនឹង​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា គឺ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​បែបបទ​ដើម្បី​រារាំង​បក្សប្រឆាំង មិនឱ្យ​ចូលរួម​នយោបាយ និង​សិទ្ធិ​បោះឆ្នោត​។ សកម្មភាព​ទាំងនេះ​រួម​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ការចាប់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ ការសម្រេច​របស់​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​​»​។​
 
​គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​បន្ថែមថា រហូតមកដល់​ថ្ងៃ​ចេញ​របាយការណ៍​នេះ បរិយាកាស​នយោបាយ​ក​ម្ពុ​ជា​នៅតែ​ត្រូវបាន​រឹតត្បិត​យ៉ាងខ្លាំង សិទ្ធិ​នយោបាយ​របស់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ត្រូវបាន​បដិសេធ អាជ្ញាធរ​កម្ពុជា​នៅ​បន្ត​ចាប់ខ្លួន​សមាជិក​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជា​ត‍ិ​។​
 
​របាយការណ៍​នោះបាន​សន្និដ្ឋានថា​៖
 
«​ផ្អែកលើ​ព្រឹត្តិការណ៍​និង​ការវាយតម្លៃ​ដែល​បាន​រៀបរាប់​ជូន​ខាងលើ គណៈកម្មការ​ពិចារណា​ថា​កង្វះ​សកម្មភាព​ផ្សះផ្សារ​ថែមទៀត​ពី​រដ្ឋាភិបាល មានការ​រំលោភ​ជា​ប្រព័ន្ធ​និង​ធ្ងន់ធ្ងរ​ដល់​គោលការណ៍​ដែល​មានចែង​ក្នុង​មាត្រា​២៥​នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​។ រហូតមកដល់​ថ្ងៃនេះ គណៈកម្មការ​មិនឃើញ​មាន​ភស្តុតាង​ថា​កម្ពុជា​បាន​ចាត់វិធានការ​ចាំបាច់​ដើម្បី​ដោះស្រាយ​ការរំលោភ​ទាំងនោះ​នៅឡើយ​ទ‍េ​»​។​
 
​ក្រោយពី​របាយការណ៍​នេះ​បានចេញ រដ្ឋាភិបាល​កម្ពុជា​បាន​ដោះលែង​សកម្មជន​សហគមន៍​និង​អតីត​សកម្មជន​គណបក្សនយោបាយ​ចំនួន​៧០​នាក់​ឱ្យនៅ​ក្រៅ​ឃុំ​។ នៅមុន​នោះ​ចំនួន​ពីរ​ថ្ងៃ តុលាការ​ក៏បាន​បន្ធូរបន្ថយ​លក្ខ​ខណ្ឌ​ឃុំឃាំង​លោក​កឹម សុខា ដោយ​អនុញ្ញាតឱ្យ​លោក​ធ្វើដំណើរ​ជុំវិញ​ប្រទេស ប៉ុន្តែ​មិនឱ្យ​ទៅ​ក្រៅប្រទេស ឬ​ធ្វើ​សកម្មភាព​នយោបាយ​ឡើយ​។​


​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក Patrick Murphy និង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រដ្ឋាភិបាល​បាន​រំលាយ បាន​ថ្លែង​សារ​ទៅកាន់​អ្នកសារព័ត៌មាន នៅ​គេហដ្ឋាន​របស់លោក​កឹម សុខា ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ (​ខាន់ សុ​គុំ​មនោ​/VOA)


​លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​តុលាការ​រំលាយ ផ្តល់​បទសម្ភាសន៍​ដល់​សារព័ត៌មាន Reuters នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​គូ​ឡា​ឡំ​ពួរ នៃ​ប្រទេស​ម៉ាឡេស៊ី នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក​សម រង្ស៊ី ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បានបញ្ជាក់​ក្នុង​កម្មវិធី​ហេ​ឡូ​វី​អូ​អេ​កាលពី​សប្តាហ៍​មុន ក្រោយពី​គម្រោង​មាតុភូមិនិវត្តន៍​របស់​លោក​មិនបាន​ជោគជ័យ​ថា​៖
 
«​យើង​ឃើញថា លោក​ហ៊ុន សែន កំពុងតែ​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ជាពិសេស​ពី​សហភាព​អឺរ៉ុប​។ ទោះបីជា​លោក​ហ៊ុនសែន​មិន​ធ្វើ​អ្វី​ឱ្យគេ​ជឿទុកចិត្ត​បាន តែ​គាត់​មិនអាច​នៅ​ស្ងៀម​ទេ គាត់​ត្រូវតែ​បំពេញចិត្ត​សហគមន៍​អន្តរជាតិ បើ​មិន​ដូច្នេះ​ទេ គេ​នឹង​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហៅថា EBA ។ ពេលនោះ​សេដ្ឋកិច្ចកម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់​ណាស់ ហើយ​លោក​ហ៊ុន សែន ជា​អ្នក​ទទួលខុស​ត្រូ​វ‍​»​។​
 
​រក្សា​អធិបតេយ្យភាព​
 
​ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​ពួកគេ​វិញ ប្រសិនបើ​មាន​អ្នកណាម្នាក់​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ថា ការដោះលែង​នោះ​គឺ​ដោយសារ​សម្ពាធ​អន្តរជាតិ​ហើយ​ថា​កម្ពុជា​សុខចិត្ត​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ តែ​មិនឱ្យ​បាត់បង់​អធិបតេយ្យភាព​របស់​ជាតិ​ឡើយ​។​
 
​លោក​ហ៊ុន សែន បន្ថែមថា​៖
 
«​យើង​មិនអាច​យក​អធិបតេយ្យ​របស់​យើង​ទៅ​ដោះដូរ​ជាមួយនឹង​ជំនួយ ឬ​ការអនុគ្រោះ​ណា​ទេ​។ អ្វីដែល​យើង​ខិតខំ​ធ្វើបាន យើង​ធ្វើ តែ​អ្វីដែល​យើង​ធ្វើ​មិនបាន គឺ​អត់​ទេ​។ ទីផ្សារ​នៅតែ​ជាទី​ផ្សារ គ្រាន់តែ​ពេលមុន​អត់​បង់ពន្ធ ឥឡូវ​ត្រូវ​បង់ពន្ធ​»​។​
 
​ទោះជា​យ៉ាងណាក៏ដោយ លោក​ដូ​ណា​ល់ ត្រាំ (Donald Trump) ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ផ្ញើលិខិត​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​ប្រាប់​ឲ្យ​ដាក់​ប្រទេស​កម្ពុជា​មកលើ​មាគ៌ា​អភិបាលកិច្ច​ប្រជាធិបតេយ្យ​ឡើងវិញ​។ នេះ​បើតាម​លិខិត​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បាន​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​
 
​លោក​ប្រធានាធិបតី ត្រាំ បាន​បញ្ជាក់ថា សហរដ្ឋអាមេរិក​គោរព​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា និង​មិន​ស្វះស្វែង​ឲ្យ​មានការ​ផ្លាស់ប្តូរ​របប​នោះទេ ហើយ​លោក​បានបង្ហាញ​ពី​ជំនឿ​យ៉ាង​មុតមាំ​ថា ការប្តេជ្ញាចិត្ត​ចំពោះ​លទ្ធិប្រជាធិបតេយ្យ សេរីភាព​បុគ្គល និង​នីតិរដ្ឋ គឺជា​មាគ៌ា​ល្អ​បំផុត​សម្រាប់​សន្តិភាព ស្ថិរភាព និង​វិបុលភាព​សម្រាប់​ប្រជាជាតិ​ទាំងអស់​។​
 
​លោក ត្រាំ សង្ឃឹមថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹង​វាយតម្លៃ​ឡើងវិញ​នូវ​ការសម្រេចចិត្ត​មួយចំនួន ដែល​ធ្វើឡើង​ក្នុងពេល​កន្លងមក​ដែល​សហរដ្ឋអាមេរិក​ជឿជាក់ថា​នឹង​បង្ក​ហានិភ័យ​«​យ៉ាងខ្លាំង​ដល់​អធិបតេយ្យភាព ស្ថិរភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែងរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា​»​។​
 
​លោក​ឱក សេរី​សោ​ភក្តិ៍ អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ សម្តែង​សុទ្ទិដ្ឋិនិយម​ថា​ស្ថានការណ៍​នយោបាយ​និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​អាច​ចរចា​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​មុន​ពេលដែល​សហភាព​អឺរ៉ុប​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​«​គ្រប់មុខ​ទំនិញ​លើកលែង​ស​ព្វា​វុ​ធ‍​» ឬ (EBA)​។ សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ដោយ​ទទួល​ទិញ​ទំនិញ​ជិត​៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ហើយ​តាមរយៈ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​របស់​កម្ពុជា​បាន​រួច​ពន្ធ​ក្នុង​ទឹកប្រាក់​ជិត​៧០០​លាន​ដុល្លារ​។​
 
​អ្នកវិភាគ​រូបនេះ​មើលឃើញថា រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រើប្រាស់​យន្តការ​ជាច្រើន​ដើម្បី​ដោះស្រាយ​ដែរ បើទោះបីជា​នៅ​ចំពោះមុខ​សាធារណជន​រដ្ឋាភិបាល​បានបង្ហាញ​ជំហរ​រឹងរូស​ក៏ដោយ​។​
 
​ប៉ុន្តែ​លោក សោ​ភក្តិ៍ បាន​ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា​នៅតែ​មិន​រក​ដំណោះស្រាយ​ឱ្យបាន​មុន​ឱសានវាទ​ត្រឹម​ដើមឆ្នាំ​ក្រោយ​ទេ នោះ​កម្ពុជា​ប្រហែលជា​នឹង​បាត់បង់​ឱកាស​ទទួលបាន​ការ​លួងលោម​ពី​សហគមន៍​អន្តរជាតិ ហើយ​លទ្ធភាព​នៃ​ការដាក់ទណ្ឌកម្ម​នឹង​កាន់​តែមាន​ច្រើន​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com